គោបាត់ហើយនៅតែមិនធ្វើរបង
ពាក្យចាស់លោកពោលថា «គោបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបមើលសៀវភៅ» នេះសបញ្ជាក់ឱ្យឃើញពីការធ្វេសប្រហែសរបស់ម្ចាស់គោ ឬបេក្ខជនដែលមិនបានត្រៀមខ្លួនជាមុន
ពាក្យចាស់លោកពោលថា «គោបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបមើលសៀវភៅ» នេះសបញ្ជាក់ឱ្យឃើញពីការធ្វេសប្រហែសរបស់ម្ចាស់គោ ឬបេក្ខជនដែលមិនបានត្រៀមខ្លួនជាមុន
ពាក្យចាស់លោកពោលថា «គោបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបមើលសៀវភៅ» នេះសបញ្ជាក់ឱ្យឃើញពីការធ្វេសប្រហែសរបស់ម្ចាស់គោ ឬបេក្ខជនដែលមិនបានត្រៀមខ្លួនជាមុន ដើម្បីបង្ការគ្រោះមហន្តរាយណាមួយដែលអាចកើតឡើងចំពោះខ្លួន ។
ទោះជាយ៉ាងណាក្តី ពាក្យចាស់មួយឃ្លាខាងលើនេះវានៅតែប្រសើរជាងការអនុវត្តជាក់ស្តែងនៅក្នុងសង្គមយើងបច្ចុប្បន្ន ។ ប្រសើរជាងនៅត្រង់ថា រឿងរ៉ាវកើតឡើងហើយ នៅតែមិនប្រុងប្រយ័ត្ន មិនធ្វើរបងការពារបណ្តោយឱ្យហេតុការណ៍ទាំងនោះកើតឡើងដដែលៗ ។
ជាក់ស្តែងណាស់ គ្រប់ក្រសួងស្ថាប័នទាំងអស់នៅមានភាពធូររលុងចំពោះការអនុវត្តច្បាប់ គ្មានវិធានការការពារ ទប់ស្កាត់ ហើយលទ្ធផលចុងក្រោយបន្ទោសគ្នា រុញដាក់គ្នាទៅវិញទៅមក ឆ្លើយដោះសាយករួចខ្លួន រកអ្នកទទួលខុសអត់ឃើញ តែដណ្តើមគ្នាយកត្រូវ ។
ជាឧទាហរណ៍ សោកនាដកម្មអ្នកភូមិរកា ខេត្តបាត់ដំបង ដោយសារពេទ្យឯកជន យ៉ែម ជ្រិន ដែលគ្មានសញ្ញាបត្រពេទ្យត្រឹមត្រូវ ព្យាបាលខុសបច្ចេកទេស ទីបំផុតធ្វើឱ្យអ្នកភូមិរការជាង២០០នាក់ផ្ទុកមេរោគរងទុក្ខអស់មួយជីវិត ឯអ្នកទទួលខុសត្រូវបានត្រឹមតែឆ្លើយថា «គ្រូពេទ្យស៊ីឈ្នួលចាក់ថ្នាំ» ។ ហេតុអ្វីបានបណ្តោយឱ្យគ្រូពេទ្យស៊ីឈ្នួលចាក់ថ្នាំបន្តដុះស្លែចាក់ឫសបែបនេះបានយូរដល់រាប់ឆ្នាំម្ល៉េះ ? តើនៅមានពេទ្យប្រភេទញែម ជ្រិន ប៉ុន្មាននាក់ទៀតស្រុកខ្មែរ សុំក្រសួងសុខាភិបាលមើលផង មុននឹងអនុញ្ញាតច្បាប់ឱ្យបើកគ្លីនិកព្យាបាល ឬមួយក៏គ្រាន់តែហុចស្រោមសំបុត្រតិចតួចផ្តល់អាជ្ញាប័ណ្ណឱ្យ ?
បើនិយាយរឿងគ្លីនិកឯកជនអត់មានវិជ្ជាជីវត្រឹមត្រូវ វាទុំជោទៅហើយនៅស្រុកខ្មែរ ហើយបញ្ហាទាំងអស់នេះ វាបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់គ្លីនិកល្អៗមួយចំនួនទៀតដែលរកស៊ីត្រឹមត្រូវ ។
ចំណែកឯក្រសួងស្ថាប័នមួយចំនួនទៀតដូចជា ៖ ក្រសួងការងារបណ្តែតបណ្តោយឱ្យមានក្រុមហ៊ុនជ្រើសរើសពលករមួយចំនួនបោកប្រាស់ប្រជាជន ហើយទីបំផុតរកអ្នកទទួលខុសត្រូវអត់ឃើញ ។
ចំណែកឯក្រសួងអប់រំវិញមិនបានពិនិត្យមើលសាលាឯកជនមួយចំនួន ដែលមិនត្រូវស្តង់ដា ទាំងទីតាំងនិងគុណភាពអប់រំដល់សិស្សរៀនឆ្នាំទី២-៣ ស្រាប់តែប្រកាសថា ក្រសួងមិនទទួលស្គាល់ តើសិស្សដែលរៀននៅទីនោះទៅណា ?
រីឯក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់វិញ មិនព្រមប្រកាសឱ្យប្រជាជនដឹងមុនថា សំណង់ផ្ទះល្វែងណាខុសឬអត់ច្បាប់ទេ តែដល់ប្រជាពលរដ្ឋទិញហើយ ទើបចេញលិខិតមិនទទួលស្គាល់សំណង់ទាំងនោះទៅវិញ អ្នករងគ្រោះគឺប្រជាពលរដ្ឋ អ្នកណាជាអ្នកទទួលខុសត្រូវ ។
បើនិយាយទៀតវាកាន់តែអាក្រក់ តែណ្ហើយទៅចុះឈប់និយាយហើយ គ្រាន់តែផ្តាំថា បើធ្វើរបងមុនពេលបាត់គោក្របី គឺជារឿងគាប់ប្រសើរបំផុត ឬមួយបាត់គោមួយក្បាលហើយធ្វើរបងការពារគោដែលនៅសល់ ក៏វានៅគ្រាន់បើដែរ ។ សុំតែម្យ៉ាងទេ សូមធ្វើរបងចាក់សោឱ្យជិតមុនពេលបាត់ ឬយា៉ងហោចណាស់ក៏គួរតែរកមធ្យោបាយការពារកុំឱ្យបាត់គោបន្តទៀតក៏បានដែរ កុំឱ្យវាកើតរឿងដដែលៗតទៅទៀត ៕
ដោយ ៖ ហេង ដេត
ចែករំលែកព័តមាននេះ