ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទួល​បុរាណ​បារាយណ៍​អណ្តែត​អាជ្ញាធរ​ខេត្ត​កែ​លំអ​ទៅ​ជា​រមណីយដ្ឋាន

9 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បារាយណ៍​អណ្តែត គឺជា​ទួល​បុរាណ​មួយ ស្ថិត​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បច្ចុប្បន្ន​មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយទៅជា​ទីតាំង​មួយ សម្រាប់​បន់ស្រន់

ខេត្តព្រៃវែង ៖ បារាយណ៍​អណ្តែត គឺជា​ទួល​បុរាណ​មួយ ស្ថិត​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បច្ចុប្បន្ន​មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​បាន​ក្លាយទៅជា​ទីតាំង​មួយ សម្រាប់​បន់ស្រន់ និង​ធ្វើ​ពិធី​សាសនា ផ្សេង​ៗ​ព្រោះ​អ្នកស្រុក​ជឿ​ថា មាន​បារមី​ស័ក្តិសិទ្ធិ ហើយ​រាល់​ការ​បន់ស្រន់​តែងតែបាន​សម្រេច​ដូច  បំណង ។

លោក​អ៊ុ​ន ហៃ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន​ទួល​បារាយណ៍​អណ្តែត​បាន​ក្លាយទៅជា​ទួល​ដ៏​ពេញ​និយម និង​មាន​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​រៀងរាល់ថ្ងៃ អ្នក​ខ្លះទៅ​ស្រូប​យក​ខ្យល់​បរិសុទ្ធ ជាមួយនឹង​ការ​គយគន់​ទេសភាព​ធម្មជាតិ​ដ៏​ត្រជាក់​ភ្នែក និង​ខ្លះ​ទៀត​ទៅ​បន់ស្រន់​បារមី​ស័ក្តិសិទ្ធិ​ឲ្យ​សម្រេច​បំណង​អ្វីមួយ ។

លោកហាស់ សា​រ៉េ​ត អភិបាលខេត្ត​ព្រៃវែង​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​សក្តានុពល​ដ៏​សំបូរ​បែប​នៃ​ទួល​បុរាណ​មួយ​នោះ ទើប​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្រួតពិនិត្យ ដើម្បី​រៀបចំ​ផែនការ​កែ​លំអ​ឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ធម្មជាតិ​សម្រាប់​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត ។

ដោយសារ​អ្នកស្រុក​មាន​ជំនឿ​ទៅ​លើ​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​លើ​ទួល​បារាយណ៍​អណ្តែត ដូច្នេះ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ឲ្យ​មាន​ទី​សក្ការបូជា​មួយ ហើយ​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ខេត្ត​នឹង​នាំ​យក​រូបសំណាក​ព្រះ​អង្គ​គោក​ធ្លក និង​ព្រះ​អង្គ​ជេ​ត្ត​ពុទ្ធ​មហា​នាថ ចំនួន​២​ព្រះ​អង្គ​ធ្វើ​ពិធី​អភិសេក​តម្កល់​ទុក​នៅ​ទីនោះ​សម្រាប់​ឲ្យ​អ្នកស្រុក​គោរព​បូជា ។

ទួល​បារាយណ៍​ក្រៅពី​មាន​អាស្រម​ជា​ច្រើន​សម្រាប់​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បន់ស្រន់ និង​គោរព​បូជា មាន​ដើមឈើ កម្រ​ៗ​ជា​ច្រើន​ប្រភេទ ដែល​បិទ​ស្លាក​ឈ្មោះ​រួច​ជា​ស្រេច​សម្រាប់​ឲ្យ​អ្នក​ទស្សនា​បាន​ស្គាល់ ជា​ពិសេស​នៅ​លើ​ដើមឈើ​ទាំងនោះ​មាន​ហ្វូង​សត្វ​ស្វា​ជា​ច្រើន​ក្បាល​សម្រាប់​ឲ្យ​អ្នកទេសចរ​ទស្សនា និង​ថតរូប​កម្សាន្ត ៕