ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ខុន​ដូ​ហាក់​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ បន្ទាប់​ពី​ថមថយ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដើមឆ្នាំ ២០២០ មក​ទីផ្សារ​ខុន​ដូរ ទាំង​តម្លៃ​និង​សកម្មភាព​ទិញ​-​លក់​ហាក់​មានការ​ថមថយ​បន្តិច ដោយសារ​តែ​កត្តា​មួយ​ចំនួន​រួម​ទាំង​បញ្ហា​កូ​វី​ដ ១៩ ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ដើមឆ្នាំ ២០២០ មក​ទីផ្សារ​ខុន​ដូរ ទាំង​តម្លៃ​និង​សកម្មភាព​ទិញ​-​លក់​ហាក់​មានការ​ថមថយ​បន្តិច ដោយសារ​តែ​កត្តា​មួយ​ចំនួន​រួម​ទាំង​បញ្ហា​កូ​វី​ដ ១៩ ផង​ដែរ ។ ក៏​ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ទីផ្សារ​ខុន​ដូ ហាក់​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​បន្តិច ទាំង​សកម្មភាព​ទិញ​-​លក់​និង​តម្លៃ ។

បើ​តាម​លោក​យ៉ង់ វិចិត្រ ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Spring CJW Development អភិវឌ្ឍន៍​ខុន​ដូ Axis បាន​និយាយ​ថា ចាប់តាំងពី​ឆ្នាំ ២០២០​មក​ទីផ្សារ​ខុន​ដូ នៅ​កម្ពុជា​ហាក់​មានការ​ថមថយ​ចុះ ដោយសារ​តែ​អំឡុង​ពេល​នោះ បណ្ដា​ប្រទេស​ជា​ច្រើន​ជួប​ប្រទះ​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ជនបរទេស​ដែល​ជា​អ្នក​វិនិយោគ​និង​បេសកកម្ម​ការងារ​នានា​ក៏​ត្រូវ​បាន​ផ្អាក និង​បន្ថយ​សកម្មភាព ហើយដោយ​សារ​តែ​ទីផ្សារ​ខុន​ដូ កន្លង​មក​គឺ​ផ្ដោត​លើ​ជនបរទេស ដូច្នេះ​ហើយ​នៅ​ពេល​ជនបរទេស​ថយ​ទីផ្សារ​ក៏​រាង​ថយ​បន្តិច ។

លោក​បន្ត​ថា សម្រាប់​រយៈពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ទីផ្សារ​ខុន​ដូ​ក៏​ហាក់​មាន​កំណើន​បន្តិច​ឡើង​វិញ ហើយ​អ្នក​ដែល​ទិញ​ខុន​ដូ នៅ​កម្ពុ​ជានា​ពេល​នេះ​ក៏​បាន​ផ្លាស់​ពី​ជនបរទេស​ភាគច្រើន មក​ជា​ជនជាតិ​ខ្មែរ ឬ​ហៅ Local Market កាន់តែ​ច្រើន​ផង​ដែរ ។

លោក​បាន​បន្ត​ថា « កាលពីមុន​អ្នកទិញ​ខុន​ដូ នៅ​កម្ពុជា​ភាគច្រើន​ជា​ជនបរទេស តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជនជាតិ​ខ្មែរ​ទិញ​ខុន​ដូ​មាន​កំណើន​ឡើង ជា​ពិសេស​យុវវ័យ​សម័យ​ថ្មី និង​អ្នក​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅប្រទេស​ទើប​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ » ។

លោក​បន្ថែម​ថា ដោយ​មើល​ពី​និន្នាការ​នៃ​ការ​កើនឡើង​វិញ​នៃ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា លោក​សង្ឃឹមថា​នៅ​ចុងឆ្នាំ​នេះ វិស័យ​ខុន​ដូ នឹង​ទទួល​បាន​កំណើន​ឡើង​វិញ ទាំង​សកម្មភាព​ការ​លក់​និង​តម្រូវការ ហើយ​ក៏​សង្ឃឹមថា​វិនិយោគិន​បរទេស​នឹង​ត្រលប់​មក​កម្ពុជា​ដើម្បី​ស្វែងរក​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ខុន​ដូ ។

លោកស្រី អាន់ សុធី​តា អគ្គ​នាយិកា​ក្រុមហ៊ុន CBRE ប្រចាំ​កម្ពុជា​បានអោយ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ ២០២០ នេះ កម្ពុជា​មាន​ខុន​ដូ​សរុប​ប្រមាណ​២​ម៉ឺន​យូ​នី​ត ក្នុង​នោះ​បាន​អភិវឌ្ឍន៍​សាងសង់​រួចរាល់​ចំនួន​ជាង​៦០​គម្រោង និង​កំពុង​ទទួល​បានការ​គាំទ្រ​ពី​ធនាគារ ក្នុង​ការ​ផ្ដល់​ឥណទាន​សម្រាប់​វិនិយោគ​ផង​ដែរ ។ ដោយឡែក​សម្រាប់​គម្រោង​ខុន​ដូ ដែល​កំពុង​សាងសង់ មិនសូវ​មានការ​គាំទ្រ​ហិរញ្ញវត្ថុ​ដើម្បី​វិនិយោគ​ពី​សំណាក់​ធនាគារ​ឡើយ ។

លោកស្រី​បាន​បន្ត​ថា «​វិនិយោគិន​ខ្លះ​បាន​យក​លុយ​ពី​ធនាគារ មក​ទិញ​ខុន​ដូ រួច​ហើយ​ក៏​បាន​ដាក់​ជួល​ខុន​ដូ​នោះ​ទៅ​ជនបរទេស ឬ​វិនិយោគិន​ដទៃ​ទៀត ដើម្បី​បាន​ប្រាក់​ចំណេញ​មក​វិញ ក៏​ប៉ុន្តែ​នៅ​ពេល​មានការ​ធ្លាក់​ចុះ​ចំនួន​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ខាង​ធនាគារ​ក៏​គេ​មើល​ដែរ បើសិនជា​គ្មាន​អ្នក​ជួល​ទេ​ពួក​គេ​ពិបាក​នឹង​ផ្ដល់​ឥណទាន​ទៅ​វិនិយោគិន ដើម្បី​យក​លុយ​ទាំងនោះ​ទៅ​វិនិយោគ​ជាមួយនឹង​ខុន​ដូ​ហ្នឹង​ណា​» ។

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ​ចំនួន​អ្នកទិញ​ខុន​ដូ នៅ​កម្ពុជា​ជា​ជនបរទេស​មានការ​ថយ​ចុះ​និង​ជំនួស​មក​វិញ​ដោយ​ជនជាតិ​ខ្មែរ និង​ទីផ្សារ​ក្នុងស្រុក ដោយសារ​តែ​ផ្នត់គំនិត​របស់​ជនជាតិ​ខ្មែរ ដែល​ចង់​រស់នៅ​ក្នុង​ខុន​ដូ​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​វា​ក៏​មិន​ចំឡែក​ដែរ ដែល​អ្នក​រស់នៅ​ក្នុង​ខុន​ដូ​គឺជា​ប្រជាជន​ក្នុងស្រុក ព្រោះថា​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន ជា​ពិសេស​ប្រទេស​ជិតខាង​កម្ពុជា មានបទពិសោធន៍​រួច​ហើយ ដោយ​ពី​មុន​អ្នក​រស់នៅ​ក្នុង​ខុន​ដូ​ជា​ជនបរទេស​តែ​ក្រោយមក​ក៏​ជា​ជនជាតិ​ខ្លួន​វិញ ។

ជា​ការ​កត់សម្គាល់ ការ​វិនិយោគ​អគារ​ខុន​ដូ នៅ​កម្ពុជា​នៅ​តែ​មាន​សកម្មភាព​ជា​ហូរហែ​ទោះ​កម្ពុជា​និង​ពិភពលោក​ជួបនឹង​វិបត្តិ​កូ​វី​ដ​១៩ ដោយ​ក្នុង​នោះ មាន​ទាំង​វិនិយោគិន​ក្នុងស្រុក​និង​បរទេស ។ ការ​វិនិយោគ​ទៅ​លើ​ខុន​ដូ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ទីតាំង និង​ការ​រចនា​ខាងក្នុង​ខុន​ដូ​ដែល​គេ​ហៅ​ថា Facilities ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ