ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹម​មុខរីកដូចគ្រាប់ជី ព្រោះ​​គោមានទីផ្សារ​ល្អណាស់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ កសិករ​ដែល​មាន​គោ​ចិញ្ចឹម​ច្រើន​កំពុង​រីក​សួត​ប្រ​ម៉ាត់ ដោយសារ​តែ​បច្ចុប្បន្ន សត្វ​គោ​មាន​ទីផ្សារ​ល្អ ខណៈ​ឈ្មួញ​នានា​បាន​សំរុក​ដើរ​រក​ទិញ​ស្ទើរ​គ្រប់​ទិស​ទី រហូត​មាន​ឈ្មួញ​ខ្លះ​ដើរ​សួរ​រក​ទិញ​គោ​ដល់​កន្លែង​ឃ្វាល​តែ​ម្ដង​។ នេះ​បើ​តាម​ការ​ការ​អះអាង​របស់​ម្ចាស់​គោ ដែល​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព កាលពី​ស​ប្ដា​ហ៍​មុន​។ កសិករ​ឈ្មោះ​ធួន…

ខេត្តបាត់ដំបង​៖ កសិករ​ដែល​មាន​គោ​ចិញ្ចឹម​ច្រើន​កំពុង​រីក​សួត​ប្រ​ម៉ាត់ ដោយសារ​តែ​បច្ចុប្បន្ន សត្វ​គោ​មាន​ទីផ្សារ​ល្អ ខណៈ​ឈ្មួញ​នានា​បាន​សំរុក​ដើរ​រក​ទិញ​ស្ទើរ​គ្រប់​ទិស​ទី រហូត​មាន​ឈ្មួញ​ខ្លះ​ដើរ​សួរ​រក​ទិញ​គោ​ដល់​កន្លែង​ឃ្វាល​តែ​ម្ដង​។ នេះ​បើ​តាម​ការ​ការ​អះអាង​របស់​ម្ចាស់​គោ ដែល​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព កាលពី​ស​ប្ដា​ហ៍​មុន​។

កសិករ​ឈ្មោះ​ធួន ធៀប រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ បាន​ថ្លែងប្រាប់​កោះ​សន្តិភាព​ថា បច្ចុប្បន្ន​សត្វ​គោ មាន​ទីផ្សារ​ល្អ​ជាង​ពេល​ណា​ៗ​ទាំងអស់ បើ​មាន​អ្នក​ចិញ្ចឹម​គោ​ច្រើន ​ពិតជា​ត្រូវប៉ាន់​ហើយ​។ គាត់​និយាយ​ទៀត​ថា ឈ្មួញ​ដើរ​រក​ទិញ​គោ​ខ្វាត់​ខ្វែង​សម្បើម​ណាស់ ហើយ​ឈ្មួញ​ខ្លះ​ដើរ​សួរ​រក​ទិញ​គោ​ដល់​កន្លែង​ឃ្វាល មិន​ថា​នៅ​ក្នុង​ព្រៃ ឬ នៅ​តាម​វាល ដែល​មាន​សំបូរ​ហ្វូងគោ​ច្រើន​នោះ​ទេ​។ ប៉ុន្តែ​តំលៃ​មើល​ជាក់ស្ដែង តាម​ប្រភេទ​គោ​ធាត់​ឬ​ស្គម តែ​មិន​រើស​ល្អ​ឬ​អាក្រក់​ឡើយ​។

ជួប​ជាមួយ​កោះសន្តិភាព ពេល​គាត់​កំពុង​ដេញគោ​ទាំង​ហ្វូង​យក​ទៅ​ឃ្វាល​នៅ​ក្នុង​អាង​កំពីងពួយ (​តំបន់​ទេសចរ​ណ៍​) បុរស​វ័យ​៦៥​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំ​បាន​លក់​គោ​អស់​ប៉ុន្មាន​ក្បាល​ដែរ ក្នុង​តំលៃ​ខ្ពស់​គួរសម ដែល​ខ្ញុំ​មិន​ធ្លាប់​លក់​បាន​តំលៃ​ខ្ពស់​អីចឹង​ទេ​ឆ្នាំ​មុន​ៗ»​។ ជាមួយនឹង​កាយវិការ​ផង លោក ធួន ធៀប បាន​ប្រាប់​ថា «​រាល់ថ្ងៃ​ឈ្មួញ​មក​សួរ​រក​ទិញ​គោ​ខ្ញុំ ញឹក​ញ៉ាប់​ដែរ គឺ​តាម​សួរ​ដល់​កន្លែង​ខ្ញុំ​ឃ្វាល​តែ​ម្ដង តែ​គោ​ខ្ញុំ​នៅ​តួច​ៗ​ពេក ព្រោះ​អាធំ​ៗ​លក់​អស់ហើយ​»​។

គេ​ប្រទះ​ឃើញ​ហ្វូងគោ​រាប់រយ​ក្បាល ដែល​ត្រូវ​អ្នក​ភូមិ​ដេញ​យក​ទៅ​ឃ្វាល​នៅ​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ នៅ​ប៉ែក​ខាងត្បូង នៃ​តំបន់​ទេសចរ​ណ៏​«​អាង​កំពីងពួយ​» ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ អ្នក​កង្វា​ល​គោ​ទាំងនោះ បាន​ប្រាប់​ថា «​ហ្វូងគោ​រាប់រយ​ក្បាល​ពាសពេញ​វាលស្មៅ​ទាំងនោះ គឺ​មាន​ម្ចាស់​ផ្សេង​ៗ​គ្នា នៅ​ភូមិ ឃុំ ផ្សេង​ៗ​គ្នា តែ​បាន​ដេញ​យក​មក​ឃ្វាល​នៅ​ទី​នេះ​ជុំ​គ្នា ព្រោះ​ទី​នេះ​សំបូរ​ស្មៅ ហើយ​មិន​ប៉ះពាល់​ផលដំណាំ​គេ​»​។ ពួក​គេ​និយាយ​ថា ស្ទើរ​រាល់ថ្ងៃ ឈ្មួញ​តែង​ជិះ​ម៉ូតូ​ខ្វាត់ខ្វែង ស្វែង​សួរ​រក​ទិញ​គោ​ដល់​កន្លែង​ឃ្វាល​។ មិន​ថា​គោ​ប្រភេទ​ណា តូច​ឬ​ធំ ធាត់​ឬ​ស្គម នោះ​ទេ ឲ្យ​តែ​ម្ចាស់​ថា​លក់​គឺ​ឈ្មួញ​តថ្លៃ​ទិញ​យក​ភ្លាម​ៗ​តែ​ម្ដង​។

ឈ្មួញ​ទិញ​គោ​ម្នាក់ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា សព្វ​ថ្ងៃនេះ​សត្វ​គោ​ពិតជា​មាន​ទីផ្សារ​ល្អ​មែន​។ គាត់​និយាយ​ថា ម្ចាស់​គោ​មិន​ចាំ​ស្វែងរក​អ្នកទិញ ឬ អំពាវនាវ​យូរថ្ងៃ​ទេ គឺ​នៅ​កន្លែង​ណា​ក៏​មាន​អ្នក​ចាំ​ទិញ​ដែរ ឲ្យ​តែ​ម្ចាស់​ថា លក់​គឺ​ឈ្មួញ​ទៅ​ដល់​ភ្លាម​ៗ​តែ​ម្ដង​។ ឈ្មួញ​គោ​រូប​នេះ បាន​បញ្ជាក់​ថា គោ​ដែល​ត្រូវ​ទិញ​មាន​២​ប្រភេទ គឺ គោ​សម្រាប់​កាប់​សាច់​លក់ និង គោ​សម្រាប់​នាំ​ចេញ​ទៅ​វៀតណាម​។ គោ​ដែល​ទិញ​កាប់​សាច់​លក់ គឺ​គោ​ធាត់​មាន​សាច់​ច្រើន រីឯ​គោ​សម្រាប់​នាំ​ចេញ​គឺ​គោ​ចម្រុះ​។

អ្នកទិញ​គោ​បាន​ពន្យល់​ថា «​ចំពោះ​គោ​ដែល​ទិញ​សម្រាប់​នាំ​ចេញ បើ​គោ​នោះ​ស្គម គឺ​យើង​មើលថែ​បំប៉ន​វា​ឲ្យ​មាន​សាច់​ល្អ​បន្តិច​សិន ទើប​លក់​ចេញ​បាន​ថ្លៃ​។ ប៉ុន្តែ​បើ​គោ​នោះ​ទិញ​មក​មាន​សាច់​ល្អ មិន​ចាំបាច់​ថែបំប៉ន​ទេ គឺ រៀបចំ​ដឹក​ទៅ​កាន់​វៀតណាម​តែ​ម្ដង​»​។ គាត់​បាន​បញ្ជាក់​បន្ថែម​ថា សព្វ​ថ្ងៃនេះ ប្រជា​កសិករ​ដែល​មាន​ដី​ធំ​ទូលាយ​ល្អ គឺ​ពួក​គេ​កំពុង​សំរុក​ទិញ​គោ​យក​ទៅ​ចិញ្ចឹម​សម្បើម​ណាស់​ស្ទើរ​គ្រប់​ទីកន្លែង​។ ព្រោះ​មាន​ទីផ្សារ​ល្អ ទាំង​គោ​នាំ​ចេញ ទាំង​គោ​សម្រាប់​កាប់​សាច់​លក់​។

ប៉ុន្តែ​យ៉ាងនេះ​ក្ដី បើ​តាម​អ្នក​ចិញ្ចឹម​គោ​ខ្លះ​បាន​និយាយ​ថា ពិតមែនតែ​តំលៃ​គោ​បច្ចុប្បន្ន​ហាក់​មាន​សន្ទុះ​ខ្លាំង តែ​អ្នក​ចិញ្ចឹម​គោមួយ​ចំនួន​ក៏​កំពុង​ប្រឈម​នឹង​ទីតាំង​ចិញ្ចឹម​ខ្លះ​ៗ​ដែរ​។ លោក ប៊ុ​ន​រិ​ទ្ធ អ្នក​ចិញ្ចឹម​គោ​ម្នាក់ បាន​និយាយ​ថា សព្វ​ថ្ងៃនេះ អ្នកមាន​គោ​ច្រើន​ត្រូវ​ប្រឈម​នឹង​ទីតាំង​ចិញ្ចឹម​។ ប៉ុន្តែ​បើ​គេ​មាន​ដីចំការ ឬ ដី​វាល​ធំ​ៗ​មិន​អី​ទេ តែ​សម្រាប់​អ្នក​ចិញ្ចឹម​គោ​ច្រើន ហើយ​មាន​ដី​តូច​ៗ​អាច​ជួប​ការ​លំបាក​។

គាត់​បាន​លើក​ឡើង​ថា អ្នក​ចិញ្ចឹម​គោ​ត្រូវ​មាន​ទីតាំង​ធំ​ទូលាយ មាន​ដី​សម្រាប់​ដាំ​ស្មៅ​ឲ្យ​គោ​ស៊ី និង មាន​ប្រព័ន្ធ​ទឹក​សម្រាប់​ប្រើប្រាស​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ​អ្នក​ចិញ្ចឹម​គោ​ច្រើន​អាច​នឹង​ជួប​ការ​លំបាក​ខ្លាំង​ណាស់​។ ព្រោះ​បើ​ប្រ​លេង​ឲ្យ​ស៊ី​តាម​វាល​ផ្ដេសផ្ដាស់​វា​អាច​ប៉ះពាល់​ផលដំណាំ​គេ​។ នេះ​ជា​បញ្ហា​ដែល​អ្នក​ចិញ្ចឹម​គោ​ច្រើន​ត្រូវ​ប្រឈម ព្រោះ​សព្វ​ថ្ងៃនេះ​ដី​ចង្អៀត​ខ្លាំង​ណាស់​។ ដូច្នេះ​មាន​តែ​ច​ញ្ចឹ​ម​លើ​ដី​ខ្លួនឯង​ទេ​ទើប​ល្អ​៕​

អត្ថបទសរសេរ ដោយ