ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ជា​រដូវ​​ហាម​​នេសាទ​ក៏​ដោយ ​តែ​ក្រុម​ជនល្មើស​ហាក់​មិន​ខ្លាចរអា

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ទោះបី​ជា​​ក្នុង​រដូវ​បិទ​នេសាទ​ ដោយ​ហាម​មិន​អោយនេសាទ​ចាប់ពី​ថ្ងៃ​ទី ១ ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី ៣០​កញ្ញា ២០២០ បែប​នេះ​ក្តី​ ក៏​គេសង្កេតឃើញ​មាន​ក្រុម​ជនខិលខូច​មួយ​ចំនួន​បាន​លួច​នេសាទ​ទាំង​យប់​ទាំង​ថ្ងៃ…

ខេត្តកំពង់ចាម​ ៖ ទោះបី​ជា​​ក្នុង​រដូវ​បិទ​នេសាទ​ ដោយ​ហាម​មិន​អោយនេសាទ​ចាប់ពី​ថ្ងៃ​ទី ១ ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី ៣០​កញ្ញា ២០២០ បែប​នេះ​ក្តី​ ក៏​គេសង្កេតឃើញ​មាន​ក្រុម​ជនខិលខូច​មួយ​ចំនួន​បាន​លួច​នេសាទ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ចាប់​ត្រី​តូច​ធំ​នៅ​តាម​ដង​ទន្លេមេគង្គ ដែល​មាន​ចាប់ពី​ស្រុក​ស្ទឹង​ត្រង់ រហូត​ដល់​ស្រុក​ស្រី​សន្ធរ​ ។ ចំណែក​មន្ត្រី​ជលផល​វិញ​បាន​អះអាង​ថា ក៏​មាន​ភាព​សកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ផង​ដែរ រហូត​ដល់​មាន​​​ការ​ចា​ប់​បញ្ជូនជនល្មើស​​ទៅ​សាលាដំបូង​ខេត្ត​ទៀត​ផង​។

តាម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ប្រាប់​ឲ្យ​ដឹង​ថា​ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​រដូវវស្សា​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១ ​មិថុនា ២០២០ ជំនាញ​រដ្ឋបាល​ជលផល បាន​ចេញ​សេចក្តី​ប្រកាស ដោយ​មិន​ឲ្យ​ធ្វើការ​នេសាទ​នោះ​ទេ ព្រោះ​ជា​រដូវ​ត្រី​ពង ​។ ​ទោះបី​ជា​បែប​នេះ​ក្តី ក៏​មាន​ក្រុម​អ្នកនេសាទ​ខិលខូច​មួយ​ចំនួន​បាន​ប្រើប្រាស់​ទូក​ម៉ាស៊ីន​អូស​ចាប់​យក​ត្រី​មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ ហើយ​បើ​តាម​ការ​សង្កេត​ជាក់ស្ដែង គឺ​មាននៅ​តាម​ដង​ទន្លេ​ស្រុក​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ រហូត​ដល់​ស្រុក​ស្រី​សន្ធរ ​ក្នុង​នោះ​ទូក​ម៉ាស៊ីន​អូស​យក​ខ្ចៅ​មាន​ជា​ច្រើន​គ្រឿង​ហាក់បីដូចជា​មិន​ខ្លាច​នឹង​ជំនាញ​ជលផល​។

ប្រជាពលរដ្ឋ​បាន​ត្អូញ​​ត្អែរ​​ថា នៅ​ចំណុច​ដង​ទន្លេ​ក្នុងស្រុក​កងមាស កាលពីមុន​ឱ្យ​តែ​រដូវ​ទឹកទន្លេ​ឡើង​ គាត់​ដាក់​លប​ឬ​ទ្រូ​នៅ​តាម​មាត់ទន្លេ​គឺ​បាន​ត្រី​តូច​ត្រី​ធំ​សម្រាប់​យក​មក​ធ្វើ​ម្ហូប​ក្នុង​ក្រុម​គ្រួសារ ។ ​តែ​ចាប់តាំងពី​ពេល​ដែល​មាន​សកម្មភាព​អូស​យ៉ាំ​ង​កាវ មិន​ថា​យប់​ឬ​ថ្ងៃ​ដើម្បី​ចាប់​យក​ត្រី​គ្រប់​ប្រភេទ នៅ​តាម​ទន្លេមេគង្គ​មានការ​ថមថយ​ត្រី ដោយសារ​តែ​គេ​លួច​ប្រើប្រាស់ ឧបករណ៍​នេសាទ​ក្នុង​រដូវ​ហាមឃាត់ ។​ ដោយសារ​តែ​កត្តា​បែប​នេះ​ហើយ​ទើប​ធ្វើ​អោយ​ត្រី​កាន់តែ​ខ្សត់​ទៅ​ៗ ហើយ​ពួក​គាត់​ដាក់​លប​ឬ​ទ្រូ ត្អូញត្អែរ​ថា​ដាក់​មិន​បាន​ត្រី​នោះ​ទេ ជួន​ត្រូវ​ទិញ​ត្រី​ចិញ្ចឹម​យក​មក​ហូប​ជំនួស​វិញ​។ ​តាម​ការ​សង្កេត​ដោយ​ផ្ទាល់​ កម្រ​នឹង​ឃើញ​ជំនាញ​រដ្ឋបាល​ជលផល ចុះ​មក​បង្ក្រាប​។​ពោល​គឺ​ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​តែងតែ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ចាប់​យក​ត្រី​ស្ទើរតែ​រាល់ថ្ងៃ​។

លោក​អ៊ុ​ក ណា​រិ​ន ប្រធាន​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​សីហា ២០២០ នេះ​​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ឲ្យ​មន្ត្រី​ជំនាញ​ជលផល យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ និង​អ្នក​រំលោភ​យក​ដី​ព្រៃ​លិច​ទឹកជា​ដើម​។ ​តាម​គោលការណ៍​នៅ​ក្នុង​រដូវ​បិទ​នេសាទ​ដោយ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​១ មិថុនា នឹង​បន្ត​ដល់​ថ្ងៃទី​៣០ កញ្ញា​២០២០​។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​បន្ត​ថា ចាប់តាំងពី​ដើមឆ្នាំ​រហូត​មក​ដល់​ថ្ងៃ​ទី​២៤ សីហា ២០២០ កម្លាំង​របស់​លោក​បាន​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ ក្នុង​នោះ​រួម​មាន​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​និង​ព្រៃ​កសិកម្ម ចំនួន​៤​ករណី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផង​ដែរ​។ ចំពោះ​ការ​ចោទប្រកាន់​ថា​នៅ​ពេល​យប់​តាម​ដង​ទន្លេមេគង្គ មាន​សកម្មភាព​អូស​យ៉ាង​កាវ ក្នុង​រដូវ​បិទ​នេសាទ​នោះ​មិន​មាន​នោះ​ទេ​ ​ដោយ​កម្លាំង​ជលផល​បាន​បើកកាណូត​ល្បាត​ចេញពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ តាម​ដង​ទន្លេមេគង្គ​។​

លោក​បាន​បន្ត​ថា ​សក​ម្ម​ភាពក្រុមជនល្មើស​​ប្រើ​ទូកល​ម៉ាស៊ីន អូស​យក​ខ្ចៅ​នៅ​តាម​ដង​ទន្លេ​ក៏​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ និង​ចាប់​បញ្ជូន​ទៅ​តុលាការ​ដោយ​ធ្វើការ​ផាកពិន័យ តាម​ច្បាប់​អន្តរកាល ហើយ​ចាប់តាំងពី​ពេល​នោះ​មក បទល្មើស​នេសាទ​មានការ​ថមថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

បើ​តាម​ការ​កត់សម្គាល់​ជាក់ស្ដែង ​ត្រី​ទន្លេមេគង្គ​មិន​អាច​ទ្រទ្រង់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម​បាន​ទាំងស្រុង​នោះ​ទេ ដោយ​ក្នុង​នោះ​ត្រូវ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង​និង​មួយ​ផ្នែក​ទៀត​ជា​ប្រភេទ​ត្រី​ចិញ្ចឹម​នៅ​ក្នុងស្រុក ដើម្បី​បំពេញតម្រូវការ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​​ប្រជា​ពលរដ្ឋ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ