ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចជំនាញ នៅខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងទីផ្សារសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំកាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ហើយបានធ្វើការវិភាគបឋមទៅលើពពុះសណ្តែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយនៅខេត្តស្ទឹងត្រែងសមត្ថកិច្ចជំនាញក៏បានរកឃើញមានពុះសណ្តែកដែលមានគីមីផងដែរ ។
មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ ។ ជាលទ្ធផលបានរកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋធ្ងន់ធ្ងរ ។ ចំណីអាហារមានសាធារពុល មានសារធាតុគីមី មិនមែនជារឿងថ្មីឡើយនៅកម្ពុជា។
ទាំងថ្នាក់ដឹកនាំ ទាំងពលរដ្ឋសាមញ្ញ បានបារម្ភពីបញ្ហានេះ ។ ពលរដ្ឋបានកើតជំងឺប្លែកៗ ទឹកនោមផ្អែម លើសសំពាធឈាម ជំងឺថ្លើម ឈឺពោះវៀនក្រពះ មហារីក សុទ្ធសឹងមានការសង្ស័យថាអាច បណ្តាលមកពីការទទួលទានអាហារមានសារធាតុគីមីនេះឯង ។ មិនថាអាហារវេចខ្ចប់ បន្លែ ត្រីសាច់ស្រស់ នាំចូលពីក្រៅប្រទេស ឬដាំដុះនៅក្នុងស្រុកនោះទេ សុទ្ធសឹងអាចមានសារធាតុគីមីខ្ពស់ តាមរយៈហេតុផលដើម្បីទុកទំនិញទាំងនោះឲ្យមានយូរ បានស្រស់ បានធ្ងន់ ដើម្បីលក់បានចំណេញច្រើន។
អ្នកលក់ខំដាក់សារធាតុគីមី ដើម្បីតែបានចំណេញ ដោយមិនបានគិតដល់សុខភាពអ្នកទទួលទានដែលជាពលរដ្ឋជាតិសាសន៍តែមួយនោះសោះ ។ កន្លងមកមានសាក្សីអះអាងថា មានបន្លែដែលស្រពោនៗ គេមានថ្នាំត្រាំឲ្យស្រស់វិញ ។ ផ្លែក្រូចឆ្មាតូចៗ មិនទាន់ដល់ពេលបេះ គេមានថ្នាំដាក់ឲ្យវាធំភ្លាមៗក្នុងរយៈពេលមួយយប់ដើម្បីប្រមូល ។ មានអ្នកផលិតទឹកកកខ្លះ មិនទទួលទានទឹកកកជាដាច់ខាត ដោយសារគាត់ដឹងថាក្នុងទឹកកកនោះ មានដាក់សារធាតុអ្វី ។
មានប្រហុក ផ្អក ដែលជាចំណីផ្អាប់ ត្រូវមានក្លិន ត្រូវមានរុយរោម ប៉ុន្តែចំណីទាំងអស់នោះ នាពេលឥឡូវនេះមិនមានរុយរោមឡើយ បន្លែ ផ្លែ ឈើខ្លះ ទុកច្រើនថ្ងៃនៅតែស្រស់ជានិច្ច ។ ការលក់ដូរដូចសាច់អាំង សាច់ដុត តាមទីសាធារណៈ មានទឹកជូតលាប ដើម្បីស្រស់ឲ្យក្រហម ទាក់ទាញអ្នកទទួលទាន ។ ទាំងអស់នេះសុទ្ធសឹងជាសកម្មភាពជួញដូរដើម្បីរកប្រាក់ចំណេញ។ ចំណេញដោយសារការធ្វើជំនួញទិញមកថោក លក់ថ្លៃខ្ពស់បន្តិចជារឿងធម្មតាសម្រាប់ការធ្វើជំនួញ ប៉ុន្តែមិនគួរណា ដើម្បីចំណេញ សុខចិត្តប្រើសារធាតុគីមី លើចំណីអាហារឡើយ ។
អាហារមនុស្សទទួលទានចូលពោះតើ ដើម្បីចំណេញមនុស្សភ្លេចគិតពីបុណ្យ បាប ឬភ្លេចថា មានកម្ម មានពៀរឬយ៉ាងណា ។ ពលរដ្ឋកម្ពុជាភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា សាសនាព្រះពុទ្ធ ដែលបានអប់រំមនុស្សឲ្យទៀងត្រង់ មានសច្ចៈធម៌ មានខន្តី មិនបៀតបៀនជីវិតមនុស្សសត្វ ចុះហេតុអីបានដើម្បីចំណេញតែប្រាក់ រហូតដល់ត្រូវធ្វើជំនួញបំផ្លាញជីវិតមនុស្សនោះ ។
ជាការពិតណាស់ ការដាក់សារធាតុគីមីខ្ពស់ក្នុងចំណីអាហារខ្ពស់ជាបទល្មើសខុសច្បាប់ ប៉ុន្តែការខុសច្បាប់ដែលមនុស្សធម្មតាពិកបាកមើលឃើញ និងពិបាកសន្មត់ដោយភ្លែកទទេ រងចាំសមត្ថកិច្ចចុះឆែកឆេរនោះពិបាកនឹងលុបបំបាត់ណាស់ ។ ការលុបបំបាត់សកម្មភាពនេះ ដោយងាយបំផុតនោះ អ្នកលក់គួរខ្លាចបាប ខ្លាចចំណីអាហារដែលមានសារធាតុពុល មានសារធាតុគីមីនោះ ខ្លួនឯង ឬក៏សាច់ញ្ញត្តិខ្លួនទទួលទានវិញ តើយ៉ាងណាទៅវិញ ។ ព្រះពុទ្ធបានអប់រំមនុស្សឲ្យចេះឧបមាខ្លួនទៅអ្នកដទៃ បើមនុស្សគិតដល់ចំនុចនេះ ម្លេះគ្រាន់តែចំណេញប្រាក់ហ៊ានធ្វើអំពើបាបធ្ងន់ធ្ងរនោះឡើយ ៕
ចែករំលែកព័តមាននេះ