ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃឹម ហ្វី​ណ​ង់​បញ្ជាក់​ថា កន្លែង​ទិញ​លក់​ឆ្កែ​ធំ​ជាងគេ​នៅ​ស្រុក​បន្ទាយស្រី​បិទ​អាជីវកម្ម​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ «​មាន​អ្នក​សួរ​ខ្ញុំ​ថា តើ​ការ​ហាមឃាត់​ការ​ធ្វើ​សត្តឃាត​សត្វ​ឆ្កែ និង​ការ​ធ្វើ​អាជីវកម្ម​សាច់​ឆ្កែ នៅ​ក្នុងស្រុក​បន្ទាយស្រី បាន​អនុវត្ត​ដល់​ណា​ហើយ?​» ទាំងនេះ​ជា​សំនួរ​បាន​ចោទសួរ​ទៅ​លោក​អភិបាល​វ័យក្មេង​នៃ​ស្រុក​បន្ទាយស្រី ក្នុង​ខេត្តសៀមរាប ។…

ខេត្តសៀមរាប ៖ «​មាន​អ្នក​សួរ​ខ្ញុំ​ថា តើ​ការ​ហាមឃាត់​ការ​ធ្វើ​សត្តឃាត​សត្វ​ឆ្កែ និង​ការ​ធ្វើ​អាជីវកម្ម​សាច់​ឆ្កែ នៅ​ក្នុងស្រុក​បន្ទាយស្រី បាន​អនុវត្ត​ដល់​ណា​ហើយ?​» ទាំងនេះ​ជា​សំនួរ​បាន​ចោទសួរ​ទៅ​លោក​អភិបាល​វ័យក្មេង​នៃ​ស្រុក​បន្ទាយស្រី ក្នុង​ខេត្តសៀមរាប ។

ឆ្លើយ​តប​នឹង​សំនួរ​នេះ​ដែរ លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែសីហា​នេះ​ថា កាលពី​ម្សិលមិញ​នេះ​មន្ត្រី​របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​សហការ​ជាមួយ​មន្ត្រី​មក​ពី​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​កន្លែង​ទិញ​លក់​សត្វ​ឆ្កែ​នៅ​ក្នុង​ទូ​ទាំង​ស្រុក​បន្ទាយស្រី និង​បាន​សង្កេត​ឃើញ​ថា កន្លែង​ដែល​ទិញ​-​លក់​ធំ​ជាងគេ​នៅ​ក្នុងស្រុក (​និង​ក៏​ជា​កន្លែង​ធំ​ជាងគេ​នៅ​ក្នុង​ខេត្តសៀមរាប​ដែរ​នោះ​) បាន​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ហើយ ប៉ុន្តែ​នៅ​សល់​ចំនួន​២​កន្លែង​ទៀត ដែល​កំពុង​ធ្វើ​អាជីវកម្ម ហើយ​ត្រូវ​បាន​ទទួល​ការ​ណែនាំ​ជា​ថ្មី​ឲ្យ​បញ្ឈប់​អាជីវកម្ម​ផង​ដែរ ។

លោក​បាន​និយាយ​ថា «​ក្នុង​ដំណាក់កាល​នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​នឹង​បន្ត​ប្រកាន់​ជំហរ​ទន់ភ្លន់​លើ​បញ្ហា​នេះ​ផ្តល់​អាទិភាព​ទៅ​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ការ​ណែនាំ​អប់រំ​អ​ឲ្យ​បញ្ឈប់​ជា​ជាង​ការ​ចាប់បង្ខំ ហើយ​រដ្ឋបាល​ស្រុក​ក៏​កំពុងធ្វើការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia) និង​អង្គការ​ហ្វ​រ​ផរ (Four Paws) ដើម្បី​រិះរក​វិធី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​របស់​បងប្អូន​អាជីវករ​ក្នុង​ដំណាក់កាល​អន្តរកាល​នេះ​» ។

លោក​សង្ឃឹមថា នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បន្ទាយស្រី​នឹង​ក្លាយទៅជា​ស្រុក​ដែល​គ្មាន​ការ​ជួញដូរ​សាច់​ឆ្កែ​ទាំងស្រុង និង​ស្តារ​មក​វិញ​នូវ​កិត្តិនាម​ជា​ស្រុក​ទេសចរណ៍​ដែល​មានការ​អោយ​តម្លៃ​ទៅ​លើ​អាយុជីវិត និង​សុខមាលភាព​របស់​សត្វ​ឆ្កែ ។

សូម​បញ្ជាក់​ថា ការ​លួច​ការ​ជួញដូរ​ការ​ដឹក​ជញ្ជូន​សម្លាប់ និង​លក់​សត្វ​ឆ្កែ ដើម្បី​យក​សាច់​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​មានការ​កើនឡើង​គួរ​អោយ​បារម្ភ ដែល​ក្នុង​នោះ​ស្រុក​បន្ទាយស្រី​ត្រូវ​បាន​រក​ឃើញ​ថា ជា​កន្លែង​ជួញដូរ​ធំ​ជាងគេ​នៅ​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់ ដោយ​មាន​ទីតាំង​ប្រមូល​ទិញ​ពី​បណ្តា​ស្រុក​ផ្សេង​ៗ ស្តុក​ទុក​សត្វ​ឆ្កែ​រស់​ជា​ច្រើន​កន្លែង និង​កំពុង​ប្រតិបត្តិការ​ផ្គត់​ផ្ត​ង់​សត្វ​ឆ្កែ​រស់ និង​សាច់​ឆ្កែ​បន្ត​ទៅ​កាន់​តំបន់​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។

ការ​ជួញដូរ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​កេរ្តិ៍ឈ្មោះ​របស់​ស្រុក​បន្ទាយស្រី និង​ខេត្តសៀមរាប​តួយ៉ាង​មាន​សារព័ត៌មាន​អន្តរជាតិ​ចំនួន​១៨០ បណ្តាញ បាន​ធ្វើការ​ចុះ​ផ្សាយ​រិះគន់​នៅ​លើ​គេហទំព័រ​របស់​ពួក​គេ ក្នុង​អំឡុង​ពី​ខែវិច្ឆិកា និង​ខែធ្នូ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ