ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលស្រុកកំរៀងបានរាយការណ៍ថា អ្នករត់ម៉ូតូឌុបម្នាក់ត្រូវម៉ូយរបស់ខ្លួនដែលសង្ស័យថា ជាចោរ ចំនួន២នាក់ព្រួតគ្នាវាយស្ទើរស្លាប់ រួចប្លន់យកម៉ូតូទៅបាត់ស្រមោល កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៩ មីនា ក្នុងគ្រាដែលអ្នករត់ម៉ូតូឌុបរូបនេះឌុបជនមិនស្គាល់មុខមកដល់ចំណុចភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង ។
តាមប្រភពពីលោក ស្រី វុទ្ធី អធិការរងស្រុកកំរៀង ឱ្យដឹងថា អ្នករត់ម៉ូតូឌុបនោះឈ្មោះភួង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ត្រូវចោរ២នាក់ព្រួតគ្នាវាយនឹងដំបង រហូតសន្លប់បាត់ស្មារតី ខណៈដែលឌុបប៉ះម៉ូយជាចោរទៅដល់ពាក់កណ្តាលផ្លូវ ។ ប្រភពដដែលបន្តថា ក្រោយពេលវាយម្ចាស់ម៉ូតូឱ្យសន្លប់ ដោយពួកចោរស្មានថា ស្លាប់បាត់ទៅហើយ ពួកវាក៏យកម៉ូតូនេះទៅបាត់ ។
តាមចម្លើយខ្លះៗដែលជនរងគ្រោះបំភ្លឺប្រាប់សមត្ថកិច្ចលើកដំបូងពេលដឹងខ្លួនតិចៗថា ខ្លួនបានឌុបម៉ូយ២នាក់នេះពីផ្សារស្រុកកំរៀង បម្រុងទៅតំបន់ផ្លូវលេខ៣០ លុះឌុបដល់ចំណុចខាងលើ ពួកចោរបានប្រាប់ឱ្យខ្លួនឈប់ ដោយប្រាប់ថា ចូលយកខោអាវផ្ទះបងប្អូន ។ ពេលខ្លួនឈប់ភ្លាម ស្រាប់តែពួកវាចុះពីលើម៉ូតូព្រួតគ្នាវាយក្បាលនឹងដំបងរហូតសន្លប់ ហើយពួកចោរប្លន់យកម៉ូតូទៅបាត់ ។ ឈ្មោះភួង រដ្ឋា បន្តថា ម៉ូតូនេះម៉ាកហុងដាឌ្រីម សេរ៊ីឆ្នាំ២០០៨ ពណ៌ខ្មៅ និងលុយ៥ម៉ឺនរៀល ព្រមទាំងទូរស័ព្ទដៃ១គ្រឿងទៀត ។
លោក ស្រី វុទ្ធី អធិការរងបានបញ្ជាក់ថា ជនរងគ្រោះរបួសក្បាល និងផ្ទៃមុខធ្ងន់ធ្ងរ ដោយពួកចោរបានប្រើដំបងឈើវាយទៅលើជនរងគ្រោះ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញដំបងឈើមួយកំណាត់ជាវត្ថុតាងដែលជនសង្ស័យប្រើប្រាស់ វាយជនរងគ្រោះ ។ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយទេ ហើយកំពុងបន្តសាកសួរជនរងគ្រោះ ព្រោះជនរងគ្រោះកំពុងសម្រាកព្យាបាលនៅឡើយ ៕
ចែករំលែកព័តមាននេះ