ខេត្តព្រៃវែង ៖បុរស០២នាក់ ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង សមត្ថកិច្ចបាននាំខ្លួនមកវិញហើយ ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ីបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ។ នេះបើយោងតាមក្រសួងព័ត៌មានបានចេញផ្សាយ ។
មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយបានរកឃើញ និងបានធ្វើការអប់រំណែនាំ និងក៏បាននាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ ។
បុរសទាំង០២នាក់នេះទី១- ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២-ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ ។
សូមបញ្ជាក់ជូនថា មនុស្សទាំង០២នាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះបានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាលយកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង ។
កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
ចែករំលែកព័តមាននេះ