សំណុំរឿង​នាង វ៉ា​ន់ នី​ឡា ជាមួយ​អតីត​គូស្នេហ៍​ដែល​បង្ហោះ​រូប​អាក្រាត


រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ លើ​សំណុំរឿង​នាង វ៉ា​ន់ នី​ឡា ជាមួយនឹង​អតីត​គូស្នេហ៍​ដែល​បង្ហោះ​រូប​អាក្រាត ចំណែក​សាលដីកា​នឹង​ត្រូវ​បាន​លើក​ពេល​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ បងប្រុស​នាង វ៉ា​ន់នី​ឡា លោក សុខ ជំនោរ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ និ​ច​នៅ​ថ្ងៃ​ម្សិលមិញ​ថា រឿង​ក្តី​ប្អូនស្រី​របស់លោក ត្រូវ​បាន​បង្វិល​ពី​តុលាការ​កំពូល ​មក​សាលាឧទ្ធរណ៍​វិញ ខណៈ​ពេល​ដំណើរការ​កាត់ក្តី​កាល ពី​ព្រឹក​មិ​ញ​នេះ គឺ​មិន​មាន​វត្តមាន​ចូលរួម​ពី​ដើមបណ្តឹង និង​ជនជាប់ចោទ​ឡើយ ។

លោក​បញ្ជាក់​ថា ភាគី​ទាំង​សងខាង គឺ​មាន​តំណាង​មេធាវី​មក​ចូលរួម​រៀងខ្លួន ព្រោះ​ប្អូនស្រី​របស់​លោក បាន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច និង​ការ​ខ្មាស់​អៀន​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅឡើយ ហើយ​នាង​ក៏​បាន​បង្ហាញ​បញ្ហា​នេះ ប្រាប់​មេធាវី​របស់​នាង​ផង​ដែរ ។

លោក​ថា មេធាវី​ប្អូនស្រី​របស់​លោកបាន​ជជីក​ដេញដោល​ច្រើន​ជាមួយ​មេធាវី​តំណាង​ជនជាប់ចោទ ដោយ​ខាងយើង​បាន​បង្ហាញ​នូវ​អង្គហេតុ និង​ភស្តុ​តាង ហើយ​ជា​ពិសេស​យើង​បាន​សង្កត់ធ្ងន់​លើ​កូនក្តី​របស់​យើង ដោយសារ​តែ វ៉ា​ន់ នី​ឡា មិន​បានដឹង​សវន​ការ​នៅ​សាលា​កំពូល​ឡើយ ហើយ​យើង​ក៏​មិន​បាន​សរសេរ​សារ​ណា​ទាញ​តឹកតាង​របស់​យើង​ដែរ ហើយ​ការ​សម្រេច​របស់​សាលា​កំពូល​នោះ គឺ​ផ្អែក​តែ​ទៅ​ភាគី​ជនជាប់ចោទ​តែ​ម្ខាង​ប៉ុណ្ណោះ ។

បើ​តាម​លោក សុខ ជំនោរ នៅ​ពេល​រឿង​ក្តី​ដល់​កំពូល​នោះ គឺ​ភាគី​ខាង​ប្អូនស្រី​លោក មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ឡើយ ។ ដូច្នេះ​ដំណើរការ​ក្តី​កាលពី​ព្រឹក​មិ​ញ​នេះ គឺ​យើង​សង្កត់​លើ​រឿង​មួយ​នេះ ។ លោក​បាន​ឲ្យ​ដឹង​ថា ចំពោះ​លោក និង​ប្អូនស្រី​នៅ​តែ​មាន​ក្តី​សង្ឃឹម​ពី​ការ​ទទួល​បាន​យុត្តិធម៌ ព្រោះ​យើង​ធ្លាប់​បាន​ទទួល​ការ​សម្រេច​ឲ្យ​ឈ្នះក្តី​នេះ តាំងពី​សាលាដំបូង​រហូត​ដល់​កំពូល ។ លោក​ថា ទាំងនេះ​ជា​ក្តី​រំពឹង​ខ្ពស់​មួយ​សម្រាប់​គ្រួសារ​លោក ។

យ៉ាងណា​លោក​នៅ​តែ​រង់ចាំ​មើល ការ​សម្រេច​ក្តី​របស់​សាលាឧទ្ធរណ៍​នៅ​ដំណាច់​ខែសីហា​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​សាលាឧទ្ធរណ៍​នា​ពេល​នេះ គឺ​មាន​តែ​២​ប៉ុណ្ណោះ ដោយ​ទី​មួយ​គឺ​រក្សា​ទុក​សាលក្រម​សាលាដំបូង ដែល​បាន​ចេញ​សាលដីកា​រួច​ហើយ និង​ទី​ពីរ​ទម្លាក់​ចោលការ​ចោទប្រកាន់ ។

គួរ​កត់​សម្គាល់ថា រឿង​ក្តី​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ កូនប្រុស​លោក គុយ ប៊ុ​ន​សន អតីត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ជាមួយ​កញ្ញា សុខ ចិន្ដា ហៅ វ៉ា​ន់ នី​ឡា ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា និង​បង្ហោះ​រូបភាព​អាក្រាត​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​ចំនួន​២០០​លាន​រៀល ។

នៅ​ក្នុង​ការ​ប្រកាស​សាលក្រម​នេះ គេ​ពុំ​បានឮ​ពី​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ជាប់ចោទ គុយ សិទ្ធិ​សក្តិ ទេ តែ​បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​បន្ត ខណៈ​ជន​ជាប់​ខាងលើ​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ។
លោក គុយ សិទ្ធិ​សក្តិ ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន​លោក​ជា​មន្ត្រី​ប៉ូ​លី​ស​ពាក់​ស័ក្តិ​៤​កន្លះ និង​កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ