ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​លួច​ទ្រព្យ​អ្នក​ភូមិ​ផ្អើល​​​ឃុំ​​ស្នឹង​ តែក្របួច.ក​បានវិញ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ចោរ​ដ៏សកម្ម​ដែល​តែង​ដើរ​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​លួច​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើង​កក្រើក​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ មួយ​រយៈ​ចុង​ក្រោយ​នោះ​ ពេល​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​ហើយ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា នៅ​ចំណុច​ភូមិ​សំរោង…

ខេត្តបាត់ដំបង ​៖ ចោរ​ដ៏សកម្ម​ដែល​តែង​ដើរ​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​លួច​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឡើង​កក្រើក​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ មួយ​រយៈ​ចុង​ក្រោយ​នោះ​ ពេល​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​ហើយ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា នៅ​ចំណុច​ភូមិ​សំរោង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ហើយ​ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក អូន ហ្វៃ ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិ​ការ​នេះ​ផ្ទាល់បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ទុំ ដេ​ត ហៅចាក់​ដេ​ត ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ​។ លោក​ថា ជន​នេះ​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ផ្លោ​ក អៀវ​សេង ភេទប្រុស​ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដែល​គេ​សង្ស័យ​ថា អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៣​និង​៤៥​នាទី​រសៀល ដល់​ម៉ោង​០៩​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១០ សីហា ស្រប​ពេល​ដែល​ម្ចាស់​​មិន​បាន​នៅផ្ទះ​។

ជន​ដៃដល់​បាន​លួច​យក​ប្រាក់​អស់​ជា​ច្រើន​លាន​រៀល តែ​ក្រោយ​កើតហេតុ មន្ត្រី​ការិ​យាល័យ​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ​តែ​ម្ដង ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​។ ជន​រង​គ្រោះ លោក ផ្លោ​ក អៀវ​សេង បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ថា នៅ​ថ្ងៃ​កើតហេតុ​នោះ នៅ​ពេល​រសៀល​ ក្រុម​គ្រួសារ​លោក​បាន​បិទទ្វារផ្ទះ រួច​នាំ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ផ្ទះ​បងប្អូន​នៅ​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង រហូត​ដល់​យប់​ជ្រៅ​បន្តិច​ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ ស្រាប់តែ​ត្រូវ​ចោរ​គាស់​ទ្វារផ្ទះ​ចូល​លួច​ប្រាក់​អស់​គ្មាន​សល់​។

ជន​រង​គ្រោះបាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​លូកដៃ​ទាញ​គន្លឹះទ្វារ​ខាងក្រោយ រួច​ចូល​រើ​ក​កាយ​យក​ប្រាក់​អស់​គ្មាន​សល់ ដែល​គាត់​ទុក​នៅ​ក្រោម​ពូក​។ ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាត់បង់ មាន​ប្រាក់​ខ្មែរ​ចំនួន​៤​លាន​រៀល ប្រាក់​ថៃ​ចំនួន​៤៨,០០០​បាត និង កាត​ទូរស័ព្ទ​ជា​ច្រើន​ប្រព័ន្ធ​។ គាត់​បាន​បញ្ជាក់​បន្ថែម​ថា ពេល​ដឹង​ថា ផ្ទះ​គាត់​ត្រូវ​ចោរ​ចូល​លុយ​អស់ ភ្លាម​ៗ​នោះ​គាត់​ក៏​ទូរស័ព្ទ​ប្ដឹង​ទៅ​មន្ត្រី​នគរបាល​ប៉ុ​ស្ដ៏​រដ្ឋបាល ស្នឹង តែ​មន្ត្រី​ប៉ុ​ស្ដ៏​នេះ​មិន​បាន​មក​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ទេ ដោយ​គេ​បាន​ឆ្លើយ​តប​មក​វិញ​ថា « ទៅ​ធ្វើ​អី​ទាំង​យប់ បើ​ចោរលួច​ទៅ​ហើយ​ទៅ​ទាំង​យប់​ក៏​រក​មិនឃើញ​វិញ​ដែរ ចាំ​ព្រឹក​ទៅ ចាំ​សមត្ថកិច្ច​ទៅ​ពិនិត្យ​»​។ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់ ទើប​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​តាម​ការ​សន្យា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​។ ប៉ុន្តែ​មិនមែន​មន្ត្រី​ប៉ុ​ស្ដ៏​ស្នឹង ឬ មន្ត្រី​អធិការ​ស្រុក​បាណ​ន់ ជា​អ្នក​បង្ក្រាប​បាន​ទេ គឺ​កម្លាំង​ជំនាញ នៃ​ស្នងការ​ខេត្ត ជា​អ្នក​ចុះ​បង្ក្រាប​ផ្ទាល់​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ជនសង្ស័យ​ឈ្មោះ ទុំ ដេ​ត ហៅ ចាក់​ដេ​ត ដំបូង​មិន​បាន​សារភាព​ទេ បើ​ទោះជា​មន្ត្រី​ជំនាញ​ជជីក​សួរនាំ​បែប​ណា​ក្ដី​។ ប៉ុន្តែ​នៅ​ពេល​មន្ត្រី​ជំនាញ បង្ហាញ​រូបថត​ដែល​ជន​នេះ​កាន់​យក​កាត​ទូរស័ព្ទ​ដែល​លួច​បាន​យក​ទៅ​លក់​នៅ​ហាង​ទូរស័ព្ទ​នៅ​ផ្សារ​ស្នឹង ទើប​ជន​នេះ​ព្រម​ឆ្លើយ​សារភាព​ទ​ទូល​ស្គាល់​ថា​ «ខ្លួន​ពិតជា​បានប្រ​ព្រឹ​ត្ត​មែន»​។លោក អូន ហ្វៃ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​និយាយ​ថា រូប​សកម្ម​ភាព​ជនសង្ស័យ​ឈ្មោះ​ទុំ ដេ​ត នេះ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព នៅ​ពេល​ជន​​នេះ ​បាន​យក​កាត​ទូរស័ព្ទ​ដែល​ខ្លួន​លួច​បាន​យក​ទៅ​លក់​។ ហើយដោយ​សារ​តែ​ជន​រង​គ្រោះបាន​សហការ​ល្អ​ ជាមួយ​សមត្ថកិច្ច​យើង​ផង ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​នេះ​តែ​ម្ដង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់ មន្ត្រី​ជំនាញ​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា​ប្រាក់​ខ្មែរ ម៉ូតូ​ម៉ា​កវី​វ៉ា ​ព​ណ៏​ខៀវ​មួយ​គ្រឿង ​ដែល​ជន​នេះ​បាន​ទិញ​ក្រោយ​ពី​លួច​បាន​លុយ និង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ព​ណ៏​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥ មួយ​គ្រឿង​ទៀត​ដែល​ជន​នេះ​បាន​​ជិះ​ធ្វើ​សកម្មភាព​ ។ លោក អូន ហ្វៃ បាន​បញ្ជាក់​ថា ពេល​នេះ​យើង​បាន​ប្រគល់​ជន​សង្ស័យ​ឲ្យ​ទៅមន្ត្រី​ជំនាញ នៃ​អធិការ​ស្រុក​បាណ​ន់ ធ្វើការ​សួរនាំ​ជនសង្ស័យ​បន្ត​។ ព្រោះ​ជន​នេះ ​ទំនង​អាច​ជាប់​ព័ន្ធ​ច្រើន​ករណី​ទៀត ទៅ​នឹង​សកម្មភាព​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្នឹង ដែល​អ្នក​ឃុំ​ស្នឹង កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិ​សុខ​នៅ​ក្នុង​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ