រាជធានីភ្នំពេញ ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងឈានចូលមកដល់នៅថ្ងៃទី១៨ កុម្ភៈ ខាងមុខ ហើយកូនចៅចិនជាង៨០ម៉ឺននាក់ដែលកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា បានប្រុងប្រៀបរៀបចំលំនៅឋានរបស់ខ្លួនជាបណ្តើរៗដើម្បីទទួលឆ្នាំថ្មីសិរីសួស្តីទាំងអស់គ្នា ។ តើនៅក្នុងថ្ងៃចូលឆ្នាំថ្មីនេះ ពួកគាត់មានត្រណមឬសកម្មភាពជំនឿអ្វីខ្លះ?
លោក សៃ ហេង ប្រធានសមាគមចិនខិ កម្ពុជា បានឲ្យដឹងថា តាមប្រពៃណីចិនសម្រាប់នៅឆ្នាំថ្មីឆ្នាំនេះ នៅថ្ងៃទី១៨ កុម្ភៈ ត្រូវនឹងថ្ងៃ១កើត ខែផល្គុន គឺបងប្អូន កូនចៅទាំងអស់នៅតាមគ្រួសារនីមួយៗមិនថានៅជិត ឬនៅឆ្ងាយត្រូវតែមកជួបជុំគ្នាសែនទាំងអស់គ្នានៅផ្ទះឪពុកម្តាយរៀងៗខ្លួន ។ ការជួបជុំគឺបង្ហាញពីការហូបបាយរួមគ្នា និងការសួរសុខទុក្ខគ្នារវាងបងប្អូនថានៅឆ្នាំចាស់កន្លងទៅ តើការរស់នៅ និងការប្រកបមុខរបរយ៉ាងដូចម្តេចដែរ0x017d7 លុះដល់ថ្ងៃទី១៩ កុម្ភៈ ត្រូវនឹងថ្ងៃ២កើត ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី១ អាចថាជាថ្ងៃត្រណមមួយដែរ សម្រាប់កូនចៅចិន គឺហាមមិនឲ្យបោសសំរាម និងមិនឲ្យធ្វើការងារអ្វីទាំងអស់នៅក្នុងផ្ទះ គឺពួកគាត់ទុកពេលឲ្យកូនចៅទាំងអស់បង្កើតកម្មវិធីសប្បាយរួមគ្នា ។ ចំណែកនៅថ្ងៃចូលឆ្នាំទី២ កូនចៅទាំងអស់អាចដើរលេងកម្សាន្ត និងសួរសុខទុក្ខបងប្អូនផ្សេងៗនៅគ្រប់ទីកន្លែងបាន ។
ទាក់ទងនឹងសកម្មភាព និងការគោរពតាមប្រពៃណីជនជាតិចិននេះ លោក សៃ ហេង ថ្លែងថា យើងនៅតែគោរព និងធ្វើតាមជីដូនជីតារបស់យើងពីមួយជំនាន់ទៅមួយជំនាន់ដែលមានប្រវតិ្តរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែសម្រាប់កូនចៅចិនរស់នៅប្រទេសចិន និងកូនចៅចិនរស់នៅកម្ពុជា ការរៀបចំគឺមានខុសប្លែកគ្នាតិចតួច ផ្អែកទៅលើកម្រិតជីវភាព ៕
ចែករំលែកព័តមាននេះ