ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​អំពាវនាវ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​​​ថែរក្សា​សណ្ដាប់ធ្នាប់​​​បរិវេណ​ពហុ​​កីឡដ្ឋាន​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​គណៈកម្មការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដី​ពី​ការ​អនុវត្ត​ការងារ​សន្តិសុខ…

រាជធានី​ភ្នំពេញ ៖ លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​គណៈកម្មការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដី​ពី​ការ​អនុវត្ត​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​១៩ និង​ក្រុមហ៊ុន​សន្តិសុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​COVID-19​។

ក្នុង​ឱកាស​នោះ លោក អ៊ុ​ក សិទ្ធិ​ជាតិ បាន​អំពាវនាវ​ដល់​កីឡាករ​-​កីឡាការិនី​ក្រុម​ជម្រើសជាតិ​ទាំង​ឈុត​ធំ និង​ថ្នាល បងប្អូន​អ្នក​ហាត់ប្រាណ​ដើម្បី​សុខភាព និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ពហុ​កីឡដ្ឋាន​ជាតិ មិន​ត្រូវធ្វើ​ដំណើរ​បញ្ច្រាសទិស​ខុស​ការ​កំណត់​របស់​គណៈកម្មការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​ឡើយ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​។

លោក​បន្ត​ថា សហព័ន្ធ​កីឡា​ជាតិ​ស្ថិត​ក្នុង​ការ​ប្រមូលផ្តុំ​ចំនួន​៣៥​សហព័ន្ធ ។ សហព័ន្ធ​នីមួយ​ៗ
ត្រូវ​ឲ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់​(​រត់​)​ផ្លាស់​ប្តូរ​ទៅ​ធ្វើ​ក្នុង​ទីលាន​បាល់ទាត់​វិញ ដោយ​គណៈ​កម្មការ​គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ហាត់ប្រាណ​ដើម្បី​សុខភាព​ចូល​ហាត់​នៅ​ក្នុង​ទីលាន​បាល់ទាត់​ទៀត​ឡើយ​។

កីឡាករ​-​កីឡា​ការី​នី​ក្រុម​ជម្រើសជាតិ​ទាំង​ឈុត​ធំ​និង​ថ្នាល អ្នក​ហាត់ប្រាណ​ដើម្បី​សុខភាព និង​អ្នក​ធ្វើ​ដំណើរ​ចូល​ក្នុង​ពហុ​កី​ឡដ្ឋា​ន​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​កម្តៅ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​COVID-19​។ នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​នេះ ក្រសួង​ស្នើ​ឲ្យ​ទីកន្លែង​ហាត់​ប្រាណ និង​លេង​កីឡា​ទាំង អស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺង​មាត់​។

វិធាន​សុវត្ថិភាព​សុខភាព​នោះ​មាន​ដូច​ជា​ការ​រក្សា​អនាម័យ​ជា​ប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វាស់​កម្តៅ ។ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាងតិច ១,៥​ម៉ែត្រ ហើយ​ទីកន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជា​ប្រចាំ ។ ត្រូវ​ធានា​ថា កន្លែង​ហាត់​ប្រាណ និង​កន្លែង​លេង​កីឡា មិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

ក្រសួង​អប់រំ យុវជន និង​កីឡា​សង្ឃឹម និង​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​ចូលរួម​ហាត់ប្រាណ និង​លេង​កីឡា ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួង​សុខា​ភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ