ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រិះគន់​មេឃុំ​ស្នឹង​អត់​ដោះ​ស្រាយ​រឿង​អ្នក​បោច​មាន់​​បង្ហូរ​ទឹក​ស្អុយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារដែល​រស់នៅ​ពឹង​អាស្រ័យ​ទឹក​លើ​ប្រព័ន្ធ​ប្រឡាយ​ស្រោច​ស្រព​របស់​«​ចិន​»​ដែល​ឆ្លងកាត់​ពី​ភូមិ​ស្នឹង​កើត ភូមិ​គរ និង​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​ប្រតិកម្ម​រិះគន់​អាជ្ញាធរ​ភូមិ-ឃុំ​ថា មិន​អើពើ និងមិន​ព្រម​ជួយ​រក​ដំណោះស្រាយ​នូវ​សំណូមពរ…

ខេត្តបាត់ដំបង ​៖ ពលរដ្ឋ​ជា​ច្រើន​គ្រួសារដែល​រស់នៅ​ពឹង​អាស្រ័យ​ទឹក​លើ​ប្រព័ន្ធ​ប្រឡាយ​ស្រោច​ស្រព​របស់​«​ចិន​»​ដែល​ឆ្លងកាត់​ពី​ភូមិ​ស្នឹង​កើត ភូមិ​គរ និង​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​ប្រតិកម្ម​រិះគន់​អាជ្ញាធរ​ភូមិ-ឃុំ​ថា មិន​អើពើ និងមិន​ព្រម​ជួយ​រក​ដំណោះស្រាយ​នូវ​សំណូមពរ ឬទុក្ខ​កង្វល់​របស់​ពលរដ្ឋ ដែល​បាន​ស្នើរ​ម្ដង​ហើយ ម្ដងទៀត​សុំ​ឲ្យ​ជួយ​ដោះស្រាយចំពោះ​ទីតាំង​ធ្វើ​អាជីវកម្ម​«បោច​មាន់​និង​កាប់​ជ្រូក​លក់» មួយ​កន្លែង ដែល​តែង​បង្ហូរ​កាក​សំណល់​ស្អុយរលួយ​ចូល​ក្នុង​ប្រឡាយ​ទឹក​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ត្រង់​ចំណុច ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់​។

ប្រព័ន្ធ​ប្រឡាយ​ទឹក​នោះបាន​ហូរ​ពី​ខាងត្បូងទៅ​ខាងជើង ចូល​ប្រសព្វ​គ្នា​នឹង​ប្រឡាយ​ចិន ត្រង់​ចំណុច​ភូមិ​ស្នឹង​កើត ផ្លូវ​ទៅ​កើត​ (​ភ្នំ​ចាក់​អង្កាម​) ហើយ​ទីតាំង​ធ្វើ​អា​ជី​កម្ម​«​បោច​មាន់​និង​កាប់​ជ្រូក​លក់​» នោះ​ស្ថិត​នៅ​ក្បែ​ង​កែង​ប្រឡាយ​ប្រសព្វ​នោះ​តែ​ម្ដង​។ បើ​តាម​កាពិ​និត្យ​ជាក់ស្ដែង ប្រព័ន្ធ​ទឹក​នេះ​បាន​ហូរ​ពី​ខាងត្បូងខាងកើត ឆ្ពោះទៅ​ទិស​ខាងជើង​តាម​ប្រឡាយ​ចិន​។ ប៉ុន្តែ​មិនមែន​មាន​តែ​ប៉ុន្មាន​ភូមិ​ខាងលើ នៃ​ឃុំ​ស្នឹង​ទេ គឺ​វា​អាច​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ​ទៀត​ផង​។

បើ​តាម​អ្នក​ភូមិ​បាន​ប្រាប់​ថា ម្ចាស់​ទីតាំង​បោច​មាន់​ដ៏​ធំដុំ​គួរសម ឈ្មោះ ម៉ា​ប់ ម៉​ន ភេទ​ប្រុស​។ អាជីវកម្ម​នេះ​ក្នុង​មួយ​យប់​ៗ អាច​សម្លាប់​មាន់​លក់​រាប់​ពាន់​ក្បាល និងកាប់​ជ្រូក​លក់​រាប់​សិប​ក្បាល​ទៀត ដែល​ដំណើរការ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ អ្នក​ភូមិ​និយាយ​ថា ឈ្មោះ ម៉ា​ប់ ម៉​ន នេះ​ ហាក់​មិន​កោតក្រែង​អ្នក​ភូមិ​នៅ​ក្បែរ​ខាង​ទេ​។ បុគ្គល​នេះ​បាន​បង្ករ​ផល​ប៉ះពាល់​គ្រប់​បែប​យ៉ាង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ តាម​រយះ​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ពិសេស​ការ​ដុត​កាក​សំណល់ និង បង្ហូរ​កាក​សំណល់​ស្អុយ​ចូល​ទឹក​។

អ្នក​ភូមិ​បាន​បញ្ជាក់​ថា នៅ​ខែវស្សា ជន​នេះ​បាន​បង្ហូរ​កាក​សំណល់​ស្អុយរលួយ (​រោម​មាន់ និងកាក​សំណល់​ផ្សេង​ៗ) តាម​បំពង់​បង្ហូរ​ដែល​កប់​ក្នុង​ដី​ចូល​ក្នុង​ប្រឡាយ​ទឹក ដែល​​អ្នក​ភូមិ​ប្រើប្រាស់ ។ លុះដល់​ខែប្រាំង​ជន​នេះ ប្រមូល​កាក​សំណល់​ទាំងនេះ​ដុត​បង្ក​ឲ្យ​មាន​ផ្សែងហុយ​ជះ​ក្លិន​ឈ្ងៀម​ស្ទើរ​ពុល​ពេញ​ភូមិ ​។ អ្នក​ភូមិ​បាន​រាយ​ការ​ណ៍​អំពី​ករណីប្ដឹង​ទៅ​អាជ្ញាធរ​ដែនដី​ជា​បន្តបន្ទាប់ តែ​គ្មាន​លោក​មន្ត្រី​ណា​ខ្វាយខ្វល់ និង​អើពើ​ចំពោះ​បណ្ដឹង​ពលរដ្ឋ ឬ មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ឡើយ​។ ទីបំផុត​ បាន​ត្រឹម​តែ​ហៅ​បង្ក​បញ្ហា​នោះ​ទៅ​សួរនាំ ហើយ​ស្ងាត់ឈឹង​។ រហូត​ដល់​ពេល​នេះ ជន​នេះ​នៅ​តែ​បង្ក​ផល​ប៉ះពាល់ និង ធ្វើទុក្ខ​បុ​ម្នេញ​ដល់​ពលរដ្ឋ​ជា​ច្រើន​ភូមិ​ដដែល តាមរយៈ​ការ​បង្ហូរ​កាក់​សំណល់​ស្អុយរលួយ​ចូល​ក្នុង​ប្រឡាយ​ទឹក​ប្រើប្រាស់ និងទុកកាក​សំណល់​ជះ​ខ្លិ​ន​មិនល្អ​ចូល​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ ស្ទើរ​មិន​អាច​រស់នៅ​កើត​។

កោះសន្តិភាពមិន​ទាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​អាជីវកម្ម​បោច​មាន់ និងកាប់​ជ្រូក​លក់ខាងលើ​នេះបាន​ភ្លាម​ៗ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ថូ ណា​រ៉េ​ត មេ​ភូមិ​ស្នឹង​កើតបាន​បដិសេធ​ថា ពលរដ្ឋ​មិន​ដែល​ធ្លាប់​យក​សំណុំរឿង​របស់​បុគ្គល​ឈ្មោះ ម៉ា​ប់ ម៉​ន បង្ហូរ​កាក​សំណល់​ស្អុយរលួយ​ចូល​ប្រឡាយ​ទឹក មក​រាយ​ការ​ណ៏​ប្រាប់​លោក​ម្ដងណា​ទេ ឬ មួយ​ពលរដ្ឋ​រាយ​ការ​ណ៏​ប្ដឹង​ទៅ​ខាង​ឃុំ ? លោក​មេ​ភូមិ រូប​នេះ បាន​ប្រាប់​កោះសន្តិភាព នៅ​តាម​ផ្លូវ ខណៈ​ពេល​ដែល​លោក​កំពុង​ជិះ​ម៉ូតូ​ទៅ​ស្រែ​ ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ទេ​» នៅ​ពេល​សួរនាំ​អំពី​ម្ចាស់​ទីតាំង​បោច​មាន់ ឈ្មោះ​ម៉​ន បង្ហូរ​កាក​សំណល់​ស្អុយរលួយ​ចូល​ប្រឡាយ​ទឹក​ខាងលើ​។ ប៉ុន្តែ​ស្រប​ពេល​នោះ ។ លោក​បាន​ប្រាប់​ថា « ខ្ញុំនឹង​ជិះ​ម៉ូតូ​ឈៀង​ចូល​ទៅ​ពិនិត្យ​ទីតាំង​ចោល​កាក​សំណល់​ទាំងនោះ ព្រោះ​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ស្រែ តាម​ផ្លូវ​ក្បែរ​ទៅ​
នោះ​ដែរ​»​។

ដោយឡែក លោកស្រី កិ​ម គឹ​ម​អាន មេឃុំ​ស្នឹង វិញ​បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ដោយ​លោកស្រី​ទ​ទូល​ស្គាល់​ថា តាម​ពិត​រឿង​អ្នក​បោច​មាន់ ចោល​កាក​សំណល់​ចូល​ប្រឡាយ​ទឹក​នោះ គឺ​បាន​កើតឡើង​ច្រើន​ឆ្នាំ​ហើយ តែ​កាលនោះ លោកស្រី​មិន​ទាន់​ជាប់​ឈ្មោះ​ជា​មេឃុំ​នៅឡើយ​ទេ​ ។ លោកស្រី​បាន​បញ្ជាក់​ថា កាលពី​ចុងឆ្នាំ​២០១៧ ក្រោយ​លោកស្រី​ជាប់​ឈ្មោះ​មេឃុំ លោកស្រី ក៏​បាន​ហៅ​ម្ចាស់​ទីតាំង​បោច​មាន់​នោះ មក​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​គាត់​ប​ញ្ឍ​ប់​ចោល​កាក​សំណល់​ពាស​វាល​ពាស​កាល​បែប​នេះ ថែម​ទាំង​បាន​ធ្វើ​កិច្ចសន្យា​ទៀត​ផង តែ​ជន​នេះ​មិន​គោរព​។

ត្រង់​ចំណុច​បង្គាប់​ឲ្យ​ម្ចាស់​ទីតាំង​បោច​មាន់ ឈ្មោះ ម៉​ន ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​នូវ​ទ​ង្វើ​បំពាន​ច្បាប់ តែ​ពេល​នេះ ជន​នេះ​នៅ​តែ​បំពាន​លើ​កិច្ចសន្យា​នោះ​ដដែល​ទៀត លោក​ស្រី កិ​ម គឹ​ម​អាន មេឃុំ​ស្នឹង បាន​ពន្យល់​ដូច្នេះ​ថា «​ដោយសារ​ខ្ញុំ មិន​រស់នៅ​ក្នុងភូមិ​នោះ ទើប​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​មិន​បានដឹង​ថា រឿង​នេះ​កើ​ឡើង​ដដែល​វិញ​។ ពេល​នេះ​ខ្ញុំ បាន​ចុះ​ពិនិត្យ​ផ្ទាល់ ឃើញ​ថា ពិតជា​មានការ​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​ប្រឡាយ​ទឹក​នេះ​មែន​»​។ លោកស្រី មេឃុំ​បាន​និយាយ​ថា បើ​តាម​ពិនិត្យ​ជាក់ស្ដែង ការ​បង្ហូរ​កាក​សំណល់​កខ្វក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ប្រើប្រាស​នេះ មិន​ត្រិ​ម​តែ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​មួយ​ចំនួន ក្នុង​ឃុំ​ស្នឹង ប៉ុណ្ណោះ​ទេ គឺ​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ ទៀត​ផង ហើយ​ពេល​នេះ​អ្នកស្រី​កំពុង​ចាំ​ជួប​ម្ចាស់​ទីតាំង ដើម្បី​ដោះស្រាយ​ហើយ​។

ទោះ​យ៉ាងនេះ​ក្ដី ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​កាក​សំណល់​ស្អុយ​រលួយ ខាងលើ​នេះ បាន​ប្រមា​ន​ថា ប្រសិនបើ​លោក​មេ​ភូមិ​ស្នឹង​កើត និង លោកស្រី​មេឃុំ​ស្នឹង មិន​ចាត់វិធានការ​ចំពោះ​ទីតាំង​បោច​មាន់ និង កាប់​ជ្រូក​លក់ របស់ លោក​ដង្ខៅ​មាន់ឈ្មោះ ម៉​ន នេះ​ទេ ពួក​គេ​នឹង​ធ្វើ​ញតិ​ផ្តិត​មេដៃ ប្ដឹង​ទៅ​រដ្ឋបាល​ខេត្ត និង មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ឲ្យ​ជួយ​អន្តរា​គម​ន៍​រឿង​នេះ​។ ព្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ទាំងនោះ មិន​អាច​តស៊ូ​ទ្រាំ​រស់​ផឹកទឹក​សម្អុយ ឬ ដេក​ហិត​ខ្លិ​ន​ស្អុយ​កាក​សំណល់​របស់​លោក​ដង្ខៅ ម៉​ន បន្ត​ទៀត​ទេ​។ ប៉ុន្តែ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោកស្រី កិ​ម គឹ​ម​អាន មេឃុំ​ស្នឹង បាន​សន្យា​ថា លោកស្រី​នឹង​អញ្ជើញ​ម្ចាស់​ទីតាំង​នេះ​តាម​ផ្លូវច្បាប់ ដើម្បី​ធ្វើការ​ណែនាំ​ឲ្យ​ជន​នេះ កាយ​កាក​សំណល់​ស្អុយរ​លួច​ទាំងអស់ ចេញពី​ប្រឡាយ​ទឹក និង​ឲ្យ​បុគ្គល​នេះ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ប្រព្រឹត្ត​ល្មើស​ជា​លើក​ទី​២​។ ប៉ុន្តែ​បើ​ជន​នេះ​មិន​ព្រម​ស្ដាប់​ឬ​មិន​គោរព​កិច្ចសន្យា​ថ្មី​នេះ​ទេ លោកស្រី​នឹង​ធ្វើ​បណ្ដឹង​ទៅ​ថ្នាក់លើ និង មន្ទីរ​បរិស្ថាន ដើម្បី​ចាត់​វិធាន​តាម​ផ្លូវ​តុលាការ​តែ​ម្ដង​។

ពលរដ្ឋ​សង្ឃឹមថា ការ​សម្រេច​អនុវត្ត​ច្បាប់​ជា​ថ្មី និងជា​លើក​ទី​២ របស់​លោកស្រី​មេឃុំ​ស្នឹង​នេះ នឹង​មាន​ប្រសិទ្ធភាព ហើយ​ពលរដ្ឋ​នឹង​តាម​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​របស់​លោកស្រីមេឃុំ​នេះ​ថា តើ​មាន​ប្រសិទ្ធ​ឬ​អត់ ? ហើយ​តើ​មាន​អាយុ​វែង​ប៉ុនណា ? ព្រោះ​កាល​អនុវត្ត​លើក​ទី​១ កាលពី​៣​ឆ្នាំ​មុន មាន​អាយុ​ត្រឹម​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ស្រាប់​តែ​លោក​ដង្ខៅ​មាន់ ឈ្មោះ ម៉ា​ប់ ម៉​ន នេះ ​បង្កើន​សកម្មភាព​បង្ហូរ​កាក​សំណល់​ចូល​ទឹក និងដុត​កាក​សំណល់​សម្អុយ​គេ​ពេញ​ភូមិ​ដដែល​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

អត្ថបទសរសេរ ដោយ