ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តែ​ក្លិន​មិន​បាន​ខ្លួន អូន​និង​បង​ថ្នម​ថែ​ចំណងស្នេហា​៣​ឆ្នាំ​រង់ចាំ​ថ្ងៃនេះ​…​រាត្រី​ផ្សំ​ដំណេក​អូន​ចង​.​ក

15 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រោយពីពិធី​​មង្គល​ការ​​ត្រូវ​បាន​​បញ្ចប់​ និង​ក្រោយពី​សាច់ញាតិ​​​និង​ភ្ញៀវ​​​​កិត្តិយស​​ជិត​ឆ្ងាយ​​​វិល​ត្រឡប់​​​ទៅ​លំនៅ​ឋាន​​​ ​​​​រៀងៗខ្លួនរួច​មក​ គេ​បាន​គិត​​ឃើញ​គ្រប់ៗគ្នាថា​ គូស្វាមី​​ភរិយា​​ថ្មោង​ថ្មី​​​ដែល​ទើប​រៀប​ការ​រួច​នេះ​​នឹង​បាន​​នែប​និត្យ​​​យ៉ាង​​​សុខ​សាន្ត​ក្នុង​រាត្រី​ទឹក​ឃ្មុំ​ ដែល​​គូ​ស្នេហ៍​​នេះ​បាន​អត់​ធ្មត់​ និង​រង់​ចាំ​​​យ៉ាងអន្ទះ​សា​ អស់​រយៈពេល​៣ឆ្នាំ​កន្លង​មក​។ ប៉ុន្តែ​​ផ្ទុយ​ទៅ​​វិញ​​​រាត្រី​​ទឹកឃ្មុំ​បែរជា​ក្លាយ​ទៅជា​រាត្រី​​​សោក​សៅ​​និងរន្ធត់​​ចិត្ត​​ក្រៃលែង ​​ដោយសារ​តែ​នាង​កូន​ក្រមុំ​បាន​ធ្វើ​អត្តឃាត​ ដោយ​ចង.ក​​​សម្លាប់​​​ខ្លួន​ មុន​ពេល​​ចូល​បន្ទប់​​​ផ្សំ​​ដំណេក​​ ធ្វើ​ឱ្យ​ស្វាមី​​របស់​នាង​​​យំ​សោក​បោក​ខ្លួន​​​ដូចអកព្រាត់​គូ ។

ការ​ធ្វើ​អត្ត​ឃាត​​​របស់​នាង​ កូនក្រមុំ​ ដើម្បី​​​គេច​ខ្លួន​​ពី​រាត្រី​​​​ផ្សំដំណេក ​​​ពិតជាបានប្រហារ​​ចិត្ត​​ប្រុស​ដែល​មាន​​ភក្តីភាព​​ចំពោះ​នាង​រហូត​មក​ដែល​​ក្នុង​រយៈពេល​​​៣ឆ្នាំ​កន្លងមក​ ពួកគេ​​បាន​ថែរក្សា​​ចំណង​​ស្នេហា​​​​រហូត​ដល់​​ថ្ងៃចូល​រោង​ការ​​។ រឿង​​រ៉ាវ​​បង្កការ​​ប្រេះ​​ឆា​ដល់​​បេះដូង​កូន​កំលោះ​​នេះ​ វាមិន​​ខុស​​ពីបទ​ចម្រៀង​​​លោកមាស ហុក​សេង​ ​ដែល​​​មាន​ចំណងជើង​ថា​«ស្គាល់​​​តែក្លិន​មិន​បាន​ខ្លួន​»នោះឡើយ ។

លោក​ក្រឹង រ៉ាមី នាយ​នគរ​បាល​​ប៉ុស្តិ៍​​ស្តីទី​​ឃុំ​​អូរដំបង​ទី១ ​​បាន​ប្រាប់​កោះ​សន្តិភាព​អំពី​មូល​ហេតុ​​​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​នេះ​ថា បាន​កើត​ឡើង​នៅ​ក្រុម​ទី៦​ ភូមិ​សំរោងកោង ​ឃុំ​អូរដំបង១​ ស្រុក​សង្កែ ហើយ​នាង​បាន​ចង.ក​​​សម្លាប់​​​ខ្លួន​​នៅ​​វេលា​​ម៉ោង​៩​និង​​៥​នាទីយប់​​ថ្ងៃទី​១០​ មីនា គឺជារាត្រី​​​ដែល​នាង​​​និង​ស្វាមី​​​ត្រូវ​ផ្សំដំណេក​ ក្រោយ​​ពី​​បញ្ចប់​​ពិធី​​​មង្គល​ការ​​​របស់​​នាង​ក្នុង​​​​រយៈពេល​​២​ថ្ងៃ​រួច​មក​ ។ លោក​មេប៉ុស្តិ៍​​ស្តីទី​រូបនេះ​បាន​ប្រាប់​​ទៀត​ថា កូនក្រមុំ​​ឈ្មោះ​​រិទ្ធ សំណាង​ អាយុ​​២០​ឆ្នាំ​ និង​ស្វាមី​របស់​នាង​ដែល​ទើប​រៀប​ការ​នេះ​ឈ្មោះ​សុខ ជា អាយុ​​២៣​ឆ្នាំ ។​

ជុំវិញ​​​ហេតុការណ៍​​ដ៏​សោក​សៅ​នេះ ម្តាយ​កូន​ក្រមុំ​​​អ្នក​ស្រី​​គឿន នី អាយុ​៥៤​ឆ្នាំ បាន​រៀប​រាប់​​ប្រាប់​​សមត្ថ​កិច្ច​​ថា គាត់​បាន​​រៀបចំ​ពិធី​មង្គល​ការ​​​ឱ្យ​កូន​ប្រុស-ស្រី​នេះ​នៅ​ថ្ងៃទី​៩ មីនា និង​បង្ហើយ​​​​នៅ​​រសៀល​ថ្ងៃទី​១០ មីនា ។ លុះ​នៅយប់​ផ្សំ​ដំណេក​​ ស្រាប់​តែ​កូន​ស្រី​គាត់​ធ្វើអត្តឃាត​​​ដោយ​គ្មាន​​​អ្នកណា​​ដឹងពី​​មូល​ហេតុ​ពិត​ប្រាកដ​​ឡើយ ។ អ្នក​ស្រី​​គឿន នី បាន​​ពោលទាំង​បង្ហូរទឹក​ភ្នែក​​​ថា នៅក្នុង​រាត្រី​នោះ​ខណៈ​​ដែល​នាង​កំពុង​មើល​ទូរទស្សន៍​​ នាងពោល​ថា ​​​ឈឺ​ពោះ ​ហើយ​បាន​ប្រាប់​​ស្វាមី​​របស់​នាង​​ថា ទៅ​រក​បត់​ជើង​សិន។​ លុះ​ពេល​​នាង​​ចុះពីផ្ទះ​ទៅ​បាត់​ប្រហែល​​កន្លះ​ម៉ោង​​​ក្រោយ​មក ​មិនឃើញ​នាង​ត្រឡប់​មក​វិញ ទាំង​ប្តី​របស់​​​នាង​និង​រូបគាត់​មានការ​សង្ស័យ ​​ក៏​នាំ​គ្នា​​ឆ្លុះ​ពិល​តាម​រក​នាង​​ ហើយ​ស្រែក​​​​ហៅ​​ក៏​មិន​​ឮ​ឆ្លើយ​។ លុះ​​​បញ្ចាំង​ពិល​ចុះ​ឡើង​​ស្រាប់​តែ​ឃើញ​​​នាង​ចង.ក​​ធ្លាក់​ស្តោក​នៅ​ក្រោម​​ដើម​ស្វាយ​ក្បែរ​ផ្ទះ​​ស្លាប់​បាត់ទៅ​ហើយ​​​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​​តែម្តង។​ ក្នុង​ទិដ្ឋភាព​​ដ៏គួរឱ្យ​ខ្លោច​​ផ្សានេះ​ គេឮ​សម្លេង​​ស្រែក​​យំ​​សោក​គ្រប់ៗគ្នា​ពីក្រុម​គ្រួសារ​​ និងសាច់ញាតិ​​​ ពិសេស​​ស្វាមី​ថ្មី​​ថ្មោង​​របស់​នាង​​​ដែល​យំ​បោក​ខ្លួន​​ដូចអក​ស្តាយ​​ស្រណោះ​ប្រពន្ធ​​​ជាទីស្រឡាញ់​ ដែល​នាង​​បាន​​លាចាក​​លោក​ក្នុង​​រាត្រី​​ផ្សំដំណេក​​ដោយគ្មាន​ហេតុផល​ទាល់​តែសោះ ។

​លាយឡំ​នឹង​ទឹកភ្នែក​ជោកជាំ​មិន​ឈប់ឈរ​​​នាព្រឹក​ថ្ងៃទី​​១១ មីនា កូនកំលោះ​​​អភ័ព្វ​ សុខ ជា បាន​និយាយ​ពីដំណើរ​​រឿង​ខ្លះៗរវាង​​រូបគេ​និង​នាង​​សំណាង​ថា ខ្លួន​​គ្រាន់​តែ​ដឹងថា នាង​មាន​សុខភាព​​មិន​ល្អ​ ចាប់តាំងពី​​មុន​​ពេល​ចូល​រោង​ការ​​ប៉ុន្មាន​​ថ្ងៃ​មក​ម៉្លេះ​។ នៅ​យប់​កើត​ហេតុ​ខណៈ​ពេលកំពុង​​មើល​​ទូរទស្សន៍​​ជុំគ្នា​ នាង​គ្រាន់​តែ​ប្រាប់​ខ្លួន​​ថា ឈឺពោះ​​ ហើយ​សុំទៅ​បត់ជើង​​ខាង​ក្រៅ​​ផ្ទះ ។ សុខ ជា ​បានរៀបរាប់​ទៀត​​ថា ខ្លួន​​គ្រាន់​តែឮ​សូរ​សម្លេង​​​​ប្រពន្ធ​កាប់​ដី​​មួយ​ចប​ប៉ុណ្ណោះ​ ហើយ​ក៏ស្ងាត់​​​ទៅ ។​ ដោយ​មិន​ឃើញ​ប្រពន្ធ​ឡើង​មក​​​លើ​ផ្ទះ​វិញ ខ្លួន​សង្ស័យ​​ក៏ចុះ​ទៅ​ស្រែក​ហៅតែ​​មិន​​ឮនាង​​ឆ្លើយ​ទើប​មានការ​ភ្ញាក់​ផ្អើល​ ហើយក៏​​នាំគ្នា​​​បញ្ចាំង​ពិល​​ដើរ​​រក​ ស្រាប់​តែឃើញ​​​នាង​ចង.ក​​​ស្លាប់​ក្រោម​ដើម​​ស្វាយ​​ទៅ​ហើយ​ ។

សុខ ជា​ ជូតទឹក​ភ្នែក​​ ហើយ​ពោល​​ថា រូបគេ​និងនាង​​ស្រឡាញ់​​គ្នា​ប្រហែល​៣ឆ្នាំ​កន្លងមក​ហើយ ព្រម​ទាំង​បាន​ភ្ជាប់ពាក្យ​​រយៈពេល​១ឆ្នាំ​មក​ហើយ​​ដែរ​ ទើប​ឈាន​ដល់​ថ្ងៃ​ចូលរោងការ​។​ លុះ​នៅយប់​ផ្សំដំណេក​​ស្រាប់​តែ​​នាង​ចង.ក​​សម្លាប់​ខ្លួន​ចោល​រូបគេ​ទៅវិញ ។ យុវជន​​នេះ​បាន​បញ្ជាក់​ថា រូប​គេ​​និង​នាង​ស្រឡាញ់​គ្នា​ណាស់ មិនធ្លាប់​ល្អក់កក​រ​ម្តងណា​ទេ ។

ទាក់ទិន​នឹង​សាវតា​ររបស់​នាង​រិទ្ធ សំណាង ​សាច់ញាតិ​និង​អ្នកភូមិ​ស្ទើរ​គ្រប់​គ្នា​​សុទ្ធតែ​ពោល​​សរសើរ​ថា នាង​ជាមនុស្ស​សុភាព​រាប​សា​ មិន​ចេះ​​ដើរលេង​​​រហេតរហូត ហើយ​ក៏គេ​មិន​ដែល​ឃើញ​​​នាង​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយ​​បុរស​ផ្សេង​​​ណា​ក្រៅពី​យុវជន​សុខ ជា នេះដែរ ។ ប៉ុន្តែ​​ម្តាយ​របស់​​នាង​អ្នក​ស្រី​​គឿន នី បានបញ្ជាក់​ថា មុន​ពេល​​​ចូល​រោង​ការ​មួយ​សប្តាហ៍​​គ្រូ​​ទាយ​បាន​​ទាយ​​ថា កូន​ស្រី​គាត់​មាន​គ្រោះ​ ហើយ​អ្នក​ស្រី​បាន​ឱ្យ​គ្រូស្រោចទឹក​ដើម្បី​រំដោះគ្រោះ​នេះ​រួច​រាល់​ផង​ដែរ  ។ អ្នក​ស្រី​បាន​បញ្ជាក់​បន្ថែម​ថា ក្រៅ​ពីនេះ​កូន​ស្រី​គាត់​មាន​ជំងឺគ្រុន​ពោះវៀន​​ ហើយ​នៅ​ពេល​​នាង​កំពុង​ទទួល​ភ្ញៀវ​​គាត់​បាន​​ឱ្យគ្រូ​ពេទ្យ​​​ចាក់​ថ្នាំ​​ ព្រោះ​ខ្លាច​ជំងឺ​នេះធ្វើទុក្ខ ។ ប៉ុន្តែ​​អ្នក​ស្រី​​មិន​បាន​​ដឹង​រឿង​​លើសពីនេះ​ដែលនាំឱ្យ​កូនស្រី​​ធ្វើអត្តឃាត​​ដូច្នេះ​ទេ ។ ​សព​របស់​នាងត្រូវ​បាន​សមត្ថកិច្ច​​ពិនិត្យ​​យ៉ាង​យក​ចិត្តទុកដាក់​បំផុត មុនពេល​​ធ្វើ​កំណត់​​ហេតុ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​​យកធ្វើបុណ្យតាម​ប្រពៃណី​ ។ អ្វីដែលគេនឹកស្មានមិនដល់​នោះគឺ​ ការ​សម្លាប់​ខ្លួនដោយគ្មានមូលហេតុ ៕