ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ដីធ្លី​ជូន​ឈ្មោះ កែវ សុវណ្ណ ជា​ជន​ពិការ​ផង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​៩២​គ្រួសារ នៅ​ភូមិ​ខ្ពប​ត្រាច ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​អំពាវនាវ និង​សូម​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​៩២​គ្រួសារ នៅ​ភូមិ​ខ្ពប​ត្រាច ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក និង​អាជ្ញាធរ​ភូមិ​ឃុំ បាន​អំពាវនាវ និង​សូម​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជា​អន្តរាគមន៍ ដោះស្រាយ​ដីធ្លី​ជូន​ជន​រង​គ្រោះ​ឈ្មោះ កែវ សុវណ្ណ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជន​ពិការ​ជើង​ទាំង​ពីរ និង​ប្រពន្ធ​ឈ្មោះ រស់ សា​ម៉ាក់ អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ទីលំនៅ ភូមិ​ខ្ពប​ត្រាច ឃុំ​ជ្រៃ​ធំ បាន​ដីស្រែ​មក​បង្កបង្កើន​ផល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​វិញ​ដោយ​អនុគ្រោះ​។

ដោយ​មានឈ្មោះ អាំ ហម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក បាន​ទៅ​ដាក់​ពាក្យបណ្តឹង​លោក​អភិបាលស្រុក​រមាស​ហែក​ទាមទារ​ដី​កេរ្តិ៍​ឪពុក​ពី​សង្គម ហើយ​លោក​អភិបាលស្រុក​បាន​ចេញ​លិខិត​ធ្វើការ​ហាមឃាត់​ដាក់​ដី​ទំនាស់​នេះ​ឲ្យ​នៅ​ទំនេរ​ជា​បណ្តោះអាសន្ន​រង់ចាំ​ការ​ដោះស្រាយ គឺ​មិន​ឲ្យ​បុគ្គល​ណា​អាស្រ័យ​ផល​ដាំ​ដុះ​លើ​ដី​នេះ​ឡើយ ធ្វើ​ឲ្យ​គ្រួសារ ឈ្មោះ កែវ សុវណ្ណ ដែល​ជា​ជន​ពិការ​គ្មាន​ដី​ធ្វើស្រែ ដែល​អាជ្ញាធរ​ភូមិ​ឃុំ​បាន​បញ្ជាក់​ថា បើ​ទុក​ដីស្រែ​នេះ​ឲ្យ​នៅ​ទំនេរ ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ជន​ពិការ​នេះ​យ៉ាង​ខ្លាំង​។

ការ​សុំ​អំពាវនាវ​សុំ​រក​បទ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ សីហា ២០២០ នៅ​ភូមិ​ខ្ពប​ត្រាច ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក​។ បើ​តាម​ឈ្មោះ កែវ សុវណ្ណ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​ជន​ពិការ​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​១៩៨៩ ឈ្មោះ អាំ ហម បាន​យក​ដីស្រែ​២​កន្លែង (​ស្រែ​១​កន្លែង និង​ដី​អំពក​ទី​សំណាប​១​កន្លែង​) មក​ដាក់បញ្ចាំ​ឲ្យ​ម្តាយ​ឳ​ពុក​គាត់ (​ឈ្មោះ រស់ ម៉ាត់ អាយុ​៧៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ ម៉ា​ន់ ម៉ៅ អាយុ​៧០​ឆ្នាំ​) ៥​ហ៊ុន​មាស រហូត​ដល់​ឆ្នាំ​១៩៩៨​ឈ្មោះ អាំ ហម បាន​មក​លក់​ដីស្រែ​ទាំង​ពីរ​កន្លែង​ដែល​បាន​ដាក់បញ្ចាំ​ឲ្យ​ទៅ​ឈ្មោះ ម៉ា​ន់ ម៉ៅ និង​ប្តី​ឈ្មោះ រស់ ម៉ាត់ ក្នុង​តម្លៃ​១​ជី​មាស (​សរុប​១​ជី​៥​ហ៊ុន​មាស​) ពេល​នោះ​២​នាក់​ប្តី​ប្រពន្ធ​គ្មាន​មាស​ក៏​ឲ្យ​កូន​ឈ្មោះ កែវ សុវណ្ណ ចេញ​មាស​១​ជី​ឲ្យ​ទៅ​ឈ្មោះ អាំ ហម​។

អាំ ហម ក៏​បាន​លក់​ផ្តាច់​ដី​ទាំង​ពីរ​កន្លែង​ឲ្យ​ទៅ​ឈ្មោះ កែវ សុវណ្ណ ដីស្រែ​ទំហំ​៤,៥៤៤​ម៉ែត្រការ៉េ ដី​ទី​សំណាប​ទំហំ ៨៧៤​ម៉ែត្រការ៉េ ឈ្មោះ កែវ សុវណ្ណ និង​ប្រពន្ធ បាន​គ្រប់គ្រង​ធ្វើស្រែ​រហូត​ដល់​ឆ្នាំ​២០១៨ ស្រាប់តែ​ប្រពន្ធ​ឈ្មោះ អាំ ហម បាន​យក​មាស​១​ជី​កន្លះ មក​សុំ​លោះ​ដីស្រែ​ទាំង​២​កន្លែង​នេះ​វិញ​ទើប​មាន​ទំនាស់​រហូត​មក​។ ហើយ​នៅ​ខែកក្កដា ឆ្នាំ​២០១៩ ឈ្មោះ អាំ ហម បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាស្រុក​រមាស​ហែក ទាម​ទាយក​ដី​កេរ្តិ៍​វិញ​ដោយ​អយុត្តិធម៌​។ បើ​តាម​ឈ្មោះ អាំ ហម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច​បាន​និយាយ​ថា ដីស្រែ​២​កន្លែង​នេះ​គឺជា​ដី​កេរ្តិ៍​របស់​ឳ​ពុក ពី​ដូនតា ហើយ​នៅ​ឆ្នាំ​១៩៦០​ឳ​ពុក​របស់​គាត់​ឈ្មោះ អាំ ស៊ី​ន បាន​យក​មក​បញ្ចាំ​ឲ្យ​ឈ្មោះ ម៉ា​ន់ ម៉ៅ និង​ប្តី​ឈ្មោះ រស់ ម៉ាត់ រហូត​ដល់​ឆ្នាំ​១៩៨៥ ឳ​ពុក​ខ្លួន​ឈ្មោះ អាំ ស៊ី​ន បាន​មក​សុំ​លោះ​យក​ដីស្រែ​វិញ​ក្នុង​តម្លៃ​៨០​រៀល។

ក៏​ប៉ុន្តែ​ឪពុក​ខ្លួន និង​ខ្លួន​មិន​បាន​មក​ធ្វើស្រែ អាស្រ័យ​ផល​ធ្វើ​ទេ ឈ្មោះ ម៉ា​ន់ ម៉ៅ និង​ប្តី​ឈ្មោះ រស់ ម៉ាត់ បាន​អាស្រ័យ​ផល​រហូត ទើប​នៅ​ឆ្នាំ​១៩៩៣ ខ្លួន​មក​ដាក់បញ្ចាំ​ដី​២​កន្លែង​តម្លៃ​៥​ហ៊ុន​មាស ហើយ​នៅ​ឆ្នាំ​១៩៩៨ ក៏​បាន​មក​លក់​ផ្តាច់​តម្លៃ​១​ជី​មាស​ទៀត ក៏​ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​ឃើញ​មាស ក៏​សួរ​ឯង​បាន​មាស​មកពីណា ខ្លួន​ក៏​ប្រាប់​ប្រពន្ធ​ថា​អញ​លក់​ដីស្រែ​ឲ្យ​អុំ ម៉ៅ ហើយ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​មាស​១​ជី​ឲ្យ​ទៅ​ឈ្មោះ ម៉ៅ វិញ ក៏​ប៉ុន្តែ​ឈ្មោះ ម៉ៅ​មិន​ព្រម​ទទួលយក មាស​វិញ​ទេ​ដោយ​និយាយ​ថា មាស​នេះ​គឺ​មាស​កូន​ឈ្មោះ កែវ សុវណ្ណ អុំ​ចែក​ឲ្យ​កូន​ហើយ រីឯ​ឈ្មោះ កែវ សុវណ្ណ ក៏​មិន​ព្រមយក​មាស​វិញ​ដែរ ខ្លួន​គិត​ថា​យល់​មីង​ស្រី ជា​បងប្អូន​ក៏​យក​មាស​ហើយ​ត្រឡប់ ទៅ​ផ្ទះ​វិញ និង​ទុក​ដី​នេះ​បញ្ចាំ​បន្ត ក៏​ប៉ុន្តែ​មិន​បាន​សរសេរ​លាយ​លាក់​អក្សរ​ទេ​។

រហូត​ដល់​ឆ្នាំ​២០១៨ ខ្លួន និង​ប្រពន្ធ​យក​មាស​១​ជី​កន្លះ​មក​លោះ​យក​ដីស្រែ​វិញ​ឈ្មោះ ម៉ា​ន់ ម៉ៅ ឆ្លើយ​ថា មីង​អត់​ដឹង​ទេ មីង​ចែក​ឲ្យ​កូន​ហើយ​។ ចំណែក​លោកយាយ ម៉ា​ន់ ម៉ៅ អាយុ​៧០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា កាល​ឈ្មោះ អាំ ស៊ី​ន ត្រូវជា​កូនចិញ្ចឹម​ឪពុក​របស់​គាត់ ក្រោយ​ពី​រៀប​ការ​ឪពុក​គាត់​បាន​ចែក​ដី ស្រែ និង​ទី​សំណាប ឲ្យ​ដើម្បី​ធ្វើស្រែ​ហើយ​បើ​ថា​ដី​កេរ្តិ៍​គឺ​កេរ្តិ៍​ឪពុក​របស់​គាត់​ចែក​ឲ្យ នៅ​ឆ្នាំ​១៩៦០ ឈ្មោះ អាំ ស៊ី​ន គ្មាន​ប្រាក់​ក៏​យក​ដី​មក​បញ្ចាំ​ឲ្យ​គាត់​៨០​រៀល​។ លុះដល់​ឆ្នាំ​១៩៧៩ បែក​ប៉ុ​ល​ពត គាត់​បាន​មក​ចាប់ដី​នៅ​ស្រុក​កំណើត​វិញ​ហើយ​អាស្រ័យ​ផល​លើ​ដីស្រែ​២​កន្លែង​នេះ​រហូត ចំពោះ​ឈ្មោះ អាំ ស៊ី​ន បាន​ទៅ​រស់នៅ​ភូមិ​កំពង់ត្រាច​។ ហើយ​ដីស្រែ​២​កន្លែង​នេះ​គឺ​គាត់​បាន​កាន់កាប់​ចាប់តាំងពី ឆ្នាំ​១៩៧៩ រហូត​ដល់​បច្ចុប្បន្ន​ធ្វើស្រែ​អាស្រ័យ​ផល​មិន​ដែល​អាក់ខាន​ឆ្នាំ​ណា​ទេ បើ​លក់​ផ្តាច់​ហើយ​នៅ​ទាមទារ​ដី​កេរ្តិ៍​អី​ទៀត​។

លោក រស់ សុ​ផាត អាយុ​៦០​ឆ្នាំ ក្រុមប្រឹក្សា​ឃុំ​ជ្រៃ​ធំ មាន​ប្រសាសន៍​ថា ដីស្រែ​២​កន្លែង​នេះ​ឈ្មោះ កែវ សុវណ្ណ និង​ម្តាយ​ឈ្មោះ ម៉ា​ន់ ម៉ៅ គ្រប់គ្រង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៧៩ រហូត​បច្ចុប្បន្ន ហើយ​ឈ្មោះ កែវ សុវណ្ណ មាន​តែ​ដី​ម្តាយ​ចែក​ឲ្យ​នេះ បើ​លោក​អភិបាលស្រុក​ទុក​ដី​នេះ​ឲ្យ​នៅ​ទំនេរ​គឺ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ជន​ពិការ​ខ្លាំង​ណាស់ គួរ​ឲ្យ​គាត់​ធ្វើស្រែ​បណ្តោះអាសន្ន​បន្ត​ទៀត​រង់ចាំ​ដោះស្រាយ​ចប់​។ ទាក់ទិន​ករណី​នេះ​ដែរ​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក​បាន​មាន​ប្រសាសន៍​ថា ដី​ទំនាស់​នេះ​ពិតជា​ឈ្មោះ អាំ ហម បាន​លក់​ផ្តាច់​ទៅ​ឲ្យ​ឈ្មោះ កែវ សុវណ្ណ ពិតប្រាកដ​មែន​ក៏​ប៉ុន្តែ ពេល​ប្រពន្ធ​បានដឹង​ជំទាស់​ឲ្យ​យក​មាស​ទៅ​ឲ្យ កែវ សុវណ្ណ វិញ​ប្តី​មិន​បាន​យក​មាស​នោះ​ទៅ​ឲ្យ​គេ​វិញ​ទេ បាន​ទុក​មាសចាយ​អស់​រីឯ​ប្រពន្ធ​ស្មានថា ប្តី​យក​មាស​ឲ្យ​ម្ចាស់​គេ​វិញ​ហើយ​ក៏​ចេះ​តែ​ស្ងាត់​ទៅ​។ លុះដល់​ខែកក្កដា ឆ្នាំ​២០១៨ ប្រពន្ធ​ឲ្យ​មក​ធ្វើស្រែ​ទើប​ដឹង​រឿង​ប្តី​លក់​ដី​ក៏​មាន​ទំនាស់​អាជ្ញាធរ​ស្រុក​បាន​ដោះស្រាយ​ហើយ​៤​លើក​មក​ដល់​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០២០​មិន​ត្រូវ​គ្នា​។ លោក​ក៏​ចេញ​លិខិត​ដាក់​ដី​ទំនាស់​ឲ្យ​នៅ​ទំនេ​បណ្តោះអាសន្ន​សិន​ចៀសវាង​មាន​អំពើ​ហិង្សា ហើយ​ពេល​នេះ​ពួក​គាត់​បាន​ដក​ពាក្យបណ្តឹង​ពី​រដ្ឋបាល​ស្រុក​វិញ​ហើយ​គាត់​ចង់​យក​ទៅ​ប្តឹង​ស្ថា​ប​ន័​ផ្សេង​ដូច្នេះ​ស្រុក​មិន​អាច​ដោះស្រាយ​ទៀត​ទេ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ