ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រៀបចំ​​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​​មួយ​ទៀត​នៅ​​តំបន់​ព្រែក​លៀប

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយមានការ​អនុញ្ញាត​​ពីរាជ​រដ្ឋាភិបាល​ ក្រុមហ៊ុនឯកជន​​ដ៏ធំ​ក្នុង​ស្រុក​​មួយ ​បាននិង​កំពុង​ត្រៀមរៀបចំ​​​ដំណើរ​ការ​​អភិ​វឌ្ឍ​ជាទីក្រុង​​រណប​ថ្មីមួយទៀត ​មានលក្ខណៈ​​ទំនើប​​មិនធ្លាប់​មាននៅ​តំបន់​ព្រែក​លៀប ។ ក្រុម​ហ៊ុន​ដែលត្រៀម​ធ្វើ​ការ​​វិនិយោគ​​ជាទីក្រុង​​រណប​​​នោះ​មានឈ្មោះ​​ក្រុមហ៊ុនវិនិយោគ​​ទុន​អាណិក​ជន​​កម្ពុជា (OEIC) ដែលមានលោក​​​ឧកញ៉ា​ពុង ឃាវ​សែ ​ជា​ប្រធាន​​ និង​ជា​ក្រុមហ៊ុន​​​កំពុង​ដំណើរ​ការ​​អភិវឌ្ឍ​ទីក្រុងកោះពេជ្រ ។​

​យោង​តាម​​​វ៉េបសាយ​​សាលា​រាជធានីភ្នំពេញ ​បាន​ឱ្យ​ដឹង​ថា ​កាលពីព្រឹក​​ថ្ងៃទី​​​១៧ មីនា ​២០១១ ​សាលារាជធានីភ្នំពេញ ​​បានបើក​​​កិច្ច​ប្រជុំ​​​​មួយ​​ជាមួយ​​តំណាង​ក្រុមហ៊ុន​​ក្រោម​​អធិប​តី​ភាព​លោក​កែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញ ​ដើម្បី​​​បង្ហាញ​ពង្រាង​​​គម្រោង​​​នៃការបង្កើត​​​ទីក្រុង​​​រណប​ថ្មីមួយទៀត នៅត្រើយ​​ខាងកើត​​ស្ពាន​ជ្រោយ​ចង្វា​​ ឬ​​ខាង​លិច​​ផ្លូវ​​ជាតិលេខ​​៦A ស្ថិត​​ក្នុង​​សង្កាត់​​ជ្រោយ​ចង្វា ព្រែកតាសេក និង​​សង្កាត់​ព្រែក​លៀប ខណ្ឌ​​ឫស្សីកែវ ​​លើ​ផ្ទៃដី​​ចំនួន​៣៨៧​ហិក​តា ។ ព័ត៌​មាន​តាម​វ៉េបសាយ​​បាន​បន្ត​​ថា ​គម្រោង​​អភិវឌ្ឍ​ទីក្រុងរណប​នេះ​​​​មានលក្ខណៈ​ទំនើប​​ លើ​ផ្ទៃ​ដី​​​៣៨៧​ហិកតា​​ ត្រូវបាន​បែងចែក​​​ជា​​​៤​ផ្នែក​​គឺ ទី​១​​ជា​តំបន់​​​សួនច្បារ​​​រុក្ខជាតិ​សាធា​រណៈ​​ប្រមាណ​​៦០​ហិកតា ​ទី​២-​ពហុ​កីឡ​ដ្ឋាន​​ថ្នាក់​​ជាតិ​​​៤០ហិកតា ​​ទី​៣-​ជា​តំបន់​អាស៊ាន​​បូក​៣​​ប្រមាណ​​៤៥​ហិកតា ​ជាទីតាំង​​ដែល​ត្រៀម​សម្រាប់​​ប្រទេស​អាស៊ាន​​​បូក​​បី សម្រាប់​ការងារ​រៀបចំ​ក្នុង​ក្របខណ្ឌ​​អាស៊ាន និង​​ទី​៤-​​ចំនួន​​១៦២​ហិក​តា ជា​ទីតាំង​​អភិវឌ្ឍ​ដែល​ក្នុងនោះ​​មាន​តំបន់​​លំនៅ​ឋាន​ ពាណិជ្ជកម្ម​ ធនាគារ សាលា​រៀន និង​​​សាល​មហោស្រព​​ជាដើម ​ហើយ​​​ផ្ទៃដី​មួយ​ផ្នែក​​​ទៀត​សម្រាប់​​អភិវឌ្ឍ​ផ្សេងៗ ។​

នៅក្នុងកិច្ចប្រជុំ​នោះ លោកកែប ជុតិមា ​អភិបាល​រាជធានីភ្នំពេញ បានធ្វើការ​​​ណែ​នាំ​​ដល់​មន្ត្រី​ជំនាញក្រោម​​​ឱវាទ​​សាលារាជធានីភ្នំពេញ ​ឱ្យ​​រៀបចំ​​គណៈ​កម្មាធិការ​​មួយ​​ដោយមាន​ការ​ចូលរួម​ពីក្រុមហ៊ុន​​ដើម្បី​ជំរុញ​ការ​អនុវត្ត​​ការ​ងារ​​នេះ​​ឱ្យ​បាន​​លឿន ។​ គួរ​​​​កត់សម្គាល់​​​ថា ក្នុងរយៈ​​ពេលប៉ុន្មាន​​​ឆ្នាំ​ចុង ​ក្រោយនេះ ​​​ក្រោម​ការ​ដឹកនាំ​​​ប្រកបដោយ​​គតិ​បណ្ឌិត​​​របស់សម្តេច​​តេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី និង​​ការ​ដឹកនាំ​​ផ្ទាល់​​របស់​លោក​កែប ជុតិ​មា ​​អភិបាល​រាជធានីភ្នំពេញ ​ពិតជា​​មានការ​អភិ​វឌ្ឍ​ខ្លាំងក្លា​​​​គួរ​ឱ្យ​មោទនៈ ជាពិសេស​​​ពេល​នេះ​​យើង​​មាន​​ទីក្រុងរណប​​ថ្មីៗ​​នៃ​រាជធានីភ្នំពេញ ​​ជា​ច្រើន​ដូចជា​ ទីក្រុង​​រណប​កាំកូស៊ីធី ទីក្រុងកោះ​ពេជ្រ ​និង​ហ្គ្រែន​ភ្នំពេញ ​។ ​​ពេល​​ឆាប់​ៗ​ខាង​មុខ​នេះ​ នឹង​មាន​ការ​​​រៀបចំ​​ទីក្រុង​រណប​​នៅ​តំបន់​ជ្រោយ​ចង្វា ព្រែកលៀប ដែលកំពុង​ត្រៀម​រៀប​ចំ​​។ ​​នេះ​​​មិន​​​​ទាន់គិតពីការ​​អភិវឌ្ឍ​ជា​សំណង់​​អគារធំ​ ហើយ​ខ្ពស់​ៗ​ និង​ការ​អភិវឌ្ឍ​​​តំបន់​​ពាណិជ្ជ​កម្ម ឬ​សំណង់​លំនៅឋាន​​ផ្សេងៗ​នោះ​ទេ ៕