ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជំនួយការលោក​​ហ៊ុន ម៉ា​ណែ​ត នាំ​​សម្ភារ​អំណោយ និងដាំ​កូន​ឈើ៦០០​ដើម​នៅ​វត្ត​តា​ពៅ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ក្រុម​ជំនួយការ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​សម្ភារ​សំណង់​រួម​មាន ស៊ីម៉ង់​តិ៍ ១០​តោន​, ឥដ្ឋ១០.០០០​ដុំ…

ខេត្តស្វាយរៀង​៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ក្រុម​ជំនួយការ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​សម្ភារ​សំណង់​រួម​មាន ស៊ីម៉ង់​តិ៍ ១០​តោន​, ឥដ្ឋ១០.០០០​ដុំ និង​បច្ច័យ​ចំនួន​៤​លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​​របស់​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ យក​ទៅ​ប្រគេន​ដល់​វត្ត​តា​ពៅ ស្ថិត​ក្នុង​សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​កំពុង​សាងសង់​ព្រះ​វិហារ​។

ក្រៅពី​អំណោយ​ខាងលើ ក្រុមការងារ​ក៏​មាន​នាំ​យក​សម្ភារ​សិក្សា និង​ស្បែកជើង​ចែក​ជូន​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស ចំនួន ៥៥​នាក់ និង​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ជិត ១០០​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​ក្រណាត់​ស ១​ដុំ ក្រមា ១ និង​ថវិកា ១០.០០០​រៀល​។

បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់​លោក សាញ់ សុ​ខុន ចៅសង្កាត់​បា​វិត និង​ស្តាប់​សង្ឃដីកា​ថ្លែងអំណរគុណ​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​តា​ពៅ​រួច លោក ស្រី សុ​ផាត និង​លោក មែ ស៊ី​ថន បាន​ថ្លែង​មតិ​សំណេះសំណាល​ជាមួយ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ និង​ពុទ្ធបរិស័ទ​ទាំងអស់ ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ និង​បាន​លើក​ឡើង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​នៅ​វត្ត​តា​ពៅ​មាន​ភាព​រីក​ចម្រើន​យ៉ាងច្រើន ជា​ពិសេស​នៅ​ក្នុង​រយៈ​កាល​ប្រមាណ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​។

វត្ត​តា​ពៅ​នៅ​ពេល​មុន ឬ​បើ​មើល​តាម​រូបភាព​នៅ​ឆ្នាំ​២០១៤ គឺ​វត្តមាន​តែ​​ខ្លោង​​ទ្វារ​វត្ត​ដ៏​តូច​ធម្មតា គ្មាន​សាលា​​ឆាន់ បរិវេណ​ជា​វាលស្រែ និង​ឃើញ​មាន​តែ​ដើម​ត្នោត​បី​បួន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប​ច្ខុ​ប្បន្ន ដោយ​ឥទ្ធិពល​សន្តិភាព ទី​អារាម​នេះ​បាន​លេចឡើង​នូវ​សមិទ្ធផល​អគារ​សាលា​ធម្មសភា​យ៉ាង​ស្កឹមស្កៃ សំណង់​អគារ​សាសនា​ជា​ច្រើន និង​កំពុង​បន្ត​កសាង​ព្រះ​វិហារ​ថែម​ទៀត​ផង​ដែរ​។

តាម​ការ​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ប្រវត្តិ វត្ត​តា​ពៅ​នេះ ត្រូវ​បាន​សាង់សង់​ជា​យូរ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​បោះបង់​ចោល​នៅ​ឆ្នាំ​១៩៤៥ ដោយ​មិនដឹង​មូលហេតុ​។ លោក មែ ស៊ី​ថន បាន​លើក​ឡើង​ថា ទោះបីជា​មិន​មាន​កំណត់​ត្រា​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បោះបង់​វត្ត​តា​ពៅ​នៅ​ពេល​នោះ យើង​ក៏​នៅ​តែ​អាច​សន្និដ្ឋាន​បាន​ថា គឺ​ច្បាស់​ជា​ដោយសារ​តែ​ហេតុផល​សង្គ្រាម​មិន​ខាន​ឡើយ​។ ព្រោះ​នៅ​ឆ្នាំ​១៩៤១-១៩៤៥ គឺជា​សម័យកាល​សង្គ្រាមលោក​លើក​ទី​២ ហើយ​កម្ពុជា​ត្រូវ​បាន​ត្រួតត្រា​ដោយ​ជប៉ុន​។

លោក​បាន​បន្ត​ថា ថ្ងៃនេះ ១៥ សីហា ២០២០ ជា​ថ្ងៃ​គម្រប់ ៧៥​ឆ្នាំ (១៥ សីហា ១៩៤៥) ជា​ថ្ងៃ​ដែល​ជប៉ុន​បាន​ចុះចាញ់ និង​បាន​ដក​ចេញពី​កម្ពុជា ហើយ​អាជ្ញាធរ​បារាំង​ក៏​បាន​បង្កើត​រដ្ឋបាល​គ្រប់គ្រង​បន្ត​រហូត​ដល់​កម្ពុជា​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣​។

លោក​បាន​បន្ត​ថា តាម​ឯកសារ​នៅ​អំឡុង​ឆ្នាំ​១៩៤៥-១៩៤៦ គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត ដែល​ឥណ្ឌូចិន​ទាំងមូល​បាន​ក្រឡាប់ចាក់ ហើយ​កម្ពុជា​ក៏​ទទួល​រង​នូវ​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ ភូមិឋាន ផ្ទះសម្បែង សាលារៀន និង​វត្ត​អារាម​មួយ​ចំនួន​ក៏​ត្រូវ​បាន​ខ្ទេចខ្ទាំ​និង​បោះបង់​។

ប្រទេស​យើង​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​សម័យ​សង្គមរាស្ត្រនិយម​ប្រមាណ​ជាង ១០​ឆ្នាំ​ហើយ​ក៏​បែកបាក់​សាមគ្គី ក្លាយជា​ច​ម្បាំ​ផ្ទៃក្នុង​ប្រទេស​ជា​បន្តបន្ទាប់ រហូត​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ប្រល័យពូជសាសន៍​នៅ​ឆ្នាំ​១៩៧៥-១៩៧៩​។

ចាប់តាំងពី​ឆ្នាំ​១៩៩៨ ឬ​ជាង ២២​ឆ្នាំ​មកនេះ កម្ពុជា​បានរ​ស់សុខសាន្ត​ក្រោម​ម្លប់​សន្តិភាព ហើយ​សន្តិភាព​ដ៏​មាន​តម្លៃ​នេះ​ហើយ ដែល​យុវជន​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត​ត្រូវ​តែ​បន្ត​ចូលរួម​ការពារ​និង​ថែរក្សា​ឲ្យ​បាន​គង់​វង់​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ក្រុមការងារ រួម​ជាមួយ​ក្មួយ​ៗ​សិស្សានុសិស្ស ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ បាន​រួម​គ្នា​ដាំ​កូន​ឈើប្រណីត៦០០​ដើម​នៅ​ក្នុង​បរិវេណ​វត្ត ប្រកបដោយ​ភាព​សប្បាយ​រីករាយ សេចក្តី​ជ្រះថ្លា និង​សាមគ្គីភាព​៕ (កែសម្រួយដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ