ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដី​មហានគរ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ពិភពលោក​ស្តី​ពី​ទេសចរណ៍​និង​វប្បធម៌

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សន្និសីទ​ពិភពលោក​ស្តី​ពី​ទេសចរណ៍ និង​វប្បធម៌ ក្រោម​ប្រធានបទ «​ការ​កសាង​ភាព​ជា​ដៃគូ​ថ្មី​» បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ក្រោម​អធិបតីភាព

ខេត្តសៀមរាប ៖ សន្និសីទ​ពិភពលោក​ស្តី​ពី​ទេសចរណ៍ និង​វប្បធម៌ ក្រោម​ប្រធានបទ «​ការ​កសាង​ភាព​ជា​ដៃគូ​ថ្មី​» បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ Le Meriden Angkor ក្រុង​សៀមរាប ។

សន្និសីទ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ វាគ្មិន​អន្តរជាតិ​ល្បី​ៗ​មក​ពី​៩៩​ប្រទេស ដែល​ក្នុង​នោះ​ថ្នាក់​រដ្ឋមន្ត្រី​មាន​ចំនួន​៤១​រូប មក​ពី​៣៨​ប្រទេស រដ្ឋមន្ត្រី​ទេសចរណ៍ ១៧​រូប រដ្ឋមន្ត្រី​វប្បធម៌ ១៥​រូប រដ្ឋមន្ត្រី​ទេសចរណ៍​និង​វប្បធម៌ ៧​រូប ថ្នាក់​អគ្គនាយក​២​រូប វាគ្មិន​ជាតិ​-​អន្តរជាតិ ២២​រូប សាស្ត្រាចារ្យ និស្សិត និង​ផ្នែក​ឯកជន ចំនួន​៤៩០​រូប សរុប​ទាំង​អ្នក​បាន​អញ្ជើញ​ចូលរួម​ចំនួន​១.១០៧​រូប ។ សន្និសីទ​ថ្នាក់​ពិភពលោក ស្តី​ពី​ទេសចរណ៍​និង​វប្បធម៌​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៥ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​បើក​អង្គ​សន្និសីទ​ពិភពលោក​ស្តី​ពី​ទេសចរណ៍​និង​វប្បធម៌ ថា កម្ពុជា​នៅ​ឆ្នាំ​២០២០ រំពឹង​ថា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​កើនឡើង​ដល់​៧​លាន​៥​សែន​នាក់ និង​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ សម្រាប់​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជាង​៨០​ម៉ឺ​ន​នាក់ ។

ទន្ទឹម​នេះ វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​យុទ្ធនាការ «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​» និង «​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​» ក៏​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​នៅ​ក្នុង​តំបន់ និង​ពិភពលោក ។ ជាមួយ​នេះ កម្ពុជា​ប្រកាន់​ជំហរ​បើក​ទូលាយ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ទេសចរណ៍ ដោយ​គាំទ្រ​ឱ្យ​មានការ​ប្រកួតប្រជែង​ស្មើភាព​គ្នា បង្កើន​គោលនយោបាយ​គាំទ្រ ធានា​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍ ដូច​ជា​គោលការណ៍​បើកចំហ​ជើងមេឃ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ការ​បង្កើត​នូវ​មូលដ្ឋាន​គតិ​យុ​ត្ត​ដើម្បី​ធានា​ការ​ការពារ​ដល់​ផលប្រយោជន៍​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ជា​ការ​ពិត វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​ជា​វិស័យសេដ្ឋកិច្ច និង​សង្គម​ដែល​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ចាត់ជា​វិស័យ​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​ធ្វើ​សមាហរណកម្ម​តំបន់​ទៀត​ផង ។

រាជរដ្ឋាភិបាល​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា​ជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ។ ចំណុច​នេះ​ពិតជា​មិន​អាច​ប្រកែក​បាន​ទេ ថា កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​ប្រកបដោយ​ភាព​ទាក់ទាញ​មួ​យ​ក្នុង​តំបន់ ដោយ​ឈាន​ពី​លក្ខណៈ​ពិសេស​នៃ​អច្ឆរិយ​គ្មាន​ពីរ​នៃ​អង្គរ​និង​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នានា ដូច​ជា​សិល្បៈ​របាំល្ខោន ចម្លាក់ ប្រពៃណី​រស់នៅ​ប្រកបដោយ​ភាពរួស​រាយ​រាក់ទាក់ ម្ហូបអាហារ​របស់​ប្រជាជន​ខ្មែរ​ជាដើម ។ លក្ខណៈ​ពិសេស​ទាំង​អស់នេះ រួម​ជាមួយ​ភាពល្អ​ស្អាត​នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ភាព​បៃតង​នៃ​ធម្មជាតិ ព្រៃឈើ គឺជា​ធាតុ​ផ្សំ​នៃ​ការ​ប្រសិទ្ធ​នាម «​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​» ឬ​អាច​និយាយ​បាន​មួយ​បែប​ទៀត​ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺ ជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌ ដែល​វប្បធម៌​នេះ​គឺជា​អត្តសញ្ញាណ​របស់​កម្ពុជា ។

ក្នុង​ន័យ​នេះ ដើម្បី​រួមចំណែក​ក្នុង​កិច្ច ពិភាក្សា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​រំលេច​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដោយ​ឈរ​លើ​ទស្សនទាន​គិត​ជា​សាកល​ប្រតិបត្តិ​ថ្នាក់​ជាតិ​ដូច​ខាងក្រោម ៖

១-​បន្ត​ខិតខំ​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍ វប្បធម៌ ឱ្យ​ប្រតិបត្តិការ​រួម​គ្នា​សម្រាប់​ជំរុញ​កំណើន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកបដោយ​សមធម៌ ។ យើង​ត្រូវ​យល់​ថា វិស័យ​ទេសចរណ៍ វប្បធម៌ មិន​ត្រឹមតែ​ជា​ផលិតផល​ដើម្បី​បង្កើន​ចំណូល​តែ​មួយ​មុខ​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​សង្គម​ទៀត​ផង ពីព្រោះ​តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌​នេះ នឹង​ជំរុញ​ដល់​ការ​កសាង​សង្គម សហគមន៍ ការ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​នៅ​មូលដ្ឋាន និង​ជំរុញ​ការ​អភិវឌ្ឍ​ទាំងអស់ ។

២-​វិស័យ​ទេសចរណ៍ និង​វប្បធម៌​បម្រើ​ឱ្យ​ការ​ថែរក្សា​បេតិកភណ្ឌ នៅ​ពេល​ដែល​សម្បត្តិ​បេតិកភណ្ឌ​មួយ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នឹង​ចូលរួម​ដល់​ការ​លើក​ស្ទួយ​កិត្យានុភាព និង​ការ​ផ្សព្វផ្សាយ​ជា​សាកល ព្រមទាំង​ការ​ប្រែ​ក្លាយជា​ផលិតផល​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ ។ ដូច្នេះ ការ​អភិវឌ្ឍ​បេតិកភណ្ឌ វប្បធម៌ នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព ។

ដើម្បី​ធានា​ឱ្យ​ការ​អភិវឌ្ឍ​មួយ​ឈរ​លើ​គោលការណ៍​និរន្តរភាព និង​ចីរភាព​ស្រប​តាម​ទស្សនទាន «​ការ​អភិរក្ស​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​បម្រើ​ឱ្យ​ការ​អភិរក្ស​» ដូច្នេះ​ទាមទារ​ឱ្យ​មានការ​គ្រប់គ្រង​ដោយ​ប្រុង​ប្រយ័ត្ន ត្រូវ​មានការ​អប់រំ ការ​យល់​ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវ​ទេសចរ និង​ប្រជាជន​នៅ​សហគមន៍​មូលដ្ឋាន ការ​ផ្តល់​កិច្ចសហការ និង​ការ​សម្រប​សម្រួលការ​អភិវឌ្ឍ​វប្បធម៌ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​បទដ្ឋាន​គតិ​យុ​ត្ត និង​យន្តការ​ស្ថាប័ន​គ្រប់គ្រង​ច្បាស់លាស់ ព្រមទាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ទំនើប​កម្ម​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌ ក៏​ដូច​ជា​ការ​គ្រប់គ្រង​តំបន់ បេតិកភណ្ឌ​ផង​ដែរ ។

៣-​វិស័យ​ទេសចរណ៍​និង​វប្បធម៌ ត្រូវ​រួម​គ្នា​ដើម្បី​ឧត្តមភាព​ប្រ​កួ​​ត​ប្រជែង​គោលដៅ​ទេសចរណ៍ និង​ការ​កសាង​នូវ​វប្បធម៌​សន្តិភាព​។ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌ និង​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ភ្ញៀវ​ទេសចរ និង​ប្រជាជន​មូលដ្ឋាន ជំរុញ​ឱ្យ​មានការ​យោគយល់​គ្នា បង្កើន​នូវ​ចំណងមិត្តភាព និង​សាមគ្គីភាព ចូលរួម​លើកកម្ពស់​មោទនភាព​របស់​សហគមន៍​និង​អត្តសញ្ញាណ​វប្បធម៌​ប្រជាជន​នៅ​មូលដ្ឋាន ។

ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​មានការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​នៅ​តាម​គោលដៅ​ទេសចរណ៍វប្បធម៌ ដើម្បី​ផ្តល់​ឱកាស​ការងារ ផ្តល់​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​ចេញពី​ការ​អភិវឌ្ឍ​ទេសចរណ៍​ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ដើរតួ​នាទី​ជា​កម្លាំង​ប្រកបដោយ​ជវភាព​សម្រាប់​សន្តិភាព កិច្ច​សហប្រតិបត្តិការ​មិត្តភាព សាមគ្គីភាព និង​ការ​យោគយល់​គ្នា​រវាង​ប្រជាជាតិ​មួ​ួ​យ​និង​ប្រជាជាតិ​មួយ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងអស់​នៅ​លើ​ពិភពលោក ក្នុង​ការ​រួម​គ្នា​ប្រតិបត្តិ​ក្នុង​ក្រប​ខណ្ឌ​ជាតិ​នីមួយ​ៗ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌​ឱ្យ​មាន​ចីរភាព ។ ក្នុង​នោះ​ចាំបាច់​ត្រូវ​បញ្ចូល​ខ្លឹមសារ​ជា​មូលដ្ឋាន​គ្រឹះ​៤​យ៉ាង រួម​មាន ៖

ក​-​ជំរុញ​ការ​វិនិយោគ និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍វប្បធម៌​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ផ្តល់​ភាព​ចង​ចាំ​ដល់​ភ្ញៀវ​ទេសចរ ព្រមទាំង​បង្កើត​ការ​សិក្សា​ទីផ្សារ​និង​ការ​ផ្សព្វផ្សាយ ។

ខ​-​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍វប្បធម៌ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍វប្បធម៌ ។

គ​-​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​វិស័យ​ទេសចរណ៍​និង​វប្បធម៌ ។

ឃ​-​ជំរុញ​ទំនាក់ទំនង​និង​ភាព​ជា​ដៃគូ​រវាង​ទេសចរណ៍​និង​វប្បធម៌ ។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ស្នើ​ឱ្យ​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ត្រូវ​យកចិត្តទុកដាក់​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ប្រជាជន ដោយ​ដាក់​ចេញ​នូវ​កម្មវិធី​ថ្នាក់​ជាតិ​មួយ​សំដៅ​ជំរុញ​លើកទឹកចិត្ត បណ្តុះ​នូវ​គំនិត​ផ្តួចផ្តើម និង​ការ​ច្នៃប្រឌិត ដើម្បី​បង្កើត​ឱ្យ​ចេញ​ជា​ផលិតផល​ទេសចរណ៍វប្បធម៌​ថ្មី​ៗ ជា​លក្ខណៈ​វត្ថុ​អនុស្សាវរីយ៍​ទេសចរណ៍ ដែល​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី រស់នៅ​របស់​ប្រជាជន​តាម​តំបន់​ផ្សេង​ៗ​គ្នា និង​បង្ហាញ​ពី​សិល្បៈ​បុរាណ សិល្បៈ​របាំ ចម្រៀង ប្រពៃណី ម្ហូប​ខ្មែរ ផ្លែ​ឈើ ។

លើស​ពី​នេះ​ទៀត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សូម​ឱ្យ​គ្រប់​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ឱ្យ​មាននូវ​ព្រឹត្តិការណ៍ និង​ផែនការ​ជា​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វប្បធម៌​ទេសចរណ៍​រៀង​ៗ​ខ្លួន ឈរ​លើ​វិធានការ​នៃ​កិច្ចសហការ​ជា​ដៃគូ រវាង​វិស័យ​ទេសចរណ៍ និង​វិស័យ​វប្បធម៌ ដូច​ជា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​ចំនួន​២​លើក​រួច​មក​ហើយ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា សន្និសីទ​ពិភពលោក​នេះ​នឹង​ដាក់​ចេញ​សេចក្តីថ្លែងការណ៍​សៀមរាប ស្តី​ពី​ទេសចរណ៍​និង​វប្បធម៌ ដោយ​រំពឹង​ថា ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​នេះ នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​មាន​សារសំខាន់​បន្ថែម​ទៀត សម្រាប់​ជា​ឯកសារយោង​ក្នុង​ការ​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​អភិរក្ស​ទេសចរណ៍វប្បធម៌​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា សន្និសីទ​ថ្នាក់​ពិភពលោក​នេះ នឹង​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត អំពី​តួនាទី​ទំនាក់ទំនង​រវាង​វិស័យ​ទេសចរណ៍ និង​វប្បធម៌ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ សម្រាប់​ពិភពលោក​ទាំងមូល ។ វប្បធម៌​កំពុង​ក្លាយជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​អភិវឌ្ឍន៍​ជា​ផលិតផល​ទេសចរណ៍ ដែល​អាច​បង្កើត​ជា​យថាភាព ភាព​មហស្ចារ្យ និង​ភាព​ទោល​សម្រាប់​តំបន់​មួយ ឬ​ប្រទេស​មួយ​នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍ ដែល​កំពុង​តែ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ខណៈ​ពេល​ដែល​ទេសចរណ៍​ផ្តល់​ឱ្យ​នូវ​មធ្យោបាយ​ដ៏​មាន​សារសំខាន់ ក្នុង​ការ​បង្កើត​នូវ​ប្រភព​ធនធាន ការ​ផ្តល់​ការ​គាំទ្រ និង​ការ​ពង្រឹង​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ក្នុង​យុគ្គសម័យ​នៃ​ភាព​ច្នៃប្រឌិត និង​សាកល​ភាវូបនីយកម្ម ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​និង​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​ដែល​ត្រូវ​ទស្សនា​ប្រកបដោយ​ភាព​ទាក់ទាញ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ពិសេស​សៀមរាប​អង្គរ​ត្រូវ​បាន​ទទួលស្គាល់ និង​ចាត់​ថ្នាក់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​លំដាប់​ទី​៤​នៅ​លើ​សាកលលោក និង​លំដាប់​ទី​២​នៅ​ក្នុង​អាស៊ី បន្ទាប់​ពី​ទីក្រុង​ក្យូ​តូ តាម​ការ​វាយតម្លៃ​របស់​ទស្សនាវដ្តី Travel and  Leisure ហើយ​អង្គរ​ក៏​បាន​ជាប់​ពានរង្វាន់​ជើងឯក​ឆ្នាំ​២០១៤ ក្នុង​ឱកាស​ទិវា​បុណ្យ​បុរាណវិទ្យា​អន្តរជាតិ​ផង​ដែរ ។

ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិតជា​រួមចំណែក​យា​៉​ង​សកម្ម​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ដទៃ​ទៀត​ផង​ដែរ ជា​អាទិ៍ សេដ្ឋកិច្ច​វប្បធម៌ សង្គម បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សណ្ឋាគារ អគ្គិសនី​…​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ថា កម្ពុជា​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​អង្គ​សន្និសីទ​ពិភពលោក​ដែល​មាន​តម្លៃ​ដ៏​ថ្លៃថ្លា​នេះ ។ នេះ​គឺជា​ផ្លែផ្កា​នៃ​ការ​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​រួម​មួយ ដែល​មាន​អង្គការ​ទេសចរណ៍​ពិភពលោក អង្គការ​យូ​ណេ​ស្កូ និង​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​ទេសចរណ៍ និង​វប្បធម៌ ដើម្បី​លើក​ស្ទួយ និង​ផ្សារ​ភ្ជាប់​វិស័យ​ទាំង​ពីរ ឱ្យ​ក្លាយជា​ដៃគូ​គំរូ​ដ៏​ល្អ​មួយ ក៏​ដូច​ជា​ការ​ផ្តល់​ប្រយោជន៍ និង​ចែករំលែក​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​មេរៀន ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាំង​ជោគជ័យ និង​កំហុស ។

លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បន្ត​ថា កម្ពុជា​ថ្វី​ដ្បិត​ជា​ប្រទេស​តូច និង​ទើបតែ​ងើប​ផុត​ពី​សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ជិត​បី​ទសវត្សរ៍​ក៏​ដោយ ក៏​មិន​មាន​អារម្មណ៍​រំខាន​ឡើយ​ក្នុង​ការ​អះអាង និង​មោទនភាព​ថា «​កម្ពុជា ជា​ព្រះរាជាណាចក្រ​វប្បធម៌ និង​អច្ឆរិយ​» ដែល​មាន​មរតក​បេតិកភណ្ឌ​រូបី និង​អរូបី​រាប់​ពាន់ បន្សល់​ទុក​ដោយ​បុព្វបុរស​ដូនតា​យើង ដូច​ជា ប្រាសាទ​អង្គរ ប្រាសាទព្រះវិហារ ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​របាំ​ព្រះរាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ ជា​តឹកតាង​ស្រាប់ ។

លោក​ជំទាវ​រដ្ឋមន្ត្រី​បញ្ជាក់​ថា មិនតែប៉ុណ្ណោះសម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​ជាស​កល​មួយ​ចំនួន​ទៀត​របស់​កម្ពុជា ទាំង​ផ្នែក​រូបី ដូច​ជា​ប្រាសាទ​សម្បូរ​ព្រៃ​គុ​ហ៍ បន្ទាយឆ្មារ ព្រះ​ខ័ន កំពង់ស្វាយ សិល្បៈ ចាប៉ី​ដង​វែង ល្ខោនខោល ជាដើម ក៏​រៀបចំ​ឯកសារ​ដាក់​ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​មនុស្សជាតិ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែរ ។

គោលនយោបាយ​ជាតិ ស្តី​ពី​វប្បធម៌​ដែល​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ បាន​បង្ហាញ​នូវ​ឆន្ទៈ​ប្តូរផ្តាច់​របស់​កម្ពុជា ក្នុង​ការ​ផ្តល់​នូវ​តួនាទី និង​ទីតាំង​ពិសេស​វប្បធម៌​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ថែរក្សា ការពារ លើកតម្កើង​សិល្បៈ​វប្បធម៌ ពង្រឹង​នូវ​សមត្ថភាព ស្ថិរភាព​សង្គម និង​អភិវឌ្ឍ​សេដ្ឋកិច្ច វប្បធម៌ រួម​ជាមួយ​វិស័យ​ផ្សេង​ៗ​ទៀត ដូច​ជា​វិស័យ​ទេសចរណ៍​ជាដើម ៕