ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​មន្ត្រី​ខ្មោច​…!

9 ឆ្នាំ មុន

ប៉ុន្មាន​ថ្ងៃមុន អា​ឡេវ​ចូល​ផឹក​កាហ្វេ​នៅហាង​មួយ ដោយ​អង្គុយ​ក្បែរ​តុ​ដែល​មាន​មនុស្ស​ប្រុស​ប្រមាណ​៥-៦​នាក់ ទំនងជា​មិត្តភក្តិ​គ្នា កំពុង​ជជែក​គ្នា​ពី​រឿង​វិធានការ​ក្តៅ​របស់​

ប៉ុន្មាន​ថ្ងៃមុន អា​ឡេវ​ចូល​ផឹក​កាហ្វេ​នៅហាង​មួយ ដោយ​អង្គុយ​ក្បែរ​តុ​ដែល​មាន​មនុស្ស​ប្រុស​ប្រមាណ​៥-៦​នាក់ ទំនងជា​មិត្តភក្តិ​គ្នា កំពុង​ជជែក​គ្នា​ពី​រឿង​វិធានការ​ក្តៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ទៅ​លើ​មន្ត្រី​ខ្មោច​នៅ​តាម​ក្រសួង​-​ស្ថាប័នរដ្ឋ ។

ស្រាប់តែ​ឮ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ​មិនដឹង​ធ្វើការ​នៅ​ក្រសួង ឬ​ក៏​ស្ថាប័ន​ណា​ទេ និយាយ​ថា ៖
– ប្រធាន​នាយកដ្ឋាន​ខ្ញុំ អា​ឡូ​វ​នឹង​ហាក់​កំពុង​យក​វិធានការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គាបសង្កត់​មន្ត្រី​ក្រោម​ឱវាទ ក្នុង​ន័យ​ដើម្បី​បង្ខំ​ឱ្យ​មន្ត្រី​ដែល​មិនសូវ​ទៅ​បង្ហាញមុខ ឬ​មិន​ដែល​ទៅ​ធ្វើការ​សោះ​ភ័យ​មក​សូក​លុយ ។

គ្រាន់តែ​មនុស្ស​នោះ​និយាយ​មិន​ទាន់​ចប់​ផង មាន​មនុស្ស​ម្នាក់​ទៀត​បាន​និយាយ​តប​ថា ៖
– អើ​…​បើ​អ្ហែង​មិន​ដែល​ទៅ​ធ្វើការ​ផង​…​យូរ​ៗ​ទៅ​អើត​មុខ​ម្តង មិន​ឱ្យ​គេ​ធ្វើ​អីចឹង​…​បើ​មិន​រឹត​បន្តឹង ឬ​លាងដៃ​ខ្លួនឯង​ទេ ប្រធាន​នាយកដ្ឋាន​អ្ហែង​នឹង មិន​ជាប់​ខ្លួនឯង​…​ពេល​គេ​ស្រាវជ្រាវ ។

និយាយ​ដល់​ចំណុច​នេះ ពួក​គេ​ក៏​លើក​កែវ​កាហ្វេ​ក្រេប​តិច​ៗ…​ស្រាប់តែ​មនុស្ស​ទី​៣​ដែល​មើលទៅ​ទំនងជា​អ្នករាជការ ប៉ុន្តែ​តាម​សម្តី​និយាយ​ចេញ​មក​ដូច​ជា​មិនសូវ​ដែល​ចូល​ក្រសួង​-​ស្ថាប័នរដ្ឋ​ដែរ​នោះ បាន​លើក​ឡើង​ថា ៖
– មិន​ថា​តែ​មេ​អ្ហែង​ទេ​វើ​យ​…​ប្រធាន​…​លេខាធិការដ្ឋាន​អញ​ដែល​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​វិញ​ក៏​អីចឹង​ដែរ​… អា​ឡូ​វ​នឹង គាត់​ឱ្យ​មនុស្ស​ម្នាក់​ធ្វើ​កិច្ច​ការងារ​បុគ្គលិក ជំនួស​ឱ្យ​នាយកដ្ឋាន​បុគ្គលិក​ចំណុះ​អគ្គ​…​ដោយ​ឱ្យ​មនុស្ស​នោះ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​បុគ្គលិក​ណា​ដែល​មិនសូវ​ទៅ​បង្ហាញមុខ ដោយ​ប្រាប់​ថា ត្រូវ​តែ​ចូល​មក​ក្រសួង​បង្ហាញមុខ​ត្រឹម​ថ្ងៃនេះ​…​ថ្ងៃ​នោះ​…​ដោយ​កំណត់​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​…​បើ​មិន​អីចឹង​ទេ​គេ​នឹង​បញ្ជូន​ឈ្មោះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​លុបឈ្មោះ​ហើយ ។

គ្រាន់តែ​អ្នក​ទី​៣​និយាយ​ចប់​ហើយ​លើក​កែវ​តែ​ផឹក​មិន​ទាន់​ទាំង​ដាក់ចុះ​ដល់​តុ​ផង មនុស្ស​ទី​៤​បាន​និយាយ​ថា ៖
– អា​…​អើយ​…​ពួក​អ្ហែង​ឈប់​និយាយ​ទៅ​…​អ្ហែង​មិន​ទេ​អី​អា​ហ៍​…​ស្រុក​ខ្មែរ​មានអី​ទៅ​ឆ្ងល់​អា​រឿង​ចឹ​ង​ៗ…​ករណី​ខ្លះ​គេ​គ្រាន់តែ​ស្រែក​អី​ណា អី​ណី​នោះ អា​ពួក​ទទួលបញ្ជា​ខ្លះ​យក​លុយ​ដាក់​ហោប៉ៅ​បាត់​ហើយ​ហ្នឹង​…​ដូច​រក​លុយ​ឱ្យ​ពួក​គេ​ហ្នឹង​…​អ្ហែង​មិនដឹង​ទេ​អ្ហី​…

ស្រាប់តែ​មនុស្ស​ទី​៥​ដែល​អង្គុយ​លើក​កែវ​ចុះ លើក​កែវ​ឡើង​ស្តាប់​គេ និង​មើល​ឆ្វេង​មើល​ស្តាំ​រួច​និយាយ​ថា ៖
– អញ​អត់​ចង់​បញ្ចេញមតិ​អី​ច្រើន​ទេ អញ​គ្រាន់តែ​បារម្ភ​និង​ឆ្ងល់​អីចេះ​ទេ​… បើ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់វិធានការ​មន្ត្រី​ខ្មោច​ឱ្យ​មាន​តម្លាភាព សុចរិត​ភាព​ពិតប្រាកដ​មែន អញ​គាំទ្រ​…​តែ​ក្រសួង​-​ស្ថាប័ន​នីមួយ​ៗ​នោះ​ត្រូវ​តែ​មានការ​ងារ​ឱ្យ​គេ​ធ្វើ មិនមែន​ក្តោប​ការងារ​និង​ប្រគល់​កិច្ចការ​ឱ្យ​តែ​មនុស្ស​របស់​ខ្លួន​… រីឯ​បុគ្គលិក​ជា​ច្រើន​ទៀត អត់​អី​ធើ​…​អង្គុយ​អាន​កាសែត​…​អង្គុយ​មើល​គេ​… ឬ​អង្គុយ​មើល​គេ​ហុច​លុយ​នៅ​មុខ​ៗ​អីចឹង​ទេ​… បើ​អីចឹង​ដដែល មាន​តែ​បុគ្គលិក​អត់​អី​ធើ ទៅ​រក​ការងារ​ខាងក្រៅ ជា​ពិសេស​រត់​ម៉ូតូឌុប​… ឬ​រត់​ម៉ូតូ​កង់​៣…​មិន​អីចឹង​…​។

គ្រាន់តែ​មនុស្ស​ទី​៥​និយាយ​ចប់​ភ្លាម មនុស្ស​ចុង​ក្រោយ​ដែល​ស្តាប់​គេ​ជជែក​យូរហើយ​និយាយ​ថា អើ​អីចឹង​តោះ​អញ​ទៅ​ដឹក​ម៉ូយ​នៅ​អូរ​ឫស្សី​ហើយ​…​រវល់​តែ​ស្តាប់​ពួក​អ្ហែង ម៉ូយ​អញ​ជេរ​ងាប់​អ្ហើ​យ​…៕
                      អា​ឡេវ