ស្ថានភាព​កូ​វី​ដ​-១៩​នៅ​កម្ពុជា អាច​នឹង​ធ្ងន់​ដូច​វៀតណាម​ឬទេ?


កូ​វី​ដ​-១៩ ៖ ខណៈ​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ​ទប់ស្កាត់​កូ​វី​ដ​-១៩​បាន​ល្អ​នោះ កំណើន​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ មានការ​ព្រួយបារម្ភ​ខ្លាំង​ថា ស្ថានភាព​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​ប្រជាជន​ទាំងអស់​មានការ​ធ្វេសប្រហែស​។ អ្វី​ដែល​កើត​មាននៅ​វៀតណាម​បាន​ក្លាយជា​ការ​ទាក់ទាញ​មួយ​សម្រាប់​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​ឲ្យ​យល់​ថា​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​នៅ​ផុយ​ស្រួយ​ហើយ​បើ​គ្មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ទេ ការ​ឆ្លង​រាល ដាល​ជា​សហគមន៍​អាច​នឹង​កើត​មាន​ឡើង​ដូចដែល​អ្វី​បាន​កើត​មាននៅ​វៀតណាម​នៅ​ពេល​នេះ​។

គិត​មក​ដល់​ត្រឹម​ថ្ងៃអាទិត្យ​នេះ វៀតណាម មាន​មនុស្ស​ស្លាប់​ចំនួន​ដល់​៥​នាក់​ហើយ និង​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ទាំងអស់​៥៩០​នាក់​។ ដំបូង​វៀតណាម​ត្រូវ​ពិភពលោក​សរសើរ​ថា ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​កូ​វី​ដ​-១៩ ដែល​កំពុង​គំរាមកំហែង​ពិភពលោក​ទាំងមូល​។ ប៉ុន្តែ​បន្ទាប់​ពី​១០០​ថ្ងៃ នៃ​ភាព​ស្ងប់ស្ងាត់ រលក​ទី​ពីរ​បាន​ចាប់ផ្តើម​ផ្ទុះ​ចេញពី​ខេត្ត​ដា​ណា​ង ជា​ខេត្ត ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​វៀតណាម​។ នៅ​ក្នុង​រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ វៀតណាម​បាន​រាយការណ៍ ករណី​កូ​វី​ដ​-១៩ ថ្មី​ចេញពី​ខេត្ត ដា​ណា​ង​ចំនួន​៣៤​នាក់​។ វៀតណាម​ក៏​សម្រេចចិត្ត​បិទ​ខេត្ត​មួយ​នេះ​។

រលក​ទី​ពីរ​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​វៀតណាម​ចាប់ផ្តើម​ចេញពី​ខេត្ត​ដា​ណា​ង ហើយ​រាលដាល ដល់​ហាណូយ ហូ​ជី​មិ​ញ និង​ខេត្ត​ដាក់​ឡាក់​។ ស្ថានភាព​ជំរុញ​ឲ្យ​នាយ​រក​ដ្ឋ​មន្ត្រី​វៀតណាម ព្រមាន​ពី​លទ្ធភាព នៃ​ការ​រា​ដាល​មេរោគ​កូ​វី​ដ​-១៩ នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​វៀតណាម ហើយ​តម្រូវ​ឲ្យ​មានការ​ចាត់វិធានការ ខ្លាំងក្លា និង​បន្ទាន់​។ កម្ពុជា​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម​។ អ្វី​ដែល​កំពុង​កើត​នៅ​វៀតណាម​អាច ធ្វើ​ឲ្យ​កម្ពុជា​ញាក់សាច់​ដោយសារ​កូ​វី​ដ​-១៩​។

ប្រជាជន​កម្ពុជា​ត្រូវ​តែ​បង្កើត​ការ​ប្រុង​ប្រយ័ត្ន តាម​ការ​អំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល បើសិនជា​មិន​ចង់​ស្រក់​ទឹកភ្នែក​ដោយសារ​កូ​វី​ដ​-១៩​។ ខណៈ​វៀតណាម​កំពុង​គំរាមកំហែង​ដោយ​រលក​ទី​ពីរ​នៃ​ការ​រាលដាល​កូ​វី​ដ​-១៩ ប្រទេស​កម្ពុជា​បាន​ចេញ បញ្ជា​ឲ្យ​ខេត្ត​តាម​ព្រំដែន​វៀតណាម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ ដល់​ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌល​គី​រី និង​រតនគីរី ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ចំនួន​២៤០​នាក់ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ស្លាប់​ឡើយ ហើយ​ក៏​មិន​មានការ​ឆ្លង​ក្នុង​សហគមន៍​ដែរ ដោយ​ករណី​រក​ឃើញ​ថ្មី ទាំងអស់​គឺ​ទាក់ទង​នឹង​ការ​នាំ​ចូល​ពី​ខាងក្រៅ​ប្រទេស​។ ប៉ុន្តែ​ប្រទេស​កម្ពុជា​នឹង​អាច​ប្រឈម​មុខ​ស្ថានភាព​កូ​វី​ដ​-១៩ ធ្ងន់ធ្ងរ​ដូច​វៀតណាម​អត់​នោះ វា​នឹង​អាស្រ័យ លើ​ការ​ចូលរួម​ទាំងអស់​គ្នា​របស់​ប្រជាជន​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​មេរោគ​នេះ​។

ការ​មិន​ធ្វើការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ការ​រក្សា​គម្លាត​សង្គម ការ​ពាក់​ម៉ាស​ការពារ ការ​ធ្វើ​អនាម័យ​បាន​ល្អ​ដោយ​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាកុល​ឬ​ទឹក​ជែ​ល​សម្លាប់​រោគ និង​ការ​គោរព​តាម​ការ​ណែ នាំ​នានា​របស់​ក្រសួងសុខាភិបាល​នឹង​ជួយ​កម្ពុជា​ឲ្យ​រួច​ផុត​ពីរ​លក​ទី​ពីរ​នៃ​កូ​វី​ដ​-១៩​។ ប៉ុន្តែ​ការ​សប្បាយ​ភ្លេចខ្លួន ហើយ​មិន​ព្រម​អនុវត្ត​តាម​វិធី​ខាងលើ​នឹង​បង្កើន​ហានិភ័យ ខ្លាំង​សម្រាប់​ការ​រាលដាល​នៃ​កូ​វី​ដ​-១៩​នៅ​កម្ពុជា​៕ ដោយ ៖ ប្រេ​វី​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ