ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រមូលផ្តុំ​តវ៉ា​ទាមទារ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់ ទាមទារ​ដោះ​លែង លោក រ៉ុ​ង ឈុ​ន ត្រូវ​បញ្ឈប់​ជា​បន្ទាន់​មុន​នឹង​អាជ្ញាធរ​ចាត់វិធានការ ព្រោះ​វា​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ​។ យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់ ទាមទារ​ដោះ​លែង លោក រ៉ុ​ង ឈុ​ន ត្រូវ​បញ្ឈប់​ជា​បន្ទាន់​មុន​នឹង​អាជ្ញាធរ​ចាត់វិធានការ ព្រោះ​វា​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ​។

យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ចេញផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានការ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម ក្រសួង​សង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំនួន​បាន​មក​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បន្ទាប់​ពី​សកម្ម​គាំទ្រ​លោក រ៉ុ​ង ឈុ​ន​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ប្រ​មូ​លោ​ផ្តុំ​នៅ​មុខ​តុលាការ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​លើក​លោក រ៉ុ​ង ឈុ​ន ។

ពាក់ព័ន្ធ​នឹង​សកម្មភាព​នេះ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ សូម​គូសបញ្ជាក់​ថា ទី​១-​សកម្មភាព​ក្នុង​ការ​ប្រមូលផ្តុំ​មនុស្ស​នៅ​ខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន ពុំ​មែន​ជា​ទ​ង្វើ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ទ​ង្វើ​នេះ ជា​ការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ និង​ទី​២-​ក្នុង​សង្គម​នីតិរដ្ឋ ការ​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​អំពី​បទល្មើស​ណាមួយ​របស់​អង្គការ​អយ្យការ ត្រូវធ្វើ​ឡើង​តាម​ផ្លូវច្បាប់​នៅ​ចំពោះ​មុខ​តុលាការ ។ ក្នុង​ន័យ​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ស្វែងរក និង​ពឹងពាក់​មេធាវី​ពូកែ​ៗ មួយ​រូប ឬ​ច្រើន​រូប ដើម្បី​ការពារ​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​តាម​ផ្លូវច្បាប់ ស្រប​តាម នីតិវិធី​ជា​ធរមាន​នៅ​ចំពោះ​មុខ​ស្ថាប័ន​តុលាការ ។
ជាង​នេះ​ទៅ​ទៀត អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថា​« អំពាវនាវ​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់​ខាងលើ​នេះ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ខ្លួន មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវ​»​។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីណែនាំ នៅ​ថ្ងៃ​ទី​៣ សីហា នេះ​ថា សកម្មភាព​ជួបជុំ​ប្រមូលផ្ដុំ​តវ៉ា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រក្រតី​ភាព​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្ដី​ពី បាតុកម្ម​ដោយ​សន្ដិវិធី ត្រង់​មាត្រា​៥​ដែល​បាន​ចែង​ថា ក្រុម​បុគ្គល​ណា ដែល​មាន​បំណង​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី នៅ​កន្លែង​សាធារណៈ​ណាមួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ ខេត្ត មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​។

សូម​ឮ​កថា លោក រ៉ុ​ង ឈុ​ន តំណាង​ក្រុមប្រឹក្សា ឃ្លាំមើល​កម្ពុជា និង ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ម​១ (​ព្រៃ​ស​) នៅ​ម៉ោង​៦ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០២០ ដើម្បី​បន្ត​នីតិវិធី ក្រោយ​ព្រះរាជអាជ្ញា បាន​សម្រេច​ចោទប្រកាន់​លោក ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន នៅផ្ទះ​របស់​លោក នា​ម៉ោង​៩​យប់​ថ្ងៃ​៣១ កក្កដា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ