ពលរដ្ឋ​៥​ភូមិ​លើកគ្នា​បិទផ្លូវ ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ បាន​អះអាង​ថា មក​ពី​៥​ភូមិ​បាន​លើកគ្នា​មក​បិទផ្លូវ​លេខ ១៥១(​ផ្លូវ​ទៅ​ភ្នំ​ប្រសិទ្ធ​) ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​ម្នាក់​ដែល​ជន​មិន​ស្គាល់​មុខ មួយ​ក្រុម​ប្រមាណ ជាង​១០​នាក់ ប្រដាប់​អោយ​អាវុធ​ខ្លី​ចាប់ខ្លួន​អូស​ដាក់​រថយន្ត និង​បាញ់​ចំនួន​៣​គ្រាប់ ដើម្បី​គំរាម​ឲ្យ​លក់​ដី​ទំនាស់​។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២០ ដោយ​អ្នកស្រុក បាន​នាំ​គ្នា​យក​រ៉ឺ​ម៉ក​ម៉ូតូ​មក​ស្ទាក់​បិទផ្លូវ​នៅ​មុខ​មណ្ឌល​សុខភាព​ពញា​ពន់ ជាប់​សាលាសង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​។

ការ​បិទ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ឲ្យ​ដឹង​ថា ដើម្បី​ទាមទារ ឲ្យ​ដោះ​លែង​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ញិ​ល ក្រិ​ល ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ដែល​ត្រូវ​បាន​ជន​មួយ​ក្រុម ចាប់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​២ និង​៣០​នាទី រសៀល ខណៈ​ពេល​ដែល​គាត់​បាន​ទៅ​ច្រូតស្មៅ​នៅ​ក្នុង​ភូមិធំ​ត្បូង ហើយ​ត្រូវ​បាន​មួយ​ក្រុម​ដែល​ជា​បក្ខពួក​ម្ចាស់​ដី​ទំនាស់​មក​ចាប់​ដាក់​រថយន្ត និង​បាញ់​គំរាម​អ្នក​ភូមិ ចំនួន​៣​គ្រាប់ ដើម្បី​គំរាម​ដោយ​លក់​ដី​ទំនាស់​ក្នុង​តម្លៃ​ថោក​តែ​១​ម៉ែត្រការ៉េ ៥​កាក់​។

តាម​ក្រុម​អ្នក​តវ៉ា បាន​ឲ្យ​ដឹង​ថា ពួក​គាត់ ប្រមាណ​ជាង​១០០​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​១៧៧​គ្រួសារ នៅ​ក្នុងភូមិ​ចំនួន​៥​គឺ​ភូមិ ធំ​ត្បូង​ភូមិ ត្រពាំង​ស្នោរ​, ភូមិ​បឹង​, ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង សង្កាត់​ពញា​ពន់ មាន​ទំនាស់​ដីធ្លី ជាមួយ​លោកស្រី ឈ្មោះ អ៊ុយ បូ​វី ដែល​ឃុបឃិត​គ្នា​ស៊ីដាច់​ដី​ចិន​ប្រមាណ​ជាង​៣០០​ហិត​តា​។ តាម​ប្រជាពលរដ្ឋ​ឲ្យ​យ​ដឹង​ថា ដី​ប្រមាណ​៣០០​ហិ​កតា ជា​ដី​ចិន ដែល​បាន​ទិញ​ពី​ពួក​គាត់ កាលពី​ឆ្នាំ​១៩៩៣ ដោយ​ខ្លះ​ពុំ​ទាន់​ឲ្យ​លុយ​គ្រប់​ផង​ហើយ​បាត់​ដំណឹង​រហូត​មក ដី​នោះ​ត្រូវ​បាន​គាត់​កាន់កាប់​អាស្រ័យ​ផល​រហូត​មក​។ នៅ​ឆ្នាំ​២០០៥ ស្រាប់តែ​លេចមុខ ឈ្មោះ អ៊ុយ បូ​វី អះអាង​ថា ជា​ម្ចាស់​ដី ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ថែរក្សា​អាស្រ័យ​ផល ក៏​បាន​នាំ​គ្នា​តវ៉ា និង​សូម​ឲ្យ ម្ចាស់​ដី​ជា​ជនជាតិ​ចិន ចេញ​មុខ​ដោះស្រាយ​។

ប្រជាពលរដ្ឋ​បន្ត​ទៀត នៅ​ពេល​ថ្មី​ស្រាប់តែ​ក្រុមហ៊ុន​ក៏​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ ព័ទ្ធ​ដី ហើយ​ត្រូវ​ពួក​គាត់​រារាំង​តវ៉ា ហើយ​ត្រូវ​បាន​ជន​មិន​មួយ​ក្រុម​មក​គំរាម​គំ​ហែង ហើយ​នៅ​វេលា​ម៉ោង ប្រមាណ​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែសីហា នេះ ជន​ទាំងនោះ​ក៏​បាន​ចាប់ខ្លួន​អ្នក​ភូមិ​ម្នាក់​ទើប​ពួក​គាត់​នាំ​គ្នា បិទផ្លូវ​តែ​ម្តង​។ ការ​បិទផ្លូវ​អស់​រយៈពេល​ប្រមាណ​១​ម៉ោង​កន្លះ អ្នក​តវ៉ា​ក៏​បាន​បើក​ឲ្យ​ចរាចរ​ឡើង​វិញ ខណៈ​ពេល​ដែល​ភ្លៀង​បាន​បង្អុរ​ធ្លាក់​។ លុះ​ក្រោយមក អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ទិញ​អាវ​ភ្លៀង​បន្ត​បិទផ្លូវ​រហូត​ដល់ យប់​ទៀត​។

តាម​អ្នកស្រុក​បាន​ឲ្យ​ដឹង​ថា បើសិន​មិន​មានការ​ដោះ​លែង និង​ដោះស្រាយ រឿង​ដី​ទំនាស់​នោះ​ទេ ពួក​គាត់​នឹង​បន្ត​បិទផ្លូវ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ទៀត​។ ចំពោះ​ការ​ចាប់ខ្លួន សមត្ថកិច្ច​ខណ្ឌ​ព្រែក​ព្នៅ បាន​អះអាង​ថា មិនដឹង​ថា កម្លាំង​ខាង​ណា​នោះ​ទេ​មក​ចាប់​នោះ​។ តាម​លោក គួ អឿ​ន ចៅសង្កាត់​ពញា​ពន់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ដែល​មាន​ទំនាស់​នោះ ចំនួន ៣០០​គ្រួសារ ហើយ ត្រូវ​បាន​ម្ចាស់​ដី​ឈ្មោះ អ៊ុយ បូ​វី ធ្វើការ​ដោះស្រាយ បាន​ប្រមាណ​ជាង​១០០​គ្រួសារ នៅ​សល់​ប្រមាណ​ជិត​២០០​គ្រួសារ បាន​បន្ត​តវ៉ា​រហូត​មក​តាំងពី​ឆ្នាំ ២០០៥​មក​ម្លេះ​។ ចំពោះ​ការ​ចាប់ខ្លួន​អ្នក​ភូមិ លោក​ពុំ​បានដឹង​នោះ​ទេ​។ ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ភាគី ដែល​គេ​អះអាង​ថា ជា​ម្ចាស់​ដី​ក្រោយ​ដែល​ផ្ទេរ​ពី​ចិន​នោះ​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ