ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី៤ ខែសីហា អាជ្ញាធរខេត្ត បានប្រើប្រាស់កាណូតល្បឿនលឿននិងមានសុវត្ថិភាព ដោយការសហការពីវិស័យឯកជន ដឹករំដោះអ្នកទេសចរជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយពេលស្ថានភាពធាតុអាកាសបានធូរស្រាលបន្តិច ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត អមដំណើរដោយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត វរសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរដែលត្រឡប់មកពីកោះរ៉ុងដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្ត ទៅពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា អ្នកទេសចរជាច្រើនរយនាក់ បានធ្វើដំណើរទៅលេងនៅកោះរ៉ុងមុនថ្ងៃដែលមានភ្លៀង ខ្យល់ និងរលកខ្លាំង និងក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ខណៈតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ឈ្មោះស៊ីនឡាគូ បោកបក់ខ្លាំង ។
ដោយពិនិត្យឃើញថា នៅថ្ងៃទី៤ ខែសីហា ខណៈអាកាសធាតុធូរស្រាលបន្តិច នាពេលរសៀលរដ្ឋបាលខេត្តក៏បានចាត់វិធានការជួយដឹកបងប្អូនអ្នកទេសចរទាំងអស់នោះមកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព ។ អ្នកទេសចរដែលជាប់គាំងលើកោះរ៉ុង ភាគច្រើនជាពលរដ្ឋខ្មែរនិងមានជនបរទេសខ្លះៗដែរ តែមិនមានតួលេខច្បាស់ការណ៍ទេ ។
ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៥ ដល់ទី១១ ខែសីហា ឆ្នាំ២០២០ ដែលបង្ហាញថា តាមរយៈនៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបនិងខ្យល់មូសុងនិរតីខ្សោយ ។ ស្ថានភាពបែបនេះធ្វើឱ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមាមានពី២៥-២៧Co
-សីតុណ្ហភាពអតិបរមាមានពី៣០-៣២Co
ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើន
ឡើងពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាល
ភាពរីករាយប៉ាយផងដែរ ។
២-បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់
រាបឦសាន
-សីតុណ្ហភាពអប្បបរមា មានពី២៣-២៥Co
សីតុណ្ហភាពអតិបរមា មានពី២៨-៣០Co
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។
៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី២៤-២៦Co
-សីតុណ្ហភាពអតិបរមា មានពី៣០-៣២Co
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។
ដោយឡែកនៅថ្ងៃទី៥ និងទី៦ ខែសីហា នឹងអាចមានភ្លៀងខ្លាំងកើតឡើង ។
សេចក្តីជូនដំណឹងនេះ ក៏បានអំពាវនាវឱ្យសាធារណជនបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕
ចែករំលែកព័តមាននេះ