ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ជួង​ដាស់​មន្ត្រី​ជំនាញ

9 ឆ្នាំ មុន

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​បានការ​ចូលរួម​សហការ​ដ៏​ល្អ​ពី​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​បានការ​ចូលរួម​សហការ​ដ៏​ល្អ​ពី​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា បាន​ជួយ​សង្គ្រោះ​រំដោះ​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​ដែល​ចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​មួយ​ចំនួន​នាំ​ទៅ​ធ្វើការ ឬ​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្រៅប្រទេស ដោយ​ជួយ​ចាត់​បញ្ជូន​មក​កម្ពុជា​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ប្រកបដោយ​ជោគជ័យ ។

យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​តាមដាន​អំពី​ពលករ​ខ្មែរ និង​ជន​ចំណាកស្រុក ក៏​ដូច​ជា​អ្នកវិភាគ​បាន​ចោទ​ជា​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​ពលករ ឬ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ដែល​ចេញ​ទៅ​បម្រើ​ការងារ ឬ​រៀប​ការ​ជាមួយ​ជនជាតិ​ដទៃ​នៅ​ក្រៅប្រទេស​តែងតែ​រង​គ្រោះ​ដោយសារ​ការ​ធ្វើបាប​រាង​កាយ​និង​ផ្លូវចិត្ត ឬ​បុរស​បរទេស​នោះ​បាន​រួមរស់​ជាមួយ​គ្នា​មួយ​រយៈ​ខ្លី ក៏​នាំ​យក​ទៅ​លក់ និង​ក្រោយមក​ធ្លាក់ខ្លួន​ទៅ​បម្រើសេវា​ផ្លូវភេទ​បែប​នេះ​ទៅ​វិញ?

ច​ម្ង​ល់​ខាងលើ​នេះ ទំនងជា​លំបាក​ឆ្លើយ​ណាស់​សម្រាប់​សង្គម​មួយ​ដែល​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​គេ​មើលឃើញ​ថា ខ្វះ​ឆន្ទៈ និង​ការ​ទទួលខុសត្រូវ ដែល​គេ​ផ្តោត​សំខាន់​ទៅ​លើ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ហេតុ​អ្វី​បានជា​រាល់​បញ្ហា​ដែល​កើតឡើង​ទៅ​លើ​ពលករ និង​ស្ត្រី​ខ្មែរ​ទទួល​រង​គ្រោះ​គេ​តែង​ទម្លាក់​កំហុស​មក​លើ​ក្រសួង​ពីរ​នេះ ពីព្រោះ​រាល់​ពលករ​ស្របច្បាប់ ឬ​ស្ត្រី​ដែល​គេ​នាំ​ទៅ​រៀប​ការ​ជាមួយ​ជនបរទេស​ទាំងអស់​សុ​ទ្ឋ​តែ​បាន​ឆ្លងកាត់​ការ​បំពេញ​សំណុំ​បែបបទ​ផ្សេង​ៗ​នៅ​ក្រសួង​ទាំង​ពីរ ។

ជា​ការ​ពិត ការ​គ្រប់គ្រង​ពលករ ឬ​ស្ត្រី​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ក្រៅប្រទេស​ជា​ការងារ​ដ៏​លំបាក​មួយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ប្រសិនបើ​មន្ត្រី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ធ្វើ​កិច្ច​ការងារ​លើ​បញ្ហា​នេះ មាន​ឆន្ទៈ​និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន នោះ​ពលករ​និង​ស្ត្រី​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​ពិតជា​មិន​ងាយ​នឹង​ទទួល​រង​គ្រោះ​នោះ​ឡើយ ដូច​ឃ្លា​មួយ​របស់​បិតា​បដិវត្តន៍​ចិន លោក ស៊ុន យ៉ា​ត​សេន ដែល​នាំ​របប​សាធារណរដ្ឋ​មក​ឲ្យ​ចិន​គ្រប់គ្រង​មក​ដល់​សព្វ​ថ្ងៃនេះ​បាន​និយាយ​ថា «​កិច្ច​ណាមួយ ឬ​សកម្មភាព​អ្វីមួយ ឲ្យ​តែ​ខ្លួន​យើង​ជឿជាក់ ទោះជា​ត្រូវ​រំកិល​ភ្នំ ឬ​បូមទឹក​សមុទ្រ ក៏​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​ដែរ​» ។

ម្យ៉ាងវិញទៀត មាន​ឆន្ទៈ​និង​ការ​ទទួលខុសត្រូវ​ហើយ ប៉ុន្តែ​ប្រសិនបើ​ស្រមោល​នៃ​អំពើ​ពុក​រលួយ​នៅ​តែ​តាម​លង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល​នោះ កិច្ច​ការងារ​ខាងលើ​ក៏​មិន​អាច​ទទួល​បាន​ប្រ​សិ​ទ្ឋ​ភាព​នោះ​ដែរ ។

ដោយ​មិន​ចង់​និយាយ​ច្រើន ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​ម្នាក់​ខ្ញុំ​សូម​សាកល្បង​ផ្តល់​យោបល់​ខ្លះ​ៗ​លើ​បញ្ហា​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ពលករ និង​ស្ត្រី​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​។ ឧទាហរណ៍ ក្រុមហ៊ុន​ឯកជន​មួយ​បាន​នាំ​ស្ត្រី​ខ្មែរ​ម្នាក់​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដូច្នេះ​ពេល​ទទួល​បាន​សំណុំ​បែបបទ​ស្របច្បាប់​អស់ហើយ ក្រសួង​ការងារ​ត្រូវ​សហការ​ជាមួយ​ក្រសួងការបរទេស​តាម​រយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ា​ឡេ​ស៊ី ដោយ​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​អត្តសញ្ញាណ មុខរបរ ទីតាំង​ដែល​ស្ត្រី​នោះ​ត្រូវ​ទៅ​បម្រើ​ការងារ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​តែ​ត្រួតពិនិត្យ​របាយការណ៍​ប្រចាំ​សបា្ត​ហ៍ ឬ​ខែ និង​សៀវភៅ​បន្ទុក​របស់​ក្រុមហ៊ុន ថា​តើ​បាន​តាមដាន ឬ​ទទួល​បាន​ព័ត៌មាន​អ្វីខ្លះ​ពី​ស្ត្រី​ដែល​កំពុងធ្វើការ​ងារ​ផ្ទះ​នៅ​ម៉ា​ឡេ​ស៊ី​នោះ ហើយ​ក៏​ត្រូវ​តែ​មាន​លេខ​ទូរស័ព្ទ​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ា​ឡេ​ស៊ី ឬ​ក្រសួង​ការងារ ដែល​ស្ត្រី​រូប​នោះ​អាច​ទាក់ទង​នៅ​ពេល​មាន​បញ្ហា​ការ​ធ្វើ​ទារុណកម្ម  ឬ​ការ​រំលោភ​លើ​រាង​កាយ​ជាដើម​ពី​សំណាក់​ម្ចាស់ផ្ទះ ដើម្បី​ងាយស្រួល​ក្នុង​ការ​សង្គ្រោះ​ទាន់​ពេលវេលា និង​ចាត់វិធានការ​តាម​ច្បាប់ ។ ដោយឡែក ស្ថាន​កុងស៊ុល ឬ​ស្ថានទូត​ខ្មែរ ក៏​ត្រូវ​មាន​កាតព្វកិច្ច​តាមដាន​ជា​ប្រចាំ (២​សបា្ត​ហ៍ម្ត​ង ឬ​១​ខែ​ម្តង​) ទៅ​លើ​កិច្ច​ការងារ​របស់​ស្ត្រី​នោះ​ដែរ ។

ប្រសិនបើ​មានការ​តាមដាន​សកម្មភាព​នានា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស តាម​អ្វី​ដែល​បាន​លើក​ឡើង​ខាងលើ មក​ដល់​ពេល​នេះ​គឺ​គេ​អាច​និយាយ​បាន​ថា គ្មាន​ទេ​ពលករ​រង​គ្រោះ ឬ​ការ​បាត់​ខ្លួន​ពលករ​ជាដើម​នោះ ។

យ៉ាងណា​ក៏​ដោយ យោបល់​នេះ​វា​គ្រាន់តែ​ជា​ទស្សនៈ​ដើរ​ក្រោយ​សកម្មភាព​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងការបរទេស ដែល​គេ​ជឿ​ថា​បាន​និង​កំពុង​អនុវត្តន៍ ឬ​ធ្វើ​កិច្ច​ការងារ​ច្រើន និង​ល្អ​ជាង​ការ​បញ្ចេញមតិ​ខាងលើ​នេះ​ទៀត ។ ទោះជា​យ៉ាងណា វា​ជា​ស្នូរ​ជួង​មួយ​គ្រាន់តែ​ដើម្បី​ដាស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​តូច​ដែល​បាន​និង​កំពុង​លង់លក់​លើ​ទឹកភ្នែក​ពលករ​រង​គ្រោះ​និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ ៕