ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ផ្តល់​ហិរញ្ញវត្ថុ​ជាង ២ លាន​អឺ​រ៉ូ ដល់​អង្គការ​ដៃគូ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ជាង ២ លាន​អឺ​រ៉ូ (​ឬ​ប្រមាណ​ជាង 2.3​លាន​ដុល្លារ​អា​មេ​រិ​ក​) ដល់​អង្គការ​តម្លាភាព​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប (EU) បាន​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ជាង ២ លាន​អឺ​រ៉ូ (​ឬ​ប្រមាណ​ជាង 2.3​លាន​ដុល្លារ​អា​មេ​រិ​ក​) ដល់​អង្គការ​តម្លាភាព​កម្ពុជា អង្គការ​អាក់​សិន​អេ​ត​កម្ពុជា និង​អង្គការ​ដៃគូ​មួយ​ចំនួន ដើម្បី​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល ៣ ឆ្នាំ​នេះ ក្នុង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​គម្រោង​មួយទៀត គឺ «​ពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី​វ័យក្មេង​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត និង​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​មាន​គណនេយ្យ​ភាព​» ។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​នេះ​បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ រវាង​អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា រួម​ទាំង​អង្គការ​ដៃគូ​អនុវត្ត​គម្រោង​សរុប​ចំនួន​៩​ស្ថាប័ន ដែល​នឹង​រួមចំណែក​នៅ​ក្នុង​ការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​នេះ​ផង​ដែរ ។

ដោយឡែក​ក្នុង​ពេល​ដដែល​នេះ​ដែរ អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​ទទួល​មូលនិធិ​ស្នូល​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍ​អន្តរជាតិ​ស៊ុ​យ​អែ​ត (SIDA) ដើម្បី​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ​នេះ​ក្នុង​ការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ។

សូម​ជម្រាប​ថា គម្រោង​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​រយៈពេល​៣ ឆ្នាំ​នេះ​បាន​នឹង​កំពុង​អនុវត្ត នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​គោលដៅ​ចំនួន​៩ ដែល​បាន​ចាប់​អនុវត្ត​កាលពី​ខែមករា ឆ្នាំ​២០២០ និង​ត្រូវ​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០២២ មក​ម្ល៉េះ ហើយ​ការ​អនុវត្ត​គម្រោង​នេះ​ផង​ដែរ គឺ​ដើម្បី​បង្កើត​បរិយាកាស​អំណោយផល និង​ពង្រឹង​សិទ្ធិ​អំណាច​យុវជន ជា​ពិសេស​ស្ត្រី​វ័យក្មេង ក្នុង​ការ​ចូលរួម​សកម្មភាព​ក្នុង​ដំណើរ​រការ​សម្រេចចិត្ត ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​យកចិត្តទុកដាក់​លើ​តម្រូវការ​យេ​ន​ឌ័​រ និង​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បែប​ច្នៃប្រឌិត និង​ផ្តល់​ឱកាស ដើម្បី​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ក្នុង​ការ​សម្រេចចិត្ត និង​មន្ត្រី​ផ្តល់​សេវា​សាធារណៈ​នានា​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

លោក ហុង រស្មី នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​បាន​លើក​ឡើង​ថា «​គម្រោង​នេះ​យុវជន​និង​ដើរតួ​នាទី យ៉ាង​សំខាន់ ក្នុង​ការ​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​លើកកម្ពស់​គណនេយ្យ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ឆ្លើយ​តប​នឹង​តម្រូវការ​យេ​ន​ឌ័​រ ។ ដូច្នេះ​ហើយ​វត្តមាន​របស់​អង្គការ​សង្គម​ស៊ី​វិល ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​យុវជន​និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​អនុវត្ត​គម្រោង​នេះ​»​។ នៅ​ក្នុង​ពិធី​នេះ​ដែរ អង្គការ​តម្លាភាព​កម្ពុជា ក៏​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ដើម្បី​បន្ត​ការ​គាំទ្រ​ដល់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) និង​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម (FASMEC)​។

អង្គការ​តម្លាភាព​កម្ពុជា និង​បន្ត​កិច្ចសហការ​ជាមួយ​ស៊ី​ខៅ​ឌូ ដើម្បី​បន្ត​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​សហជីព​ជា​ស្ត្រី នៅ​ក្នុង​សកម្មភាព​លើកកម្ពស់​ការ​យល់​ដឹង និង​កសាង​សមត្ថភាព ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​សហជីព​ក៏​ដូច​ជា លើកកម្ពស់​អភិបាលកិច្ច​នៅ​ក្នុង​វិស័យ​កាត់ដេរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។ លើស​ពី​នេះ​ទៀត​អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ ជាមួយ​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម (FASMEC) ដើម្បី​លើកកម្ពស់​សុចរិត​ភាព​ធុរកិច្ច​តាម​បណ្តាល​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា «​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ដែល​មាន​ស្ថាន​ប័ន​មួយ​ចំនួន​ដូច​ជា រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វិល ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សមាគម​ធុរកិច្ច​ដែល​ពោ​ពេញ​ទៅ​ដោយ​ជំនាញ និង​បទ​ពិសោធន៍​ផ្សេង​ៗ​គ្នា នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ត​គម្រោង ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ ។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​នឹង​កាន់តែ​រឹង​មាំ ហើយ​អនុវត្ត​គម្រោង​បាន​កាន់តែ​ល្អ​ប្រសើរ នៅ​ពេល​ដែល​យើង​មាន​គោលដៅ​ច្បាស់លាស់ និង​សហការ​ជាមួយ​គ្នា​ល្អ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ