លោក Salam Fayyad ដែលនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ថ្លែងកាលពីថ្ងៃទី៦ មីនា ថា ក្រោយពីរូបលោកបានសិក្សាអំពីការខុសឆ្គងដែលនាំដល់ការបែកបាក់របស់ប៉ាឡេស្ទីនកាលពីឆ្នាំ២០០៧មកនោះ លោកបានស្នើឱ្យមានការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយដែលរាប់បញ្ចូលទាំងក្រុមហាម៉ាស់ និងក្រុមហ្វាតាហ៍ ។ លោក Salam ថ្លែងដូច្នេះក្នុងអំឡុងពេលនៃបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ ។
លោក Salam ថ្លែងថា រដ្ឋាភិបាលបង្រួបបង្រួមដែលមានចលនាអ៊ិស្លាមហាម៉ាស់ និងចលនាហ្វាតាហ៍ ដឹកនាំដោយលោកប្រធានាធិបតីម៉ាមូដអាប់បាស់ បានបែកបាក់គ្នាកាលពីខែមិថុនា ឆ្នាំ២០០៧ កន្លងមក ដោយសារតែការគ្មានគោលការណ៍សន្តិសុខច្បាស់លាស់ ។ ប៉ុន្តែពេលនេះដោយមិនគិតពីការខ្វែងគំនិតគ្នាផ្នែកនយោបាយ លោក Salam បានមើលឃើញមូលដ្ឋានជារួមមួយគឺបង្កើតរដ្ឋាភិបាលដែលគាំទ្រដោយក្រុមហ្វាតាហ៍ និងក្រុមហា
ម៉ាស់ ។
ចាប់តាំងពីក្រុមហាម៉ាស់ វាយយកឈ្នះលើកងកម្លាំងគាំទ្រលោកប្រធានាធិបតីអាប់បាស់ កាន់កាប់ជ្រោយហ្គាហ្សាកាលពីឆ្នាំ២០០៧មក ក្រុមនេះបានស្វះស្វែងរកបទឈប់បាញ់គ្នាជាមួយប្រទេសអុីស្រាអែល ។
ទាក់ទិនទៅនឹងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមនេះ លោក Salam Fayyad ថ្លែងថា យើងមិនអាចរង់ចាំរហូតដល់ពួកគេឯកភាពគ្នាលើអ្វីៗគ្រប់យ៉ាងនោះទេ ដូច្នេះវាសំខាន់ណាស់ក្នុងការមានរដ្ឋាភិបាលមួយដែលផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋប៉ាឡេស្ទីន និងអនុវត្តគោលការណ៍សន្តិសុខជាជំហានមួយឆ្ពោះទៅរកការបង្រួបបង្រួមគ្នា ។
ក្នុងបទសម្ភាសន៍នោះដែរ លោក Salam Fayyad ថ្លែងថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចជួយពលរដ្ឋប៉ាឡេស្ទីនបង្កើតរដ្ឋរបស់ខ្លួននៅត្រឹមខែកញ្ញាខាងមុខនេះ ៕
ចែករំលែកព័តមាននេះ