ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! អ្នក​ប្រដាល់​ប្រុស​ប្រើ​ត្រឡោក​ការ​ពារ ចុះ​អ្នក​ប្រដាល់​​​ស្រី​វិញ​ តើប្រើ​អ្វី​ទៅ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា រាល់​ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀនគេ​​តែង​ត​ម្រូវ​ឱ្យ​កីឡាករ​ដែល​ឡើង​ប្រកួត​ត្រូវ​តែ​ពាក់​ត្រឡោក​ការពារ​ប្រដាប់​ភេទ​ដើម្បីកុំឱ្យ​មាន​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ។ យ៉ាងណា​ក៏​ដោយ​សម្រាប់​នារី​គឺ​មិន​ដូច​គ្នា​ទេ ពោល​គឺ​ភាគតិចណាស់​ដែល​ដឹង​ថា ត្រូវ​ពាក់​ទ្រនាប់​ជ័រ​ជំនួស ឬ​មិន​ពាក់​តែ​ម្ដង​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​កីឡាការិនី​ម្នាក់​ៗ​។ អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា រាល់​ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀនគេ​​តែង​ត​ម្រូវ​ឱ្យ​កីឡាករ​ដែល​ឡើង​ប្រកួត​ត្រូវ​តែ​ពាក់​ត្រឡោក​ការពារ​ប្រដាប់​ភេទ​ដើម្បីកុំឱ្យ​មាន​​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ។ យ៉ាងណា​ក៏​ដោយ​សម្រាប់​នារី​គឺ​មិន​ដូច​គ្នា​ទេ ពោល​គឺ​ភាគតិចណាស់​ដែល​ដឹង​ថា ត្រូវ​ពាក់​ទ្រនាប់​ជ័រ​ជំនួស ឬ​មិន​ពាក់​តែ​ម្ដង​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​កីឡាការិនី​ម្នាក់​ៗ​។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក អេ ភូ​ថង ដែល​ត្រូវ​គេ​ស្គាល់​ថា គឺជា​គ្រូបង្វឹក ជា​គណៈ​ក​ម្មការ​ផ្ដល់​ពិន្ទុ និង​ជា​អ្នកឯកទេស​នៅ​ក្នុង​វិស័យ​ប្រដាល់​នារី​មួយ​រូប​ដែរ​នោះ បានអះ​អាង​ថា សម្រាប់​កីឡាករ​ដែល​ជា​បុរស គឺ​គណៈកម្មការ​តម្រូវ​ឱ្យ​ពាក់​ត្រឡោក​ជា​កំហិត​គ្រប់ពេល​ឡើង​រេញ ដោយ​ត្រឡោក​ដែល​យក​មក​ពាក់​នោះ​គឺ​មិនមែន​ធ្វើ​ពី​ត្រឡោក​ដូង​នោះ​ទេ គឺ​ធ្វើ​ពី​ជ័រ ឬ​អ៊ី​ណុ​ក ឬ​លោហៈ​ផ្សេង​ៗ ផ្អែក​តាម​តម្លៃ ។

យ៉ាងណា​ក៏​ដោយត្រឡោក ឬ​ប្រដាប់​ការពារ​របស់​កីឡាករ​គេ​និយម​ប្រើ​តែ​ត្រឡោក​ធ្វើ​ពី​ជ័រ​ស្វិត​និង​ពីអ៊ី​ណុ​ក​ប៉ុណ្ណោះ ចំណែក​ពី​ប្រភេទ​ផ្សេង​គឺ​មិន​សូវ​មាន​កីឡាករ​ហ៊ាន​ប្រើ​ទេ ។ ត្រឡោក​ទាំងនេះ សម្រាប់​កីឡាករ​ខ្លះ គឺ​មាន​ផ្ទាល់ខ្លួន តែ​សម្រាប់​កីឡាករ​ភាគច្រើន គឺ​ខាង​ប៉ុស្តិ៍​ផ្ដល់​ឱ្យ ពេល​ប្រកួត​រួច​ប្រគល់​ឱ្យ​វិញ ដូច្នេះ​មិន​មាន​ប្រកាន់​ថា​ជា​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ​។ ក្នុង​នោះ​ទៀត​សោត ត្រឡោក​របស់​កីឡាករ​នីមួយ​ៗក៏​ជា​ប្រភេទ​ខ្សែ​ចង​ចង្កេះ ដោយ​មាន​លក្ខណៈ​ក្ដោប​ពី​ក្រៅ​ខោ​ទ្រនាប់ ។ អ្នកស្រី​ថា សម្រាប់​កីឡាករ​ភាគច្រើន ដែល​ជា​កូនសិស្ស​របស់​អ្នកស្រី គឺ​មាន​ត្រឡោក​ពាក់​ផ្ទាល់ខ្លួន អត់​ឡូ​ក​ឡំ​ទេ ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​ឆ្លង​រោគ​ផង​។

ពាក់ព័ន្ធ​នឹង​ការ​ការពារ​របស់​កីឡាការិនី​វិញ អ្នកស្រី​ប្រាប់​ថា កីឡាការិនី គេ​មិន​ពាក់​ត្រឡោក​ដូច​កីឡាករ​ទេ តែ​គេ​ពាក់​ជ័រ​ការពារ​ជា​ជំនួស​។

អ្នកស្រី​ថា ប្រដាប់​ការពារ​នារី គឺជា​ប្រភេទ​ជ័រ​ដាក់​ភ្ជាប់​ជាមួយ​ខោ​ស្រាប់ ដោយ​មិនមែន​ជា​​ត្រឡោក​មាន​ខ្សែ​ចង​ចង្កេះ​ទេ ខណៈ​ដែល​ជ័រ​ដាក់​ជាប់​នឹង​ខោ​នេះ ក៏​អាច​ដោះ​លាង​សម្អាត​បាន។

អ្នកស្រី​ថា​«​សម្រាប់​នារី គេ​អត់​ចង​កៀប​ចង្វែក​គូទ​ដូច​បុរស​ទេ គឺ​ខោ​ខាង​នារី គេ​មាន​ដាក់​ជ័រ​ភ្ជាប់​នឹង​ខោ​ដើម្បី​ការពារ​តែ​ម្ដង ខណៈ​ដែល​ប្រដាប់​ការពារ​នោះ គឺ​គេ​ប្រើ​តែ​ជ័រ​ប៉ុណ្ណោះ មិនសូវ​ប្រើ​អ៊ី​ណុ​ក ឬ​ដែក​ដូច​ខាង​បុរស​ទេ​»​។ យ៉ាងណាមិញ​អ្នកស្រី​ថា កីឡាការិនី​ច្រើន​ឡើង​មិនសូវ​ចង់​ដាក់​ប្រដាប់​ការពារ​ដែល​គេ​ដាក់​ភ្ជាប់​នឹង​ខោ​នោះ​ទេ គឺ​ច្រើន​តែ​សុំ​ដក​ចេញ​ដោយសារ​តែ​វា​មាន​​សភាព​​ទើស​ខ្លាំង លើកលែង​ត្រូវ​ប្រកួត​នៅ​ក្រៅ​ស្រុក​ទើប​បង្ខំចិត្ត​ពាក់ ។

អ្នកស្រី​បញ្ជាក់ថា​«​ជ័រ​ការពារ​ហ្នឹង​ឥឡូវ​ស្រី​ៗ(​កីឡាការិនី​)​មិនសូវ​ប្រើ​ទេ ហើយ​គណៈកម្មការ​ភាគច្រើន​ក៏​មិនសូវ​បង្ខំ​ផង​ដែរ ដោយសារ​តែ​ស្រី​ៗ​វ៉ៃ​គ្នា​មិនសូវ​មាន​បញ្ហា​កន្លែង​ប្រដាប់​ភេទ​ហ្នឹង​ដូច​ប្រុស​ៗ​ទេ តែបើ​នៅ​សង្វៀន​ក្រៅ​ស្រុក អាហ្នឹង​គេ​ឱ្យ​ប្រើ ទោះ​គេ​ដឹង​ថា​មិន​ប្រើ​ក៏​បាន​។

អ្នកស្រី​ថា កូនស្រី​អ្នកស្រី​ទៅ​ប្រកួត​ក្រៅ​ស្រុក​កន្លង​មក គឺ​ជ័រ​សម្រាប់​ការពារ​នោះ​ត្រូវ​មាន​ខ្លួនឯង អត់​មាន​ខាង​ណា​ចែក​ឱ្យ​ទេ ទើប​អ្នកស្រី​គិត​ថា ប្រសិនបើ​ក្នុង​ការ​ប្រកួត​នោះ​កីឡាការិនី​មិន​ពាក់​ជ័រ​ការពារ​ចំណុច​សំខាន់ ក៏​ប្រហែលជា​មិន​អី ។ ដោយឡែក​សម្រាប់​ផ្នែក​ដើមទ្រូង អ្នកស្រី​ថា សម្រាប់​កីឡាការិនី គឺ​អត់​មាន​ពាក់​អ្វី​ការពារ​នោះ​ទេ គឺ​ពាក់​តែ​អាវទ្រនាប់​ប្រភេទ​ស្រី​ៗឡើង​​រេញ គឺ​គ្រប់គ្រាន់​។

អ្នកស្រី សាំង សុ​ម៉ា​លី បន្ត​ថា ការ​ប្រដាល់ របស់​នារី វា​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ព្រោះ នារី​ប្រដាល់​មិន​មាន​កម្លាំង​ដៃ ឬ​កម្លាំង​ជើង​បង្ក ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ សំខាន់​ឲ្យ​តែ​ចេះ ស្នៀត​ការពារ និង​ទប់ទល់​ដៃគូ​ពី​ការ​វាយលុក ចំ​កន្លែង​គ្រោះថ្នាក់​ក្នុង​ពេល​ប្រកួត​បាន​ហើយ ។

អ្នកស្រី​ស្នើ​ឲ្យ​នារី​ដែល​ស្រឡាញ់​ការ​ប្រដាល់​បង្ហាញ​ជំហរ​ចូល​ហ្វឹកហាត់ ហើយ​ឡើង​រេញ កុំ​ខ្លាច ដើម្បី​លើក​ស្ទួយ​ក្នុង​អាជីព​នេះ ។ អ្នកស្រី​ថា កីឡាការិនី​នៅ​ក្នុង​វិស័យ​ប្រដាល់​នារី​មាន​មិន​ច្រើន​នោះ​ទេ​មក​ដល់​បច្ចុប្បន្ន ដោយសារ​តែ​ឪពុក​ម្ដាយ និង​សាច់ញាតិ​ខ្វះ​ការ​ជំរុញ ។

អ្នកស្រី​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ហោចទៅ​របស់​កីឡាការិនី​ប្រដាល់​ប្រសិនបើ​ផ្នត់គំនិត​របស់​សង្គម​គ្រួសារ​ខ្មែរ​នៅ​តែ​រាំងស្ទះ​ភាព​ក្លាហាន​របស់​នារី​នៅ​ក្នុង​វិស័យប្រដាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ