ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ហាម​រថ​យន្ត​ធុន​ធ្ងន់​ឆ្លង​កាត់

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​​​​ ៖ រហូត​ដល់​​ថ្ងៃ​ទី​១៥ ខែ​តុលា​ ជំនន់​​ទឹក​ភ្លៀងនៅ​​ខេត្ត​កំពង់​ឆ្នាំង​ស្រក​តិច​តួច​ប៉ុណ្ណោះ​ ព្រោះ​តែ​​ទទួល​រងទឹក​​ភ្លៀង​ជា​រៀង​រាល់​ថ្ងៃ ជួន​យប់ ជួន​ថ្ងៃ គ្រាន់​តែ​មិន​ធ្លាក់​ជាប់​ពេញ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ​ជំនន់​ទឹក​ភ្លៀង​​ធ្វើ​ឱ្យ​ស្រូវ​ប្រជា​កសិករ​ស្ទើរ​ទូទាំង​ខេត្ត​​លិច​លង់ ​ដែល​តាម​មន្ត្រី​ជំនាញ​កសិកម្ម​ថា​ មាន​រយៈ​ពេល​៤​ថ្ងៃ​មក​​ហើយ ប៉ុន្តែ​សង្ឃឹម​អាច​សង្គ្រោះ​បាន​ បើ​សិន​លិច​លង់​ក្រោម​រយៈ​ពេល​១០​ថ្ងៃ​​ តែ​បើ​លើស​ពី​១០​ថ្ងៃ​ពិត​ជា​រង​ការ​ខូច​ខាត​​ពុំ​ខាន

ខេត្ត​កំពង់​ឆ្នាំង​​​​ ៖ រហូត​ដល់​​ថ្ងៃ​ទី​១៥ ខែ​តុលា​ ជំនន់​​ទឹក​ភ្លៀងនៅ​​ខេត្ត​កំពង់​ឆ្នាំង​ស្រក​តិច​តួច​ប៉ុណ្ណោះ​ ព្រោះ​តែ​​ទទួល​រងទឹក​​ភ្លៀង​ជា​រៀង​រាល់​ថ្ងៃ ជួន​យប់ ជួន​ថ្ងៃ គ្រាន់​តែ​មិន​ធ្លាក់​ជាប់​ពេញ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ​ជំនន់​ទឹក​ភ្លៀង​​ធ្វើ​ឱ្យ​ស្រូវ​ប្រជា​កសិករ​ស្ទើរ​ទូទាំង​ខេត្ត​​លិច​លង់​ដែល​តាម​មន្ត្រី​ជំនាញ​កសិកម្ម​ថា​ មាន​រយៈ​ពេល​៤​ថ្ងៃ​មក​​ហើយ ប៉ុន្តែ​សង្ឃឹម​អាច​សង្គ្រោះ​បាន​ បើ​សិន​លិច​លង់​ក្រោម​រយៈ​ពេល​១០​ថ្ងៃ​​ តែ​បើ​លើស​ពី​១០​ថ្ងៃ​ពិត​ជា​រង​ការ​ខូច​ខាត​​ពុំ​ខាន​។
ចំពោះ​​ផ្លូវ​គមនា​គមន៍​វិញ​ អាជ្ញា​ធរ​ខេត្ត​ដែល​ទទួល​បាន​ការ​ណែ​នាំ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​បាន​ចាត់​វិធាន​ការណ៍​ទប់​ស្កាត់​ការ​ធ្វើ​ចរាចរ​របស់រថ​យន្ត​ធុន​ធ្ងន់​លើ​ផ្លូវ​ជាតិ​ ដោយ​ឱ្យ​អាជ្ញា​ធរ​ស្រុក​ឃាត់ និង​ផ្អាក​រថ​យន្ត​ធុន​ធ្ងន់់​តាម​ស្រុក​នីមួយៗ​រហូត​ដល់​មាន​សេចក្តី​ណែ​នាំ​ជា​ថ្មី​ទើប​អាច​ឱ្យធ្វើ​​ចរា​ចរ​វិញបាន​។ ការ​ទប់​ស្កាត់​នេះ​​ការ​ពារផ្លូវ​​ជាតិ​ដែល​កំពុង​លិច​លង់​ក្រែង​បាក់​ស្រុតដោយ​ការ​ដឹក​ធ្ងន់​។

លោក​អៀរ ប៊ុន​ធឿន នាយ​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត​ឱ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​សេចក្តី​ណែ​នាំ​ពី​ក្រសួង​សា​ធារណ​ការ​ ចុះ​ថ្ងៃ​ទី​១៤ តុលា ស្តី​ពី​ការ​ទប់​ស្កាត់​រថ​យន្ត​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរ​លើ​ថ្នល់​ជាតិ​លេខ​៥​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែត​ ដើម្បី​ការ​ពារ​ការ​បាក់​ស្រុត​ថ្នល់​ជាតិ​​ដែល​កំពុង​រង​ការ​​គំរាម​កំហែង​ពី​ជំនន់​ទឹក​ភ្លៀង​នោះ​​ទើប​លោក​អភិ​បាល​ខេត្ត​ណែ​នាំ​ដល់​លោក​ស្នង​ការ​ លោក​មេ​បញ្ជា​ការ​ប៉េ​អឹម​ឱ្យ​​ទប់​ស្កាត់​រថ​យន្ត​ធុន​ធ្ងន់ធ្វើ​​ចរាចរ​តាម​ថ្នល់​ជាតិ​លេខ​៥​។ នៅ​យប់​ថ្ងៃ​ទី​១៤ តុលា លោក​ស្នង​ការ​ខេត្ត​បានទៅ​​បញ្ជា​ និង​ពិនិត្យ​​មើល​ដោយ​ផ្ទាល់​កំណាត់​ថ្នល់​ជាតិ​លេខ​៥​ត្រង់​ចំណុច​ក្រាំង​ពន្លៃ​ក្នុង​ស្រុក​សាមគ្គី​មាន​ជ័យ​ដែល​កំពុង​លិច​ប្រមាណ​ជាង​១០០​ម៉ែត្រ​។ ចំណែក​​លោក​ឧត្តម​សេនីយ៍​ត្រី​ស្នង​ការ​ខេត្ត​បាន​ដាក់​បទ​បញ្ជា​ឱ្យ​ប៉ូលិស​គ្រប់​ស្រុក​ទាំង​៤​ដែល​នៅ​ជាប់​តាម​ថ្នល់​ជាតិ​លេខ​៥​ឃាត់​ និង​ផ្អាក​រថ​យន្ត​ធុន​ធ្ងន់​ គឺ​ឃាត់​នៅ​តាម​ស្រុក​នីមួយៗ​ឱ្យ​នៅ​នឹង​កន្លែង​​រហូត​ដល់​មាន​បទ​បញ្ជា​ជា​ថ្មី​ គឺ​មាន​ន័យ​ថា​ រហូត​ដល់​ស្ថាន​ភាព​ទឹក​ជំនន់​ទឹក​ភ្លៀង​នេះ​ស្រក​ផុត​ដូច​ដើម​វិញ​។

លោក​ង៉ាន ណា​នី ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​​បាន​និយាយ​ថា​ ដំណាំ​ស្រូវ​វស្សា​របស់​ប្រជា​កសិករ​មួយ​ភាគ​ធំ​បាន​លិច​លង់​ដោយ​សារ​ទឹក​ជំនន់​ទឹក​ភ្លៀង​រយៈ​ពេល​៤​ថ្ងៃមក​​ហើយ​គិត​ត្រឹម​ថ្ងៃ​​ទី​១៥​ តុលា​។ សំរាប់​ដំណាំ​ស្រូវ ​បើ​សិន​លិច​លើស​ពី​១០​ថ្ងៃ​ឡើង​លើ​គឺ​ពិត​ជាមាន​ការ​ខូច​ខាត​ខ្លះ​ពុំ​ខាន​ តែ​​បើ​សិន​ក្រោម​១០​ថ្ងៃ​ស្រូវ​អាច​លើស​ដើម​ក៏​មាន​ដែរ​។ លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ពី​ផល​ប៉ះ​ពាល់​លើ​ដំណាំ​ស្រូវ​ ព្រោះ​​ខាង​ឧតុ​និយម​បាន​ជូន​ដំណឹង​ពីបញ្ហា​អាកាស​ធាតុ​បែប​​នេះ​ដល់​ថ្ងៃ​ទី​១៨ តុលា ឯណោះ​។
សំរាប់​របាយ​ការណ៍​របស់​លោក​ប្រាក់​ សោ​ភ័ណ្ឌ​ ប្រធាន​ស្នាក់​ការ​​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំងឱ្យ​ដឹង​ថា​ គ្រោះ​​ធម្ម​ជាតិ​តាំង​​ពី​ថ្ងៃ​ទី​១១ តុលា​ មក​​បង្ក​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​៦២​ខ្នង​ដួល​រលំ​ ព្រម​ទាំងរ​បើក​ដំបូល​ និង​
ជញ្ជាំង​។ នៅ​ស្រុក​កំពង់​លែង​ដួល​រលំ​​ផ្ទះ​ទាំង​ស្រុង​២០​ខ្នង​ របើក​ដំបូល និង​ប៉ើង​ជញ្ជាំង​២០​ខ្នង។ នៅ​ក្រុង​កំពង់​ឆ្នាំង​ដួល​រលំ​ទាំង​ស្រុង​២​ខ្នង​ និង​របើក​ដំបូល​ និង​ប៉ើង​ជញ្ជាំង​៧​ខ្នង​ និង​នៅ​ស្រុក​ជល​គិរី​រលំ​ទាំង​ស្រុង​១​ខ្នង​ របើក​ដំបូល​ ប៉ើង​ជញ្ញាំង​១២​ខ្នង​ និង​ស្លាប់​មនុស្ស​ម្នាក់​ដោយ​ខ្យល់​វាយ​ពន្លិច​ទូក​។

លោក​ម៉ុម ហុន អធិ​ការ​ស្រុក​ជល​គិរី​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ដោយ​​សារ​ខ្យល់​បោក​បណ្តាល​ឱ្យ​លិច​ទូក​នោះ​ឈ្មោះ​ឡោ ពៅ ភេទ​ប្រុស​ អាយុ​​៣៩​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ភ្លង ឃុំ​ពាម​ឆ្កោក​។ ហេតុ​ការណ៍​លិច​ទូក​នោះ​ នៅ​យប់​ថ្ងៃ​ទី​១១ តុលា ខណៈ​​បុរស​រង​គ្រោះ​អុំ​ទូក​ត្រឡប់​ពី​ដាក់​មង​ទៅ​ផ្ទះ​វិញ​ជាមួយ​កូន​ប្រុស​អាយុ​១០​ឆ្នាំ​ ​តែ​សំណាង​ល្អ​ កូន​ប្រុស​ត្រូវ​​ឪពុក​​ហែល​ជួយ​ទាញ​ឱ្យ​ទៅ​តោង​បង្គោលតូច​មួយ។ ខណៈ​នោះ​បុរស​ជា​​ឪពុក​មិន​ហ៊ាន​តោងទេ​ ព្រោះ​ខ្លាច​បាក់​បង្គោល​បណ្តាល​ឱ្យ​​ស្លាប់​ទាំង​អស់​គ្នា​។ ដូច្នេះ​ហើយ​បុរស​ជា​​ឪពុកប្រឹង​​ហែលរហូត​​អស់​ដៃ​ អស់​ជើង​លង់​ស្លាប់​ក្បែរ​កូន​ដែល​តោង​បង្គោល​នោះ។ លោក​អធិការ​ស្រុក​​បញ្ជាក់​ថា​ ក្រោយ​ស្ងប់​ខ្យល់​ស្ត្រី​​ជា​ប្រពន្ធ​ចេញ​ទូក​មួយ​ជាមួយ​អ្នក​ជិត​ខាង​ទៅ​រក​ប្តី​ និង​កូន នៅ​កន្លែង​​ដាក់​មង​ចំងាយ​ប្រហែល​៣០០​ម៉ែត្រខាង​​ក្រោយ​ផ្ទះ​។ ​ពេល​ទៅ​ដល់​ចុច​ពិល​រក​មើល​ឃើញ​ កូន​ប្រុស​អាយុ​១០​ឆ្នាំ​កំពុង​តោង​បង្គោល​ និង​ស្រែក​ហៅ​ឱ្យគេ​​ជួយ​។ ក្មេង​ប្រុស​នោះ​ដៃ​ម្ខាង​តោង​បង្គោល និង​ដៃ​ម្ខាង​ចាប់​ទាញ​ក​អាវ​សព​ឪពុក​កុំ​ឱ្យ​រសាត់​៕