ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​មួយ​ដ៏​ស្កឹមស្កៃ​នៅ​តំបន់​ឧទ្យាន​​អង្គរ តម្លៃ​ជាង​២​លាន​ដុល្លារ​ត្រូវ​រុះរើ​ចេញ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ម្នាក់​បាន​សាងសង់​សំណង់​អគារ​ដ៏​ស្កឹមស្កៃ​មួយ​នៅ​តំបន់​ឧទ្យាន​អង្គរ​នោះ ពេល​នេះ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ទៅ​វិញ​។ ទីតាំង​សំណង់​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​អះអាង​ថា បាន​សាងសង់​ជា​យូរណាស់​មក​ហើយ ស្ថិត​ក្នុងភូមិ​គោក​ដូង សង្កាត់​ស្រ​ង៉ែ…

ខេត្តសៀមរាប ៖ មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ម្នាក់​បាន​សាងសង់​សំណង់​អគារ​ដ៏​ស្កឹមស្កៃ​មួយ​នៅ​តំបន់​ឧទ្យាន​អង្គរ​នោះ ពេល​នេះ​ត្រូវ​បាន​វាយ​កម្ទេច​ចោល​ទៅ​វិញ​។ ទីតាំង​សំណង់​ដ៏​ធំ​នេះ ត្រូវ​បាន​គេ​អះអាង​ថា បាន​សាងសង់​ជា​យូរណាស់​មក​ហើយ ស្ថិត​ក្នុងភូមិ​គោក​ដូង សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ទំហំ​៣០​ម៉ែត្រ​គុណ​១០០​ម៉ែត្រ និង​មាន​តម្លៃ​ប្រមាណ​ជាង​២​លាន​ដុល្លា​អា​មេ​រិ​ក​ឯណោះ​។

តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០​នេះ​ថា សំណង់​ដ៏​ធំ​របស់​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ត្រូវ​បាន​ខាង​អាជ្ញាធរ​អប្សរា​ឱ្យ​រុះរើ​ទាំង​បង្ខំ​តាម​ការ​កំណត់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

ប្រភព​បានឱ្យ​ដឹង​ថា ដើមចម​ដែល​នាំ​ឱ្យ​មាន​សំណង់​ធំ​ត្រូវ​រុះរើ​នេះ គឺ​ដំបូង​ឡើយ គេ​បាន​យក ឈ្មោះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មក​សុំ​ការ​សាងសង់​ជា​រោង​សម្រាប់​ដាក់​សម្ភារ​បម្រើ​ការ​ជួសជុល​ផ្លូវជាតិ​លេខ​៦ ប៉ុន្តែ​បន្ទាប់​ពី​បានការ​អនុញ្ញាត​ហើយ​ស្រាប់តែ​ម្ចាស់​ទីតាំង​បាន​លួច​សាងសង់​សំណង់​ដ៏​ធំ​ស្កឹមស្កៃ​ខុស​ពី​ការ​ស្នើ​សុំ ហើយ​ក៏​ត្រូវ​បាន​រុះរើ​ដោយ​ខ្លួនឯង​វិញ ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ពុំ​សាងសង់​តាម​ការ​អនុញ្ញាត​របស់​អា​ជា្ញ​ធរ​ជាតិ​អប្សរា​ឡើយ​។

ប្រភព​ដដែល​បាន​បន្ថែម​ថា បន្ទាប់​ពី​មានការ​ចាត់វិធានការ​នេះ​រួច​មក ម្ចាស់​សំណង់​ក៏​បាន សម្រេចចិត្ត​ទាំង​បង្ខំ​សុំ​ធ្វើការ​រុះរើ​សំណង់​នេះ​ដោយ​ខ្លួនឯង ដោយ​បាន​ចំណាយពេល​ជា ច្រើន​ថ្ងៃ ទើប​ការ​រុះរើ​សំណង់​នេះ​បាន​ចប់​ជា​ស្ថាពរ​នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​។

បើ​តាម​ពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា ការ​សាងសង់​សំណង់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​កម្លាំង​ការពារ​យ៉ាង​រឹង​តឹង​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ជួសជុល​លំនៅ​ដ្ឋា​ន​បន្តិចបន្តួច ក៏​ត្រូវ​បាន​កម្លាំង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ទៅ​ដល់​ភ្លាម​ៗ និង​វាយ​កម្ទេច​ចោល ដោយ​គ្មាន​ការ​យោគយល់​ឡើយ​។

ពលរដ្ឋ​បាន​លើក​ឡើង​បន្ថែម​ថា បើ​ទោះបីជា​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ហាមឃាត់​មិន​ឱ្យ​មានការ​សាងសង់​សំណង់​យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ឧទ្យាន​អង្គរ មានផ្ទះ​សាងសង់​ធំ​ៗ​ជា​ច្រើន​ផង​ដែរ មិនដឹង​ថា មាន​លិខិតអនុញ្ញាត​ឬ​យ៉ាងណា​នោះ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ