ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្បិត​តែ​​ឃើញ​ឡើង​សន្ទុះ! តែ​កីឡា​ការិនី​ម្នាក់​ៗ​​ថ្ងូរ​ថា​ ចង់​ដាច់​បាយ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ នៅ​ក្នុង​វិស័យ​ប្រដាល់​នារី មាន​នារី​ក្មេង​ៗ​ច្រើន​ឡើង​បាន​បង្ហាញ​សមត្ថភាព និង​ឆន្ទៈ​ចង់​ក្លាយជា​កីឡាការិនី​ប្រដាល់​គួរ​ឱ្យ​សរសើរ ។ ប៉ុន្តែ​គេ​នៅ​តែ​មើល​ឃើញ​ថា កីឡាការិនី​ថ្មី​ៗ​ទាំងនោះ នៅ​មិន​ទាន់​អាច​ផ្ដួល​កីឡាការិនី​៤​រូប…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ នៅ​ក្នុង​វិស័យ​ប្រដាល់​នារី មាន​នារី​ក្មេង​ៗ​ច្រើន​ឡើង​បាន​បង្ហាញ​សមត្ថភាព និង​ឆន្ទៈ​ចង់​ក្លាយជា​កីឡាការិនី​ប្រដាល់​គួរ​ឱ្យ​សរសើរ ។ ប៉ុន្តែ​គេ​នៅ​តែ​មើល​ឃើញ​ថា កីឡាការិនី​ថ្មី​ៗ​ទាំងនោះ នៅ​មិន​ទាន់​អាច​ផ្ដួល​កីឡាការិនី​៤​រូប ដែល​បាន​ឈរជើង​ល្បី​ល្បាញ​ជា​យូរ​មក​ហើយ​នោះ​បាន​ទេ ជា​ពិសេស​នៅ​ពេល​កីឡាការិនី​ចាស់​ៗ​ទាំង​៤​នៅ​តែ​ទទួល​ប្រកួត និង​បន្ត​ធ្វើ​ជា​កីឡាការិនី​ក្នុង​ក្រុម​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​នារី ។ យ៉ាងណា​ក៏​ដោយ​​មិន​ថា​កីឡា​ការិនី​ចំណូល​ថ្មី ឬ​អ្នក​ល្បី​ទាំង​៤​រូប​នោះ​ទេ គឺ​សុទ្ធតែ​ថ្ងូរ​ថា​មិន​អាច​រក​ចំណូល​បាន​ពី​អាជីព​មួយ​នេះ ដើម្បីរ​ស់បាន​សមរម្យ​ទាំងអស់​។

អេ យ៉ា​នុ​ត បើ​ទោះជា​មើលទៅ​មាន​ទីផ្សារ​ចេញ​ប្រកួត​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ញឹកញាប់ ប៉ុន្តែ​ចំណូល​ពី​អាជីព​ប្រដាល់ មិន​អាច​ឱ្យ​នាង​រស់​កើត​នោះ​ទេ ។ សព្វថ្ងៃ​នាង​ពឹងផ្អែក​មួយ​ផ្នែក​លើ​ចំណូល​ពី​ការ​បង្ហាត់​សិស្ស​ជាមួយ​ម្ដាយ និង​ឪពុក​ប៉ុណ្ណោះ ខណៈ​ដែល​នាង​ក៏​រស់​ក្រោម​បន្ទុក​ឪពុក​ម្ដាយ​នៅឡើយ ថ្វី​ដ្បិត​ឱកាស​បាន​ចេញ​ប្រកួត​ម្ដង​ៗ ជួយ​ឱ្យ​នាង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ច្រើន​គួរសម​ក្ដី ។ នោះ​គឺ​ដោយសារ​តែ​ការ​ប្រដាល់​ក្នុងស្រុក គឺ​ស្ទើរ​មិន​មាន​តែ​ម្ដង ដោយ​រង់​ចាំតែ​ឱកាស​ចេញ​ប្រកួត​តំណាង​ជាតិ ឬ​ប្រដាល់​ដាក់​ទ្រុង ដែល​មួយ​ឆ្នាំ​អាច​មាន​តែ​ម្ដង ឬ​ពីរ​ដង ។

អេ យ៉ា​នុ​ត គឺជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល ដែល​មាន​ឱកាស​ស្នង​ប្រដាល់​ពី​ឪពុក​ដោយសារ​តែ​ទេពកោសល្យ និង​ក្ដី​ស្រឡាញ់ ។ នាង​ធ្លាប់​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​លើក​មក​ហើយ ដោយ​មិន​រាប់​បញ្ចូល​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នោះ​ផង ។ ប្រទេស​ដែល​នាង​ធ្លាប់​ទៅ​ប្រកួត​រួម​មាន ចិន ថៃ ភូមា វៀតណាម និង​មាន​សមត្ថភាព​ក្នុង​ការ​បង្វឹក​ផ្នែក​ប្រដាល់ និង​ផ្នែក​ល្បុក្កតោ​ផង​ដែរ​។ ជាមួយនឹង​ចំណូល​ប្រដាល់​មិនសូវ​កាក់កប ទើប​ម្ដងម្កាល​នាង​តែង​ប្រកាស​លាឈប់ ប៉ុន្តែ​បណ្ដាល​មក​ពី​នាង​នៅ​សិក្សា មិន​ទាន់​មាន​លទ្ធភាព​រក​ការងារ​ផ្សេង​នៅឡើយ ទើប​នាង​នៅ​តែ​លឹប​ល ។

អេ យ៉ា​នុ​ត បញ្ជាក់​ថា ក្រោយ​ពេល​រៀប​ការ និង​រៀន​ចប់​វិទ្យាល័យ នាង​នឹងពិចារណា​បង្កើត​មុខរបរ​មួយ​ជំនួស​ឱ្យ​អាជីព​នេះ ដោយសារ​តែ​ទីផ្សារ​ប្រដាល់​នារី​មិន​អាច​ពឹង​ឱ្យ​បាន​កក់ក្ដៅ ។ នាង​អាច​នឹង​គិតគូរ​មង្គលការ​នៅ​ក្រោយ​បាក់​ឌុ​ប​ដែល​អាច​រង្វង់​ឆ្នាំ​២០២២ ឬ​មុន​ក្រោយ​នោះ ដោយ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ពោល​គឺ​អាស្រ័យ​លើ​ការ​បញ្ចប់​នៃ​កូ​វី​ដ​-១៩ បន្ទាប់​ពី​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ឈ្មោះ លៀប ប៉​ហេង កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ ។

នាង​ធ្លាប់​ទាំង​បាន​បញ្ជាក់​ថា បើ​កុំ​តែ​មានឈ្មោះ​ជា​កីឡាការិនី​ជម្រើសជាតិ ហើយ​នៅ​ស្ដាយ​កេរ្តិ៍ឈ្មោះ ប្រហែលជា​បោះបង់​យូរហើយ ដោយ​មិន​អាច​តស៊ូ​មក​ដល់​ពេល​នេះ​ទេ បើ​តាមតែ​ការ​ប្រដាល់​នារី មិន​អាច​រក​ចំណូល​បាន​សមរម្យ ។ អេ យ៉ា​នុ​ត នៅ​តែ​ជា​កីឡាការិនី​ជម្រើសជាតិ ដោយ​នាង​ត្រួ​វ​បាន​បញ្ជូន​តំណាង​ប្រទេស​ជា​រឿយ​ៗ បើ​ទោះ​មិន​ទាន់​បាន​មេដាយមាស​ពី​អន្តរ​ជាតិ​នៅឡើយ​ក្ដី​។

វី ស្រី​ខួច មក​ទល់​ពេល​នេះ ដ្បិតថា​នាង​ក៏​ជា​កីឡាការិនី​ជម្រើសជាតិ​មួយ​រូប​ដែរ តែ​នាង​ក៏​បង្ហាញ​ឆន្ទៈ​ដដែល​ជា​ដដែល​ថា ចង់​បោះបង់​ទាំងស្រុង ព្រោះតែ​អាជីព​នេះ​បាន​ចំណូល​តិចមែន​ទែន ។ ជាក់ស្ដែង​នាង​ធ្លាប់​ទាំងរ​ត់ទៅ​ធ្វើ​កម្មការិនី​សំណង់ និង​កម្មការិនី​កាត់ដេរ​វិញ​ម្ដង​ៗនោះ​ផង ។ ប្រសិនបើ​កុំ​មាន​ស្វាមី​ជា​បង្អែក នាង​ប្រហែលជា​ត្រូវ​ទទួល​ការងារ​មួយ​ផ្សេង ហើយ​បោះបង់​អាជីព​ប្រដាល់​នេះ មិន​ខុស​គ្នា​ពី​កីឡាការិនី​រួម​ជំនាន់ ដែល​បាត់​ស្រមោល​អស់នោះ​ទេ ។

នាង​បាន​បញ្ជាក់​ថា ដោយសារ​តែ​នាង​មាន​ស្វាមី​ទប់ និង​អាច​រក​ចំណូល​ពី​ការ​ចេញ​ប្រកួត​ក្រៅ​ស្រុក​បាន​ម្ដង​ៗ ហើយ​មិន​លំបាក​ក្នុង​ជីវភាព​ដូច​មុន ទើប​នាង​តស៊ូ​ត្រាំត្រែង ។ បន្ទាប់​ពី​នាង​រៀប​ការ ហើយ​បង្កើត​បានកូន​ប្រុស​មួយ​ទុកជា​ចំណងដៃ នាង​ហាក់​សកម្ម​ក្នុង​អាជីព​នេះ​បាន​ល្អ​ឡើង​វិញ ។ នាង និង​ស្វាមី ត្រូវ​គេ​ឃើញ​បង្ហោះ​ពី​ភាព​ផ្អែមល្ហែម និង ពី​ជីវភាព​សប្បាយ​រីករាយ​ដោយ​មិនមែន​បង្ហាញ​ពី​កង្វះខាត​នៅ​ក្នុង​ជីវភាព​ដូច​អំឡុង​ពេល​នៅ​លីវ​នោះ​ផង ដោយ​មាន​ស្វាមី​លើក​ទឹកចិត្ត ទើប​ការ​បង្ហាញមុខ​ក្នុង​អាជីព​ប្រដាល់​នៅ​រឹង​មាំ​។

អ្នក​នាង​ថា ទោះជា​អ្នក​នាង​មាន​ប្ដី មានកូន តែ​អ្នក​នាង​មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ ពោល​គឺ​នឹង​នៅ​តែ​ប្រឹង​ហ្វឹកហាត់ និង​ប្រឹង​ប្រកួត​ក្នុង​នាម​ជា​កីឡាការិនី​រហូត​ទាល់តែ​សមត្ថភាព​ប្រកួត​លែង​កើត ។ ប៉ុន្តែ​បើ​និយាយ​ពី​ចំណូល​ពី​អាជីព​នេះ​វិញ បើ​គ្មាន​ស្វាមី និង​កម្លាំងចិត្ត​ពី​ស្វាមី និង​មនុស្ស​ជុំវិញ​ខ្លួន គឺ​ឈប់​យូរហើយ​។ យ៉ាងណាមិញ​នាង​ថា ខ្លួន​ក៏​មិន​អាច​ទទួល​ប្រកួត​ក្រៅ​ប្រទេស​ញឹក​ពេក​ផង​ដែរ ជា​ពិសេស​ការ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង ដោយសារ​តែ​នាង​ក៏​មិន​ចង់​ចំណាយពេល​ហ្វឹកហាត់​ច្រើន ហើយ​គ្មាន​ពេល​មើល​កូន​។

កីឡាការិនី វី ស្រី​ឆាយ ក៏​មាន​ស្វាមី និង​មានកូន​ប្រុស​មួយ​ផង​ដែរ ដោយ​អ្នក​នាង​នៅ​តែ​សកម្ម​ក្នុង​ការ​ទទួល​ប្រកួត មិន​ថា​ឡើង​ប្រកួត​សាកល​តំណាង​ជាតិ និង​ប្រដាល់​ដាក់​ទ្រុង​នោះ​ទេ ដោយ​ក្នុង​ពេល​ខ្លះ គេ​មិនដឹង​ថា​នាង​មាន​ស្វាមី និង​មានកូន​មួយ​ក្នុង​បន្ទុក​នោះ​ផង​។ អ្នក​នាង​ក៏​មិន​ខុស​ពី​អ្នក​ប្រដាល់​នារី​ទូទៅ​នោះ​ដែរ គឺ​ប្រកាស​ថា ចំណូល​ពី​ការ​ប្រដាល់​មិន​រស់ ដោយ​នាង​បាន​ទាំង​អះអាង​ថា បើ​កុំ​តែ​បាន​មុខរបរ​កំប៉ិកកំប៉ុក​របស់​ប្ដី និង​មុខរបរ​លក់​អន​ឡាញ​ខ្លះ​ៗ​ជួយ​ទប់ ប្រាកដ​ជា​ដាច់​ពោះ​ហើយ​បើ​ពឹង​តែ​លើ​ការ​ប្រដាល់ ។

ជាក់ស្ដែង ក្នុង​រយៈពេល​ចុង​ក្រោយ នាង​មាន​ឱកាស​ឡើង​ប្រកួត​បាន​តិច​ដង​បំផុត ខណៈ​ដែល​ការ​ឡើង​ប្រកួត​ម្ដង​ៗ ក៏​មាន​តែ​ការ​ប្រដាល់​ដាក់​ទ្រុង ដែល​អាច​រក​ចំណូល​បាន​តែ​១​ពាន់​ដុល្លារ តែ​ចំណាយ​ហ្វឹកហាត់ និង​បំប៉ន​មុន និង​ក្រោយ ប្រកួត ក៏​ស្ទើរ​មិន​រួច​ដើម ។ នាង​ថា ការ​បន្ត​គឺ​ដោយសារ​នៅ​មាន​ឆន្ទៈ​ស្រឡាញ់​ច្រើន​ជាង តែបើ​ឱ្យ​ដើម្បី​បាន​ប្រាក់​ចំណូល​ពី​អាជីព​នេះ​គ្មាន​ទេ ។ នាង​តែង​បង្ហោះ​ពី​ស្វាមី និង​កូនប្រុស និង​អះអាង​ថា ស្វាមី​របស់​អ្នក​នាង​ក្រៅពី​មិន​ហាមឃាត់​ឱ្យ​ឈប់​ប្រដាល់ គឺ​បាន​ទាំង​ជំរុញ​នៅ​ក្នុង​វិស័យ​នេះ​ផង ទើប​អ្នក​នាង​សប្បាយចិត្ត​ក្នុង​ការ​ចេញ​ប្រកួត​គ្រប់​លើក​។

នៅ ស្រី​ពៅ ដែល​ជា​កីឡាការិនី​វ័យក្មេង​ក៏​លើក​ឡើង​ដូច​គ្នា​ថា អាជីព​ប្រដាល់​បាន​តែ​ល្អមើល តែបើ​ល្បី​ទៅ​មានបាន គឺ​មិន​អាច​នោះ​ទេ ។ នោះ​គឺ​ដោយសារ​តែ​ទីផ្សារ​ប្រដាល់​នារី មិន​មាន​ដូច​មុន​នៅ​ក្នុងស្រុក ហើយ​រំពឹង​ការ​ប្រកួត​ក្រៅ​ស្រុក គឺ​មួយ​ឆ្នាំ​បាន​តែ​២​ដង ហើយ​ទម្រាំ​តែ​ដល់​វេន​ម្ដង​ៗ គឺ​ចង់​ដាច់​ពោះ​។

នាង​ថា ការ​តស៊ូ​ព្រោះតែ​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ តែបើ​ដើម្បី​មានបាន​ក៏​អត់​មាន​ដែរ ។ នាង​ជា​កីឡាការិនី​ល្បី​ក្នុង​ពិភព​ប្រដាល់​សាកល និង​ប្រដាល់​ដាក់​ទ្រុង ត្រូវ​គេ​មើលឃើញ​ថា​លេចធ្លោ​ជាងគេ ។ នាង​បញ្ជាក់​ថា ពួក​នាង​គឺជា​កីឡាការិនី​ជម្រើសជាតិ​ផង ចុះ​ទម្រាំ​កីឡាការិនី​ផ្សេង​ទៀត គឺ​ពិតជា​គ្មាន​សកម្មភាព​ចេញ​ប្រកួត​ក្រោយ​ពេល​ហាត់​ចេះ ទើប​អ្នក​ចំណូល​ថ្មី​នៅ​ក្នុង​អាជីព​នេះ មាន​បែប​កម្រ ។

យ៉ាងណាមិញ នាង​ក៏​អះអាង​ដូច​គ្នា​ថា នឹង​មិន​បោះបង់​ការ​ប្រដាល់​នោះ​ដែរ ដោយ​តែង​ចែក​ពេល​វេលា​ទទួល​ប្រកួត​ក្រៅប្រទេស ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​ជា​រឿយ​ៗ នៅ​មុន​ពេល​កូ​វី​ដ​-១៩​ផ្ទុះ​ឡើង បើ​ទោះជា​នាង​មានឱកាស​ធ្វើ​ការងារ​ផ្សេង ដើម្បី​រក​ចំណូល​ឱ្យ​ល្អ​ជាង​ការ​ប្រដាល់​​ក្ដី ។ នាង​ធ្លាប់​បង្ហើប​ថា វិស័យ​ប្រដាល់​គឺជា​អាយុជីវិត ហើយ​បើ​មាន​ស្វាមី គឺ​ទាល់តែ​គាំទ្រ​នាង​ឱ្យ​ពេញទំហឹង​ទើប​នាង និង ស្វាមី​អាច​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ