ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប៉ូលិសស្រុកបាទី ចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពស្ទាក់ផ្លូវគំរាមប្លន់ម៉ូតូពីអ្នករកស៊ីលក់មាន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ កុម្ភៈ វេលាម៉ោង២១និង៥៥នាទី នៅភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី។
តាមប្រភពពីលោកវរសេនីយ៍ត្រី ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ជនសង្ស័យដែលប៉ូលិសចាប់ខ្លួនឈ្មោះកុល ធិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ជាមុខសញ្ញាចាស់ ។ ការឃាត់ខ្លួននេះខណៈពេលកំពុងជិះម៉ូតូគុបជ្រុងពណ៌ទឹកប្រាក់គ្មានស្លាកលេខ។ រីឯបក្សពួកម្នាក់ទៀតបានយកម៉ូតូជនរងគ្រោះជិះបានពាក់កណ្តាលផ្លូវក៏ផ្តួលចោលរួចរត់គេចខ្លួនបាត់ ។
ប្រភពដដែលបន្តថា ម្ចាស់ម៉ូតូឈ្មោះណោម មិត ភេទ ប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភព១-២២១៦ យកមាន់ទៅលក់នៅឃុំត្រពាំងសាប ពេលថ្លឹងមាន់រួចក៏ជិះម៉ូតូត្រឡប់មកវិញ លុះដល់ពាក់កណ្តាលផ្លូវត្រង់ចំណុចភ្នំទទាខាងត្បូងក៏បានជួបម៉ូតូ១គ្រឿងជិះបិទភ្លើងក្នុងទិសដៅពីជើងទៅត្បូងហើយឈប់ពីមុខម៉ូតូរបស់គាត់ រួចជនម្នាក់ជិះខាងក្រោយចុះដើរសំដៅមកម៉ូតូគាត់ និងគំរាមឱ្យគាត់ប្រគល់ម៉ូតូជាបន្ទាន់ ។ ដោយសារតែភ័យពេកអ្នកលក់មាន់ក៏ប្រគល់ម៉ូតូទៅឱ្យចោរជិះចេញទៅតាមសំរួល ។ បន្ទាប់មកជនរងគ្រោះក៏បានទូរស័ព្ទទៅប្តឹងប៉ូលិសឃុំ ប្រហែលកន្លះម៉ោងក្រោយមកគ៏ចាប់ខ្លួនបក្សពួកម្នាក់បាន ឯម្នាក់ទៀតជិះម៉ូតូបានពាក់កណ្តាលផ្លូវក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពស្ទាក់ម៉ូតូគំរាមប្លន់កណ្តាលផ្លូវប្រាកដមែន ។ លោកវរសេនីយ៍ត្រី សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿង រួចហើយនៅរសៀលថ្ងៃទី២៨ កុម្ភៈ នឹងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ