ខេត្តស្វាយរៀង ៖ ឈើគ្រញូងប្រមាណជាង៣ម៉ែត្រគូប ដែលក្រុមជនល្មើសយកទៅកប់ក្នុងទឹកស្រះ និងក្នុងពំនូកលាមកក្របីលាក់ទុកដើម្បីងាយស្រួលឆក់ឱកាសយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានប៉ូលិសសេដ្ឋកិច្ចខេត្តប្រទះឃើញ ។
ទាក់ទិនករណីខាងលើលោកវរសេនីយ៍ត្រី ចាន់ សូត្រ នាយការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់កោះសន្តិភាពថា កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០១១ វេលាម៉ោង៨ព្រឹក លោកវរសេនីយ៍ឯក ហែម សាបាន ស្នងការរងនគរបាលខេត្តបានដឹកនាំកម្លាំងចុះទៅស្រាវជ្រាវរកបទល្មើសនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមឈ្មួញទុច្ចរិតលួចនាំឈើគ្រញូងចេញទៅប្រទេសវៀតណាម ខុសច្បាប់។ ប៉ុន្តែដោយសារក្រុមសមត្ថកិច្ចនៅច្រករបៀងមានការយាមល្បាតតឹងរ៉ឹង ទើបក្រុមឈ្មួញបានយកឈើទាំងនោះទៅលាក់ទុកនៅក្នុងស្រះទឹកក្នុងភូមិដាច់ស្រយាលជិតព្រំដែន ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកស្នងការបានដាក់បញ្ជាឱ្យចុះស្រាវជ្រាវ ក៏ប្រទះឃើញឈើគ្រញូងកប់ក្នុងទឹកស្រះ និងកប់ក្នុងពំនូកលាមកក្របីសរុបប្រមាណជាង៣ម៉ែត្រគូប គឺដុំឈើគ្រញូងមុខកាត់៤តឹក ៣តឹក ប្រវែង១,៥០ម៉ែត្រ ទៅ៣ម៉ែត្រ ចំនួន១៥កំណាត់ និងឈើខ្លីៗចំនួន២៤០កំណាត់។
ចំពោះម្ចាស់ផ្ទះដែលមានការលាក់ឈើគ្រញូងនេះពុំបានរស់នៅទីនោះទេ ហើយពួកគេមិនហ៊ានចេញមុខ ឬតវ៉ាឡើយ ។ ក្រុមសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនឈើគ្រញូងទាំងអស់មករក្សាទុកនៅការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត រួចឱ្យជំនាញមកពិនិត្យវាស់វែងឱ្យបានត្រឹមត្រូវជាក់លាក់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
បើតាមប្រភពប្រជាពលរដ្ឋបានឱ្យដឹងដែរថា ឈ្មួញទុច្ចរិតបានដឹកឈើគ្រញូយកទៅលក់ឱ្យឈ្មួញវៀតណាមជាហូរហែស្ទើររាល់យប់ ពុំដែលមានសមត្ថកិច្ចណាបង្ក្រាប ឬចាប់បានឡើយ។ ហើយឈើទាំងនេះពួកឈ្មួញបានយកមកលាក់ស្តុកទុកឱ្យបានច្រើនទើបដឹកចេញ ដូច្នេះនៅមានកំណប់ឈើគ្រញូងច្រើនកន្លែងទៀតដែលឈ្មួញកំពុងកប់ទុករង់ចាំឱកាសល្អន្អាលនឹងដឹកចេញទៅលក់ឱ្យឈ្មួញនៅប្រទេសវៀតណាម៕
ចែករំលែកព័តមាននេះ