ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អ្នក​ភូមិ​៥០​នាក់​នាំ​គ្នា​មក​តុលា​ការ​បំភ្លឺ​ជុំ​វិញ​បញ្ហា​ដី​សហគមន៍

15 ឆ្នាំ មុន

ខេត្តរតន​គិរី ៖ ប្រជា​ពលរដ្ឋ​​ប្រមាណ​​ជាង​៥០នាក់​បាន​មក​​ប្រមូល​ផ្តុំ​​គ្នា​មុខ​សាលា​ដំបូង​ខេត្ត​​នាព្រឹក​ថ្ងៃ​ទី២២ មីនា ​ដើម្បី​ចូល​ខ្លួន​មក​បំភ្លឺ​​ជួស​មុខ​ឱ្យ​ប្រជា​ពលរដ្ឋ​ចំនួន​១០៨​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិ​ប៉ាអរ ឃុំ​កិះ​ចុង ​ស្រុក​បកែវ ​លើ​ករណី​​បណ្តឹង​តវ៉ា​ទាម​ទារ​យុត្តិ​ធម៌​​ដែល​ប្រជា​ពល​រដ្ឋ​​ក្នុង​ភូមិ​ផ្សេង​​ គឺ​ភូមិ​ល្ហន់ ​ឃុំ​កិះ​ចុង ស្រុក​បកែវ ​បាន​យក​ដី​សហគមន៍​​ភូមិ​របស់ពួកគាត់​ទៅ​លក់​ឱ្យ​​ឈ្មោះ​លី គឹម​ឡេង រស់នៅ​​ក្រុង​បាន​លុង កាលពី​​អំឡុង​​ឆ្នាំ​២០០៧​។

​តំណាង​ប្រជាពល​រដ្ឋ​​ភូមិប៉ា​អរ​ម្នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ទាំង​៥០​នាក់​នៅ​មុខ​សាលា​ដំបូង​​ខេត្ត​រតនគិរី​បាន​ឱ្យ​ដឹង​នៅព្រឹក​ថ្ងៃ​ទី២៣ មីនា ថា ពួកគាត់​មាន​ដី​សហ​គមន៍​​ភូមិ​ប៉ា​អរ​ចំនួន​១៤២​ហិកតា ហើយ​មាន​ជន​មួយ​ក្តាប់​តូច​ក្នុង​ភូមិ​របស់ពួកគាត់​បាន​លួច​ឃុប​ឃិត​គ្នា​ជាមួយ​ប្រជាពល​រដ្ឋ​ភូមិ​ល្ហន់​រួម​ទាំង​មាន​ហត្ថ​លេខា​លោក​រចំឡាំ ជា​មេ​ឃុំ​កិះ​ចុង ​បាន​​លក់​ដី​នោះ​ទៅ​ឱ្យ​ឈ្មោះ​លី គឹមឡេង តាំ​ងពី​ឆ្នាំ​២០០៧ ដោយ​ពុំ​មានការ​ដឹង​​ឮ​ពី​ប្រជា​ជន​ក្នុង​សហគមន៍​​ប៉ាអរ​ឡើយ ។ ប៉ុន្តែលុះ​ក្រោយ​ពី​មាន​ការ​ឃុប​ឃិត​ផ្ទេរ​ដី​នោះ​ទៅ​ឱ្យ​ឈ្មោះ​លី គឹម​ឡេង នោះ​រួច​មក ស្រាប់​តែ​មាន​សកម្ម​ភាព​ដឹក​ជញ្ជូន​គ្រឿង​​ចក្រ និង​កម្ម​ករ​រួម​ទាំង​កាំបិត​ពូថៅ​មក​កាប់​​ឆ្ការ​នៅ​លើ​ផ្ទៃ​ដី​របស់ពួកគាត់​​ដែល​មាន​​ដំណាំ​​​កសិ​កម្ម​ជា​ច្រើន ​ដូច​ជា​ស្វាយ​ចន្ទី​​ សណ្តែក ​ពោត ដែលពួក​គាត់ធ្លាប់​បង្ក​បង្កើន​ផល​តាំង​ពី​​ក្រោយ​ថ្ងៃ​រំដោះ​​៧មករា មក​នោះ​ ទើប​​ពួក​គាត់​មានការ​ភ្ញាក់​ផ្អើល​ ហើយ​ក៏មាន​ការ​រា​រាំង​តវ៉ា​​​ហាម​ឃាត់​មិន​ឱ្យ​មានការ​ឈូស​ឆាយរហូត​ឈាន​ដល់​មាន​ការ​​​ដាក់ពាក្យ​បណ្តឹង ​​ដ​ល់​​​សាលា​ដំបូង​ខេត្ត​​ ។

តំណាង​ប្រជា​ពល​រដ្ឋ​រូប​នោះ​បាន​បន្ត​ទៀត​ថា ពួក​គាត់​មិន​នឹកស្មាន​ថា អស់លោក​មេ​ឃុំ​​ដែលពួក​​គាត់​ខំ​បោះ​ឆ្នោត​​ឱ្យ​នោះ​បែរ​ជា​មាន​ការ​ឃុប​ឃិត​លួច​លក់​ដី​របស់ពួកគាត់​​នោះ​ទ ហើយ​ថែម​​ទាំង​បាន​ចោទ​ប្រកាន់​ពួកគាត់​ថា បាន​​ទទួល​​ប្រាក់​ពី​អ្នក​​ទិញ​នោះ​ទៀត​ផង ។ អ្នកតវ៉ា​​បាន​និយាយ​ថា ​ពួកគាត់​រស់នៅ​​ក្នុង​ភូមិ​ប៉ា​អរ​ពុំ​ដែល​បាន​ទទួលប្រាក់នោះ​ទេ គឺ​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​ល្ហន់​​ឯណោះ​ទេ​ជា​អ្នក​​ទទួល​ប្រាក់​ពី​អ្នក​ទិញ​ហើយ​បែរ​ជា​មក​យកដី​នៅ​ក្នុង​សហគមន៍​ភូមិ​របស់​គាត់​​ទៅវិញ ។ ​ចាប់​តាំង​ពី​ពួក​គាត់​ដាក់​ពាក្យ​​បណ្តឹង​នោះ​មក តុលា​ការ​​ឬ​អាជ្ញា​ធរ​ពុំ​ដែល​មាន​ដំណោះ​ស្រាយ​​​ណា​មួយ ដើម្បី​ផ្តល់​ភាព​យុតិ្ត​ធម៌​​​ដល់​ពួកគាត់​ឡើយ ។ ​លុះ​មក​ដល់ថ្ងៃទី២២ មីនា ​បាន​ត្រូវ​តុលា​ការ​កោះ​អញ្ជើញ​​ពួក​គាត់​មក​បំភ្លឺ​​ និង​ធ្វើ​ការ​ជំនុំ​ជំរះ​​​ដោយ​មានភាគី​ទាំង​សង​ខាង​ចូល​រួម ​​ថែម​ទាំង​បង្ខំ​ឱ្យ​ពួក​គាត់​ផ្តិត​មេដៃ​​ទទួល​ស្គាល់​យល់ព្រម​ថា ពួក​គាត់​ពិត​ជា​បាន​លក់​ដី​នោះ​​ទៅ​ឱ្យ​ឈ្មោះ​លី គឹមឡេងនោះពិត​ប្រាកដ​​​មែន​ទៀត​ផង ។ ​ប៉ុន្តែ​ពួកគាត់​មិនបាន​ផ្តិត​មេដៃ​​យល់ព្រម​នោះ​ទេ ​ហើយ​តុលាការ​បន្ត​​ធ្វើ​ការ​ដោះ​ស្រាយ​​នៅព្រឹក​​​ថ្ងៃទី​២៣ មីនា ទៀត ។

ប្រភព​មួយ​ទៀត​​ពីមន្ត្រី​តុលា​ការ​បានឱ្យ​ដឹង​ថា ដី​ចំនួន​១៤២​ហិកតា​​ស្ថិត​នៅ​ភូមិ​ប៉ា​អរពិត​មែន​​ ប៉ុន្តែ​ប្រជាពល​រដ្ឋ​​រស់នៅ​ភូមិ​​ល្ហន់​​ជា​អ្នក​កាន់​កាប់​ ដោយ​សារ​មាន​ការសុំ​​ ឬខ្ចី​មក​បង្ក​បង្កើន​ផល​តាំង​ពី​យូរ​ឆ្នាំមក​ហើយ ​ហើយ​ម្ចាស់​គេ​ត្រូវ​ការ​លក់​បែរ​ជា​អ្នក​ភូមិ​ប៉ា​អរ​នេះ​មិន​យល់​ព្រម​ គឺ​តាម​ទម្លាប់​សហគមន៍​​ភូមិ​ជន​ជាតិ បើដី​នៅភូមិ​ណាមាន ម្ចាស់ត្រូវ​ការ​លក់​ទាល់​តែ​​មានការ​យល់ព្រម​​ពី​ប្រជាពលរដ្ឋ​ភូមិនោះ​​ទើប​បាន​​ ។ ហេតុ​ដូច្នេះ​​ហើយ​​ ទើប​កើតមាន​ទំនាស់​បណ្តឹង​​តវ៉ា​​បែបនេះ​កើតឡើង ៕