រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបន្ទាប់ពីបើកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-7195 រេចង្កូតទៅបុកចិញ្ចើមផ្លូវពេញទំហឹង ហើយអ្នកបើកបរផ្លោងទៅបោកខ្លួននឹងដើមត្របែកព្រៃ នៅមុខ ធនាគារពាណិជ្ជទី១ ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិលើកំណាត់មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៤និង២០នាទីព្រឹកថ្ងៃទី២៨ មីនា ២០១១។
ស្ត្រីម្នាក់ជាអ្នកបោសសំរាមក្បែរចំណុចកើតហេតុបាននិយាយថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូក្នុងល្បឿនលឿនបង្គួរលើកំណាត់មហាវិថីព្រះនរោត្តម ឆ្ពោះទៅទិសខាងជើង (រមណីយដ្ឋានវត្តភ្នំ) លុះមកដល់មុខធនាគារពាណិជ្ជទី១ (ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ) ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកពីក្រោយម៉ូតូជនរងគ្រោះ ទំនងជាខ្លាចរថយន្តកៀរ បុរសជាម្ចាស់ម៉ូតូវ៉េវ គេចមកខាងស្តាំដៃ ហើយជ្រុលទៅបុកចិញ្ចើមផ្លូវពេញទំហឹង រួចមនុស្សផ្លោងទៅបុកដើមត្របែកព្រៃទើបធ្លាក់ចុះមកថ្នល់វិញ ។ ជនរងគ្រោះមិនបានស្រែកអ្វីមួយម៉ាត់នោះទេ គឺដេកស្តូកយ៉ាងស្ងៀមស្ងាត់ក្នុងថ្លុកឈាមមើលទៅគួរឱ្យស្រៀវសាច់ក្រៃលែង អ្វីៗនឹកស្មានមិនដល់មែន ព្រោះបុរសនោះបើកម៉ូតូមិនជាលឿនប៉ុន្មានឡើយ ស្រាប់តែមកស្លាប់មួយរំពេចបែបនេះ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបែកក្បាល និងបាក់កធ្ងន់ធ្ងរហើយបានស្លាប់ភ្លាមៗមុនរថយន្តពេទ្យមកដល់ ។ បុរសរងគ្រោះឈ្មោះណុប និវត្ត ហៅធី អាយុ៤០ឆ្នាំ ជាបុគ្គលិកបម្រើការនៅមន្ទីររដ្ឋសភា ៕
ចែករំលែកព័តមាននេះ