ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ តាម​ប្រព័ន្ធ​វី​ដេ​អូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ដែល​ជា​សហ​ប្រធាន​កិច្ចប្រជុំ​ជាមួយ ឯកឧត្តម លី ខឺ​ឈាង…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម ថង​លូន ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ដែល​ជា​សហ​ប្រធាន​កិច្ចប្រជុំ​ជាមួយ ឯកឧត្តម លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​តាម​ប្រព័ន្ធ​វី​ដេ​អូ​នៅ​ថ្ងៃ​ទី ២៤ ខែសីហា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​ក្រសួងការបរទេស និង​សហ​ប្រ​តិ​បត្ត​ការ​អន្តរជាតិ ចេញ​ថ្ងៃ​ទី​១៥ ខែសីហា​នេះ ។

អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​កិច្ចប្រជុំ រួម​មាន​ឯកឧត្តម ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ ។

ដោយ​មានការ​រៀបចំ​ឡើង​ក្រោម​មូលបទ «​ពង្រឹង​ភាព​ជា​ដៃគូ ដើម្បី​វិបុលភាព​រួម​» ថ្នាក់ដឹកនាំ និង​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេច​បាន​ស្រប​តាម​ទិស​ដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ​២០១៦ សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៥​ឆ្នាំ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិស​ដៅ​អនាគត​សម្រាប់​ការ​ពង្រីក​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​។

ថ្នាក់ដឹកនាំ​ក៏​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ផង​ដែរ លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុង​ការ​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩ និង​ការ​លើកកម្ពស់​ការ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​ជំងឺ​កូ​វី​ដ​-១៩ ។

កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣​នេះ នឹង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​តំបន់​មេគង្គ​-​ឡាន​ឆាង ក៏​ដូច​ជា ការ​លើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុង​ចំណោម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ៕