រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ នៅក្នុងអគាររោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គំមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីម៉ាស៊ីនសង្វាក់ផលិតកម្មបន្ទះសូឡា ប៉ុន្តែភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញទៅអន្តរាគមន៍ពន្លត់រហូតរលត់ទៅវិញទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅក្នុងរោងចក្រ «កូម៉ាលេច ភីវី (ខេអេច)ថេកណឡជី ដែលមានទីតាំងស្ថិតក្នុងតំបន់សេច្ចកិច្ចពិសេសភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា រោងចក្រនេះផលិតបន្ទះសូឡា និងគ្រឿងបង្គំជាច្រើនប្រភេទទៀត ហើយនៅមុនពេលកើតហេតុ ខណៈពេលដែលកម្មករកម្មការិនីកំពុងធ្វើការសុខៗស្រាប់តែឆ្លងចរន្តទុស្សម៉ាស៊ីនសង្វាក់ផលិតកម្មបន្ទះសូឡាដែលកំពុងដំណើរការផលិតបែកផ្កាភ្លើង និងបង្កជាអណ្ដាតភ្លើងឆាបឆេះដល់សម្ភារៈផ្សេងទៀតតែម្ដង ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកម្មករបាននាំគ្នារត់សម្រុកចេញក្រៅរោងចក្រទាំងព្រលឹងចុងសក់ ហើយបានរាយការណ៍ជូននគរបាលឲ្យជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ទឹកពន្លត់ ។
ប្រភពដដែលបានបន្តថា ក្រោយទទួលបានដំណឹងនោះភ្លាមកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌកំបូលបានចេញអន្តរាគមន៍ ដោយបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងពីអង្គភាព៧១១ និងអង្គភាពផ្សេងទៀតទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង ។ នៅក្នុងគ្រោះអគ្គិភ័យនេះដែរ បានបណ្ដាលខូចខាតម៉ាស៊ីនសង្វាក់ផលិតកម្មចំនួន៣គ្រឿង និងបន្ទះសូឡាមួយចំនួន ហើយមិនទាន់ដឹងថា គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ ។ ម្យ៉ាងទៀតជាសំណាងល្អដែលមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឬស្លាប់នោះឡើយ៕
ចែករំលែកព័តមាននេះ