ឧកញ៉ា​​​ម្នាក់​ឈូស​ដី​​រដ្ឋ​​150​ហិកតា​​ទើប​​​​ម្ចាស់​​ស្រុក​ស្ទុះ?


ខេត្តសៀមរាប ៖ លោកឃឹម ហ្វី​ណ​ង់ អភិបាលស្រុក ពីរ​ថ្ងៃមុន​នេះ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ ផ្អាក​គម្រោង​រី​សត និង​ពុះ​ដី​ឡូត៍​លក់​របស់​ឧកញ៉ា មាស សត្យា ខណៈ​កំពុង​ដំណើរការ​ដោយ​ឈូស​ឆាយ​រំលោភ​បំពាន​លើ​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​បាន​ជាង​១៥០​ហិ​កតាដោយ​សុវត្ថិភាព​ទៅ​ហើយ គ្មាន​សុំ​ច្បាប់​មួ​យស​សៃ​សោះ ឈូស​ក្លាយជា​ដី​វាល​រហោស្ថាន​ទៅ​ហើយ ទើប​ម្ចាស់​ស្រុក​ស្ទុះ​ទៅ​បិទ ។ លោក​បញ្ជាក់​ថា ទីតាំង​រី​សត​និង​ពុះ​ជា​ដី​ឡូត៍​លក់​របស់​ឧកញ៉ា មាស សត្យា លើ​ដី​រដ្ឋ ស្ថិត​ក្នុងភូមិ​ប្រិ​យ៍ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ត្រង់​ចំណុច​ខាង លិច ឬ​ក្រោយ​វត្ត​
ប្រិ​យ៍ ប្រហែល​៥០០​ម៉ែត្រ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​ឧកញ៉ា​ខាងលើ​បាន​ដាក់​ពង្រាយ​គ្រឿងចក្រ​ប្រមាណ​ជិត​២០​គ្រឿង មក​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង ឡើង​ហុយ​ដី​សំពោង ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច ជា​ពិសេស​ខាង​រដ្ឋបាល​ស្រុក ហាក់​ធ្វើ​មិនដឹង​រឿង​អី​សោះ ។

តំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រិ​យ៍ បាន​លួច​ខ្សឹប​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ដី​ព្រៃ​ដែល​លោក​ឧកញ៉ា​កំពុង​ឈូស​ឆាយដី​របស់​រដ្ឋ​នោះ កាលពីមុន​មក មិន​មាន​ប្រជាជន​ណា​ម្នាក់​ហ៊ាន ថ្លើមធំ​ហ៊ាន​ទៅ​កាប់​គាស់ដើម​ឈើ ឬ​ធ្វើស្រែ​ចំការ​ឡើយ សូ​ម្បី​ពួក​គាត់​ដែល​រស់នៅ​ក្នុងភូមិ​-​ឃុំ ជាប់​នឹង​ដី​ព្រៃ​រដ្ឋ​ខាងលើ​នេះ​ក៏​ដោយ ព្រោះ​តំបន់​នេះ ជា​តំបន់ហាមឃាត់​របស់​រដ្ឋបាល​ព្រៃឈើ ។

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពួក​គាត់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ដោយ​លើក​ហេតុផល​ថា ក្នុង​រយ​:​កាល​កន្លង​មក​ពួក​គាត់​ទទួល​រង​នូវ​ការ​ចាប់ចង​ពី​សមត្ថកិច្ច រហូត​ដល់​តុលាការ ដោយសារ​តែ​ការ​កាប់​ឆ្ការ​ដី​ព្រៃ​តិចតួច​យក​មក​ធ្វើស្រែ​ចំការ​ដើម្បី​យក​មក​ចិញ្ចឹមជីវិត ព្រោះ​មិនដឹង​ថា ជា​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ឡើយ ។

តំណាង​ពលរដ្ឋ​បាន​បន្ថែម​ទៀត​ថា ចំពោះ​លោក​ឧកញ៉ា មាស សត្យា ហេតុ​អី​បាន​មក​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ឡើង​ហុយ​សំពោង​លាន់ឮ​យ៉ាង​កក្រើក​អី​ស្រួល​ម្ល៉េះ​មិន ឃើញ​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ណា​ម្នាក់​ហ៊ាន​ចេញ​មុខរា​រាំង​លោក​ឧកញ៉ា​នោះ​ដូច​ពួក​គាត់​ធ្លាប់​រង​គ្រោះ​ទេ ? ព្រោះ​ពួក​ខ្ញុំ​ជា​ពលរដ្ឋ បាន​ត្រឹមតែ​ឆ្ងល់​ប៉ុណ្ណោះ ចង់ ឱ្យ​ស្ថាប័ន​ច្បាប់​អនុវត្ត​ដោយ​កុំ​មើល​ម្ខាង​ជា​ពលរដ្ឋ ហើយ​ម្ខាង​ជា​ឧកញ៉ា​ឱ្យ​សោះ ។

ចំណែក​លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​បាន​លើក​ឡើង​តាម​ទូរស័ព្ទ​ថា គម្រោង​ដី​ពុះ​ឡូត៍​នៅ​ក្នុងស្រុក​បន្ទាយស្រី គឺ​ម៉ាង គ្មាន​ច្បាប់​ទាំងអស់ ។ ទោះបី​ម្ចាស់​ពុះ​ឡូត៍​ហើយ​ក៏​ដោយ តែ​អាជ្ញាធរ​ស្រុក​មិន​អាច​កាត់ឈ្មោះ​ឱ្យ​បាន​នោះ​ឡើយ ព្រោះ​ស្រុក​បន្ទាយស្រី មានច្បាប់​ត្រឹមត្រូវ​មិន​ចេះ​តែ​ស៊ី​ញ៉េ​ឱ្យធ្វើ​ស្រេច​តែ​ចិត្ត​អ្នក​ណា​ទេ ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​គម្រោង​ដី​ឡូត៍​និង​រី​សត​របស់​ឧកញ៉ា មាស សត្យា នោះ​មិន​មានការ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ស្រុក​ទេ ។

ប្រហែល លោក​ឧកញ៉ា សុំ​ច្បាប់​ទៅ​ថ្នាក់លើ​ក៏​មិនដឹង ព្រោះ​ខាង​ស្រុក​មាន​សិទ្ធិ​អនុ ញ្ញាត​​ច្បាប់ បាន​ត្រឹមតែ​លើ​ទំហំ​ដី​៥០០០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ មិន​អាច​លើស​ពី​នោះ​បាន​ទេ ប្រសិនបើ​ដី​នេះ​មាន​លិខិត​កាន់កាប់ យើង​មិន​អាច​ហាមឃាត់​ការ​ឈូស​ឆាយ​រៀបចំ​គម្រោង​របស់​គេ​បាន​ទេ ។ ប៉ុន្តែ​បើ​គេ​បោះបង្គោល​ពុះ​ជា​ឡូត៍​ដាក់​ស្លាក​លក់ ឬ​សាងសង់​អ្វីមួយ ដោយ​គ្មាន​ច្បាប់​យើង​ត្រូវ​ចុះ​ទៅ​ហាមឃាត់​ជា​បន្ទាន់ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​ឧកញ៉ា​មាស សត្យា បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ទីតាំង​ដី​របស់​លោក​កំពុង​រត់​ច្បាប់​រៀបចំ​ធ្វើ​ចម្រោះ​ទឹក​ស្អាត​ជា​មុន​សិន បន្ទាប់​មក​ពេល​មាន ច្បាប់ លោក​ធ្វើ​រី​សត និង​ពុះ​ជា​ឡូត៍​លក់ ។ លោក​បន្ត​ថា ដី​របស់​លោក​មាន​លិខិត​កាន់ កាប់​ត្រឹម ត្រូវ ហើយ​ចំពោះ​រឿង​ជាប់​គម្រប​ព្រៃឈើ​នោះ លោក​មិន​ដែល​ដឹង​ទេ ព្រោះ​មិន​មាន​ជាប់​អ្វី​ឡើយ ដូច្នេះ​លោក​នៅ​តែ​បន្ត​ធ្វើ​ដដែល ។

បើ​តាម​ការ​បញ្ជាក់​របស់ លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ដី​ដែល​លោក​ឧកញ៉ា មាស សត្យា កំពុង​ឈូស​ឆាយ គឺជា​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ទាំងអស់ ពេល​នេះ​មន្ត្រី​យើង និង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពុង​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ហើយ ។ ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ថា ជន​ណា ដែល​រំលោភ​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ ។

ពលរដ្ឋ​ក្នុងស្រុក​បន្ទាយស្រី​រំពឹង​ថា ទីតាំង​ដី​ដែល​លោក​ឧកញ៉ា មាស សត្យា កំពុង​ឈូស​ឆាយ​អាច​និង​ផ្អាក​សកម្មភាព ហើយ​អនុវត្ត​តាម​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន ព្រោះ​មិនមែន​ដី​ឯកជន​ទេ គឺជា​ព្រៃរបស់​រដ្ឋបាល​ព្រៃឈើ​កាន់កាប់ គ្មាន​បុគ្គល​ណា​ថ្លើម ពាសមេឃ​បាន​ទេសម័យនេះ ។

មហាជន​រង់ចាំ​មើល​តើ​អាជ្ញាធរ​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ជាមួយ​ឧកញ៉ា​រំលោភ​បំពាន​ខាងលើ​នេះ ដែល​កោះសន្តិភាព​នឹង​ផ្សាយ​ជូន​នៅ​ពេល​បាន​ព័ត៌មាន​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ