ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចេញ​មុខ​ទាមទារ​ឲ្យ​ដោះ​លែង លោក រ៉ុ​ង ឈុ​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ជុំវិញ​ការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន កំពុង​តែ​បង្ក​ឲ្យ​មានការ​លើក​ឡើង​ខុស​ៗ​គ្នា ។ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ស្ថាប័ន​តុលាការ​បាន​អះអាង​ថា ទ​ង្វើ​លោក…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ជុំវិញ​ការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន កំពុង​តែ​បង្ក​ឲ្យ​មានការ​លើក​ឡើង​ខុស​ៗ​គ្នា ។ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា ស្ថាប័ន​តុលាការ​បាន​អះអាង​ថា ទ​ង្វើ​លោក រ៉ុ​ង ឈុ​ន គឺជា​ទ​ង្វើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ខណៈ​មតិ​ខ្លះ​លើក​ឡើង​ថា គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ជុំវិញ​បញ្ហា​ព្រំដែន ។

ថ្មី​ៗ​នេះ​ទៀត​សោត លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​លោក​រ៉ុ​ង ឈុ​ន ធ្វើ​ឲ្យ​កម្ពុជា​កំពុង​តែ​ដើរ​លើ​ផ្លូវ​ដែល​កាន់តែ​គ្រោះថ្នាក់​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ប្រធាន សហភាព​សហជីព​កម្ពុជា ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ។ នេះ​បើ​យោង​តាម​សំ​ណេ​រ​របស់ លោក អ៊ូ ច័ន្ទ​រ័​ត្ន បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​៥ សីហា​នេះ​។
លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​បន្ត​ថា ការ​ងើប​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ទាំង​មតិ​ជាតិ និង​អន្តរជាតិ​បាន​សម្តែង​ការ​ខកចិត្ត និង​ថ្កោលទោស​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​លើ​ករណី​នេះ ដែល​សុទ្ធតែ​យល់​ឃើញ​ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ។ ករណី​នេះ ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់ លោក​រ៉ុ​ង ឈុ​ន ដែល​ជា​អ្នក​សកម្ម​ក្នុង​ការ​ការពារ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។ លោក​បាន​បញ្ជាក់​ថា «​ខ្ញុំ អ៊ូ ច័ន្ទ​រ័​ត្ន យល់​ឃើញ​ថា ជំហរ និង​ការ​អនុវត្តន៍​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​តែ​ដើរ​លើ​ផ្លូវ​ដែល​កាន់តែ​គ្រោះថ្នាក់​ដល់ លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​វា​នឹង​ប៉ះពាល់​ដល់់​មុខមាត់​ជាតិ និង​នយោបាយ​កម្ពុជា លើ​ឆាក​អន្តរជាតិ ។ ជា​ពិសេស​កម្ពុជា​នឹង​បាត់បង់​ការ​គាំទ្រ ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​ដៃគូរ​អភិវឌ្ឍន៍​នានា​» ។

យ៉ាងណាមិញ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​លោក​រ៉ុ​ង ឈុ​ន គឺជា​បុគ្គល​រូប​នេះ «​ត្រូវ​ចាប់ខ្លួន​ពី​រឿង​និយាយ​មិន​ពិត​អំពី​បញ្ហា​ព្រំដែន មិនមែន​ដោយសារ​ការងារ​សហជីព​ទេ ។ ជាង​នេះ​ទៅ​ទៀត ការ​ស្រែក​ឲ្យ​ដោះ​លែង រ៉ុ​ង ឈុ​ន គឺ​អាស្រ័យ​លើ​សមត្ថកិច្ច​របស់​តុលាការ​កម្ពុជា​» ។ លោក សុខ ឥ​សាន្ត​បាន​បន្ត​ទៀត​ថា ការ​លើក​ឡើង​ថា​ការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន «​អយុត្តិធម៌ គឺ​អយុត្តិធម៌​សម្រាប់​តែ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ឯ​ប្រជាជន​កម្ពុជា​ទូទៅ គឺ​ត្រឹមត្រូវ​ណាស់​» ។

សូម​រម្លឹក​ថា​លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០២០ និង​ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន ជា​បណ្តោះអាសន្ន​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​លោក ចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បាន​ចោទប្រកាន់​ថា «​ការ​បោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅ​ខាង​ភាគី​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ ។

ភ្លាម​ៗ​នោះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ប្រតិកម្ម​តប​ថា សេចក្តីថ្លែងការណ៍​នេះ​បាន​ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី​ការ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ក៏​ដូច​ជា​ការ​បណ្ដោយ​ឱ្យ​មានការ​រំលោភ​បំពាន​ទឹកដី​ពី​ប្រទេស​ជិតខាង ធ្វើ​ឱ្យ​ប្រជា ពលរដ្ឋ​បាត់បង់​ដីស្រែ​ចម្ការ​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ