រាជធានីភ្នំពេញ ៖ ពិតជារឿងដែលស្មានមិនដល់មួយ និងមិនគួរឱ្យមានបញ្ហានេះកើតឡើងទេ នៅពេលដែលគេបានប្រទះឃើញទារិកាតូចម្នាក់ត្រូវគេប្លុងចោលលើគំនរសំរាមត្រូវបានពលរដ្ឋនិងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម ជាប់បង្គោលភ្លើងមួយកន្លែង ។
គ្មានអ្នកណាដឹងថា តើម្តាយឬឪពុកចិត្តអប្រិយណាមួយយកកូនមកបោះបង់ចោលប្រៀបដូចសត្វធាតុបែបនេះទេ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០កន្លងមកនៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយក្បែរផ្សារក្រមួន លើផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អ្នកស្រី លី ឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម បានឱ្យដឹងថា ទារិកាដែលគេយកមកបោះបង់ចោលលើគំនរសំរាមនេះត្រូវបាន បុរសស្រី្តពីរនាក់ប្ដីប្រពន្ធដែលរើសទារិកានេះ បានយកមកបីបាច់រក្សា ។ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បាននាំទារិកានេះមកសាលាសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើបែបបទផ្សេងៗពីអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមឱ្យដឹងឮ និងដើម្បីបញ្ជាក់តាមផ្លូវច្បាប់ថា រូបគាត់សុខចិត្តចិញ្ចឹមបីបាច់ថែរក្សា ដូចកូនបង្កើត ។
ប្តីប្រពន្ធទាំង២បានរៀបរាប់ឱ្យដឹងថា ពួកគាត់ប្ដីប្រពន្ធជាអ្នកលក់ឆាក្ដៅ និងសាច់ក្លែមតាមរទេះ ដោយទើបតែមកដាក់លក់ នៅក្បែរនោះបាន៣ថ្ងៃប៉ុណ្ណោះ ។ គាត់និយាយថា នៅថ្ងៃរើសទារិកានេះ ខណៈពេលប្ដីរបស់គាត់កំពុងអង្គុយហូបចំណីជាមួយមិត្តភក្តិពីរបីនាក់ទៀតនៅក្បែរកន្លែងលក់ ។
គាត់ថា លុះក្រោយបន្តិចមករថយន្តស៊ិនទ្រីដែលមានកម្មករប្រមូលសំរាម ដើរតាមប្រមូលសំរាម និងយករនាស់ដែកចុងស្រួចមុខបី កាយសំរាមបោះចូលឃ្លុបរថយន្ត ពេលរថយន្តដឹកសំរាមបើកមកដល់ ស្រាប់តែឮសំឡេងកូនង៉ាយំ ។ ពេលនោះកម្មករម្នាក់សង្ស័យថា ជាសំឡេងកូនឆ្មាយំ ព្រោះមិនអាចសង្ស័យថាជាសំឡេងកូនង៉ាយំទេ ។
ដោយសារឮសំឡេងយំនោះក៏នាំគ្នាដើររកមើលឱ្យអស់ចម្ងល់ ស្រាប់តែឃើញទារិកាម្នាក់នៅមានជីវិតនៅឡើយស្រែកយំឮតិចៗ ទើបស្ត្រីអ្នកលក់ឆាក្តៅស្ទុះចូលទៅបីយកចេញមកពីក្នុងគំនរសំរាមដែលពេញទៅដោយថង់ធំៗ ។ ទាំងអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរយ៉ាងខ្លាំង ដោយមិនដឹងថា ម្តាយឬឪពុករូបណាចិត្តអប្រិយបោះបង់ចោលកូនរបស់ខ្លួនបែបនេះ ។
ប្រភពបន្តថា កាលពីព្រឹកថ្ងៃទី៣ ខែសីហា ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅខាងលើ បានយកទារិកាដែលរើសបានពីគំនរសំរាមនេះយកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យ ។ ក្រុមគ្រូពេទ្យបានប្រាប់ថា ទារិកានេះ គឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈាមចេញមក ដោយសារត្រូវគេបោះបង់ចោលលើគំនរសំរាម ធ្វើឲ្យទឹកកាកសំណល់សំរាមផ្សេងៗដែលកខ្វក់នោះ ហូរចូលត្រចៀក ។ ចំណែក ក្រុមគ្រូពេទ្យបានពិនិត្យតាមដានបន្តនៅថ្ងៃទី៤ ខែសីហាបន្តទៀតដោយយកចិត្តទុកដាក់បំផុត ។
ក្នុងសន្តានចិត្តអាណិតស្រឡាញ់ក៏មានសប្បុរសជនជាច្រើនបាននាំគ្នាយកទឹកដោះគោ ក៏ដូចជាសម្ភារវេចខ្ចប់សម្រាប់ទារិកាទៅផ្តល់ដល់ម្តាយចិញ្ចឹមទារិកានេះ និងម្នាក់ៗសម្តែងនូវការថ្កោលទោស ចំពោះការបោះបង់ចោលកូនប្រៀបដូចសត្វធាតុនេះ ។
សូមបញ្ជាក់ថា ២នាក់ប្តីប្រពន្ធដែលរើសទារិកាមកចិញ្ចឹមជាកូននេះ មានកូនស្រី២នាក់រួចមកហើយ បូកនឹងទារិកាម្នាក់នេះទៀតគឺកូនស្រី៣នាក់ ៕
ចែករំលែកព័តមាននេះ