ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​អធិការរង​ស្រុក​សំរោង​ទង និង​បក្ខពួក​០៦​នាក់​ទៅ​តុលាការ​ករណី​បា.ញ់បោះ​សេរី

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​កាសែត​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ក្នុង​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​សួរនាំ​រួចរាល់​ហើយ​លោក…

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​កាសែត​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ក្នុង​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​សួរនាំ​រួចរាល់​ហើយ​លោក កង ភា​រី​ហៅ​ម៉ៅ និង​បក្ខពួក ត្រូវ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

យោង​តាម​របាយការណ៍​បានអោយ​ដឹង​ថា លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ពេល​ផឹកស៊ី​ស្រវឹង​បែរជា​នាំ​កូនចៅ​បាញ់បោះ​សេរី​យ៉ាង​អនាធិបតេយ្យ នៅ​ក្នុង​បរិវេណ​សាលាស្រុក​សំរោង​ទង​ទៅ​វិញ ដែល​នាំ​អោយ​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំង​ថា ជា​នគរបាល​វ័យក្មេង​ទំនើង​មាន​អត្ត​ច​រិ​ក​ក្អេងក្អាង អាង​មាន​ខ្នងបង្អែក​ជា​ព្រះរាជអាជ្ញា​រង និង​លោក​ផ្កាយ​៤​ម្នាក់​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​បញ្ហា​នេះ ឯកឧត្តម​នាយ​យ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​អោយ​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​លោក កង ភា​រី ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០ ជា​ដាច់ខាត នៅ​ពេល​ដែល​សួរនាំ​រួចរាល់ ។ ការ​បញ្ជូន​ខ្លួន​លោក​កង​ភា​រី​ហៅ ម៉ៅ នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​អធិការ​ង​ស្រុក​សំរោង​ទង​ដូច​គ្នា ដែល​ម្នាក់​ទទួល​បន្ទុក​ព្រហ្មទណ្ឌ ចូល​ទៅ​វាយតប់​គេ​ដល់​ក្នុងផ្ទះ​បែរជា​មានសំណាង​រួចខ្លួន​មិន​ត្រូវ​បាន​ដាក់ទោស​ទណ្ឌ​ឬ​វិន័យ​រដ្ឋបាល​នោះ​ទេ ដោយឡែក​លោក​កង​ភា​រី​ហៅ​ម៉ៅ បែរជា​ត្រូវ​ថ្នាក់លើ​បញ្ជា​ឲ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយសារ​តែ​ល្មើស​នឹង​វិន័យ​នៃ​កងកម្លាំង គឺ​បាញ់បោះ​សេរី​យ៉ាង​អនាធិបតេយ្យ ។

យោង​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ ថ្មី​ៗ​នេះ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ លោក កង ភា​រី បាន​យក​អាវុធ​ខ្លី​របស់​ខ្លួន​មួយ​ដើម​ម៉ា​កឡុក ( Lock) ធ្វើ​សកម្មភាព​ឈរ​បាញ់បោះ​សេរី​ចំនួន​៣​គ្រាប់ នៅ​ក្នុង​បរិវេណ​សាលាស្រុក​សំរោង​ទង ពី​ខាងត្បូង​ចំណុច​មាត់​ស្រះ​ទឹក ។

ដោយ​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៣០​នាទី លោក កង ភា​រី បាន​នាំ​កូនចៅ​ផឹកស៊ី​ស្រវឹង​អួត​ក្អេងក្អាង អាងខ្នង​បង្អែក​គ្រាក់​ៗ ហើយ​បាន​យក​កាំភ្លើង​របស់​ខ្លួន​ម៉ា​កឡុក មក​ឈរ​បាញ់បោះ​សេរី បន្ថែម​ទៀត​ជាង​១០​គ្រាប់ ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​បាន​រិះគន់​បញ្ហា​នេះ​ថា ខ្លួន​ជា​សមត្ថកិច្ច គប្បី​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ មិន​គួរ​ណា ផឹកស៊ី​ស្រវឹង អាង​ខ្លួន​ជា​នគរបាល ហើយ​អាងខ្នង​បង្អែក​ជា​ព្រះរាជអាជ្ញា​រង​មួយ​រូប មាន​ទាំង​បងប្អូន​មាន​ឋានៈ​ពាក់​ផ្កាយ​៤ បែរជា​បាញ់បោះ​សេរី​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បែប​នេះ​សោះ ។ ទន្ទឹម​នេះ ប្រជាពលរដ្ឋ​ក៏​បាន​គាំទ្រ​ចំណាត់ការ​របស់​ថ្នាក់លើ​ផង​ដែរ ដែល​បាន​ចាត់វិធានការ ភ្លាម​ៗ ចំពោះ​លោក កង ភា​រី​ហៅ​ម៉ៅ និង​បក្ខពួក ។

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក កង ភា​រី ហៅ​ម៉ៅ ជា​អធិការរង​ស្រុក​សំរោង​ទង និង​បក្ខពួក​នេះ​ត្រូវ​បាន​ថ្នាក់លើ ដាក់​ពិន័យ​តាម​ច្បាប់​លេខ​០០៦ របស់​កងកម្លាំង​ហើយ ។ ដោយសារ​តែ​នៅ​យប់​ថ្ងៃ​ទី​១៨ ខែសីហា​ឆ្នាំ​២០២០​បាញ់បោះ​សេរី​ចំនួន​៣​គ្រាប់ ហើយ​មិនដឹង​ជា យ៉ាងម៉េច​ទេ ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ លោក កង ភា​រី អធិការរង​ដដែល​បែរជា​បាញ់បោះ​សេរី​ចំនួន​១៧​គ្រាប់​ថែម​ទៀត​ទៅ​វិញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​នៅ​ក្នុង​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​លោក កង ភា​រី និង​គូកន ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

គួរ​រំលឹក​ផង​ដែរ​ថា លោក កង ភា​រី​ហៅ​ម៉ៅ និង​បក្ខពួក​០៦​នាក់​ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​ពាក់ព័ន្ធ​រឿង​បាញ់បោះ​សេរី​បង្អួត​កូនចៅ​ក្អេងក្អាង វង្វេង​ក្នុង​អំណាច​យសស័ក្តិ​ហើយ​មិនសូវ​គោរព​មន្ត្រី​ចាស់​ៗ​ប៉ុន្មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ