ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ស្រុក​កែវ​សីមា​1​រូប​រង​បណ្តឹង​ ​តែ​មន្ត្រី​នានា​ថា​ ជា​ការ​ភ័ន្ត​ច្រឡំ​(វីដេអូ)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលរង​ស្រុក​កែវ​សីមា​១​រូប ដែល​សកម្ម​ក្នុង​ការ​ដឹកនាំ​បង្ក្រាប​ក្រុមជួញដូរ​ឈើ​ខុសច្បាប់ បែរជា​ត្រូវ​ពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​ពាក្យ​បណ្តឹងសុំ​ឱ្យ​ដក​អភិបាលរង​រូប​នេះចេញពី​តំណែង​ដោយ​អះអាង​ថា មាន​ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​ស្ម័គ្រចិត្ត​ផ្តិត​មេដៃ ព្រោះតែ​លោក​អភិបាលរង​ស្រុក​ធ្វើទុក្ខបុកម្នេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​ដឹកឈើ​បាន ។​ យោង​តាម​ពាក្យបណ្តឹង​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា…

ខេត្តមណ្ឌលគិរី ៖ អភិបាលរង​ស្រុក​កែវ​សីមា​១​រូប ដែល​សកម្ម​ក្នុង​ការ​ដឹកនាំ​បង្ក្រាប​ក្រុមជួញដូរ​ឈើ​ខុសច្បាប់ បែរជា​ត្រូវ​ពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​ពាក្យ​បណ្តឹងសុំ​ឱ្យ​ដក​អភិបាលរង​រូប​នេះចេញពី​តំណែង​ដោយ​អះអាង​ថា មាន​ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់​ស្ម័គ្រចិត្ត​ផ្តិត​មេដៃ ព្រោះតែ​លោក​អភិបាលរង​ស្រុក​ធ្វើទុក្ខបុកម្នេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​ដឹកឈើ​បាន ។​

យោង​តាម​ពាក្យបណ្តឹង​ដែល​កោះសន្តិភាព​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ មាន​ខ្លឹមសារ​ជា​អាទិ៍​ថា «​នាង​ខ្ញុំ​ឈ្មោះ ឈាង តៃ​ស្រុ​ី​ន អាយុ​៥៦​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នាង​ខ្ញុំ​និង​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា កើតទុក្ខ​មិន​សុខចិត្ត សូម​ដាក់​ពាក្យ​ប្ដឹង​ពី​ឈ្មោះ ហឿ​ន សុខ​ណា ភេទ​ប្រុស ជា​អភិបាលរង​ស្រុក​កែវ​សីមា ។ ដោយ​អភិបាលរង​ស្រុក​រូប​នេះ មាន​បំណង​ប៉ុនប៉ង​ធ្វើបាប​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា មាន​ចេតនា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​កូនចៅ​ក្នុងស្រុក​របស់​ខ្លួន ក្នុងស្រុក​កែវ​សីមា​» ។

ពាក្យបណ្តឹង​ដដែល​លើក​ឡើង​ទៀត​ថា លោក ហឿ​ន សុខ​ណា គាត់​អាង​អំណាច​ធំបាន​យក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ។ គាត់​បាន​យក​រថយន្ត​ទៅ​ដេញ​បំ​បុក និង​ប៉ុនប៉ង​ធ្វើឃាត​ប្រជាពលរដ្ឋ​ដែល​គ្នា​ដឹក​ចំនៀរ​ឈើ​បន្តិចបន្តួច​យក​ទៅ​លក់​តាម​គេ​តាម​ឯង​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ ។ រូប​នាង​ខ្ញុំ ឈាង តៃ​ស្រ៊ី​ន និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា សំណូមពរ​គ្រប់​មន្ត្រី​មេត្តា​ដក​ឈ្មោះ ហឿ​ន សុខ​ណា ដែល​ជា​មន្ត្រី​ឃោរឃៅ​គ្មាន​សីលធម៌ ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ។

ម្យ៉ាងទៀត​ឈ្មោះ ហឿ​ន សុខ​ណា នេះ​មើលឃើញ​តែ​អ្នក​ដឹក​ចំនៀរ​ឈើ​បន្តិចបន្តួច បើ​ឈ្មួញ​មាន​ឡាន​ធំ​ដឹក​យក​ទៅ​លក់​ឲ្យ​យួន លោក ហឿ​ន សុខ​ណា មិន​ដែល​ឃើញ​ទេ ពីព្រោះ​មន្ត្រី​រូប​នេះ ស៊ីសំណូកសូកប៉ាន់​ពី​ឈ្មួញ​ធំ​ៗច្រើន​ណាស់ ។ អាស្រ័យ​ដូច​ខាងលើ នាង​ខ្ញុំ ឈាង តៃ​ស្រ៊ី​ន និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា​ទាំងមូល ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​នាង​ខ្ញុំ និង​ប្រជាពលរដ្ឋ​ផង​ចុះ ។

ឆ្លើយ​តប​នឹង​ករណី​ខាងលើ លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ
ទី​២ ខែសីហា​ថា នេះ​ជា​សិទ្ធិ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ បើ​ពួក​គាត់​មានការ​មិន​សប្បាយចិត្ត​គាត់​អាច​ប្តឹង​បាន ។ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ រដ្ឋបាល​ស្រុក​នៅ​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​នៅ​ឡើយ​ទេ ។ ចំពោះ​ករណី​នេះ លោក​អភិបាល​ស្រុក​លើក​ឡើង​ថា សកម្មភាព​កន្លង​មក​លោក ហឿ​ន សុខ​ណា បាន​បំពេញការងារ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​សហការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ ខណៈ​ប្រតិបត្តិការ​ខ្លះ​សមត្ថកិច្ច​ត្រូវ​ប្រើ​វិធានការ​ក្តៅ​ព្រោះតែ​ជនល្មើស​មាន​ចរិត​កាច​សាហាវ ។ ប៉ុន្តែ​មិនមែន​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់នោះ​ទេ ។

លោក នួន សា​រ៉​ន បាន​បញ្ជាក់​ថា ចំពោះ​ស្នាម​មេដៃ​ដែល​ប្រជាពលរដ្ឋ​បាន​ផ្តិត​ធ្វើ​ពាក្យ​បណ្តឹង​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មើល​ថា តើ​ពិតជា​ត្រឹមត្រូវ​មែនឬ​ស្នាម​មេដៃ​ក្លែងក្លាយ​។​ដ្បិត​រឿង​នេះ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​សំណុំរឿង​ទៅ​ស្ថាប័ន​អយ្យការ​រួចរាល់​ហើយ តែ​មិន​ទាន់​ឃើញ​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​ហៅ​ទៅ​បំភ្លឺ បែរជា​លេចឮ​ថា គេ​ប្តឹង​មន្ត្រី​ទៅ​វិញ ។

ដោយឡែក រដ្ឋបាល​ស្រុក​កែវ​សីមា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រោយ​ពី​មហាជន​មាន​ការ​ភ័ន្ត​ច្រឡំ​ចំពោះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា ថា​ជា​ការ​បើក​បំ​បុក​រថយន្ត​របស់​ក្រុម​ឈ្មួញ​ដើម្បី​ចាប់ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ថា​ នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២០ ក្រុមការងារ​លេខាធិការដ្ឋាន នៃ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក ហឿ​ន សុខ​ណា អភិបាលរង​ស្រុក និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន បាន​ធ្វើ
ការ​ចាប់​ឃាត់​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ១​គ្រឿង គ្មាន​ផ្លា​ក​លេខ ដែល​ដឹកឈើ​ប្រភេទ​លេខ​១​សុ​ក្រំ​ចំនួន​៣​ដុំ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក អៀង សុគន្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

សកម្មភាព​នោះ ក៏​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនល្មើស ដោយ​បាន​រក​ឃើញ​គំនរ​ឈើ​ប្រភេទ​លេខ​១​សុ​ក្រំ​និង​គគីរ ដែល​ក្រុម​ជនល្មើស​បាន​ដឹក​យក​មក​ទុក​ចំនួន​៣៤​ដុំ ក្នុង​នោះ​មាន​សុ​ក្រំ​ចំនួន​២៨​ដុំ និង​គគីរ​ចំនួន​៦​ដុំ នៅ​ចំណុច​បរិ​វេ​ណ​ផ្ទះ​របស់​ឈ្មោះ ណា​ង តៃ​ស្រ៊ា​ន ស្ថិត​នៅ​ក្នុង​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដែល​រឹបអូស​រួម​មាន រថយន្ត​ឆ្លាម ពណ៌​ទឹកប្រាក់ ចង្កូត​ឆ្វេង គ្មាន​ផ្លា​ក​លេខ​១​គ្រឿង ឈើ​អារ​បួន​ជ្រុង​ចំនួន​៣៤​ដុំ ដែល​ឈើ​ទាំងនោះ ត្រូវ​បាន​ប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ជា​អ្នកគ្រប់គ្រង ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ករណី​ខាងលើ មានការ​ភ័ន្ត​ច្រឡំ​ដល់​មហាជន​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ថា ក្រុមការងារ​បង្ក្រាប​បទល្មើស
របស់​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​បើក​បំ​បុក​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ខុស
ច្បាប់​ពីក្រោយ ធ្វើ​ឲ្យ​អ្នកបើកបរ​មាន​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។

ជាក់ស្ដែង ករណី​ខាងលើ​នេះ​ជា​ករណី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​ក្រុម​ជនល្មើស​ដឹកឈើ​ខុសច្បាប់ បាន​បើករថយន្ត​កាម​រី​ឆ្លាម​ពណ៌​ទឹកប្រាក់ បំ​បុក​សមត្ថកិច្ច​ចម្រុះ​បម្រុង​គេចខ្លួន តែ​បាន​ជាប់​ជាមួយនឹង​កាង​រថយន្ត​មន្ត្រី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ទៅ​មុខ​ពុំ​រួច នៅ​ចំណុច​កើត​ហេតុតែ​ម្ដង ។ ក្រុម​គ្រួសារ​ជនល្មើស បាន​ចេញ​មក​ជួយ និង​បាន​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា ​និង​ជេរ​បញ្ចោរ​ក្រុម​សមត្ថកិច្ច​គ្រប់​បែប​យ៉ាង ព្រមទាំង​បាន​រារាំង​សមត្ថកិច្ច​ជំនាញ​ពុំ​ឲ្យ​រឹបអូស​វត្ថុ​តាង និង​ជន​បង្ក​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ