ការរញ្ជួយដីយ៉ាងខ្លាំងបំផុតមួយមានកម្លាំងដល់ទៅ៨,៩រីស្ទ័រ កើតមាននាថ្ងៃទី១១ មីនា នៅភាគឦសាន ប្រទេសជប៉ុនបង្កឱ្យមានស៊ូណាមីយ៉ាងសាហាវកំពស់ដល់ទៅ១០ម៉ែត្រ ដែលកំទេចរាល់អ្វីៗទាំងអស់តាមផ្លូវវាយប្រហាររបស់រលកយក្សទាំងនេះ ដែលមានទាំងផ្ទះ អគារទាំងឡាយ រថយន្ត កសិដ្ឋាន និងនាវា… ។
ទូរទស្សន៍រដ្ឋជប៉ុន NHK និយាយពីមនុស្ស ស្លាប់ និងរបួសជាច្រើននាក់ពិសេសដោយសារការបាក់ដីនៅភាគខាងជើងប្រទេស ។ ការរញ្ជួយដីបង្កឱ្យមានអគ្គីភ័យក្នុងនោះមានអគារស្តុកប្រេងមួយនៃរោងចក្រចំរាញ់ប្រេងកាតនៅ CHIBA ជិតក្រុងតូក្យូ ។ ទូរទស្សន៍បង្ហាញពីរូបភាពនានានៃស្ពានក្រុងសេនដៃជាទីក្រុងមួយមានប្រជាជន១លាននាក់ស្ថិតនៅភាគខាងជើង ត្រូវរងការវាយប្រហារដោយរលកយក្សមានកំពស់១០ម៉ែត្រ ។ រលកយក្សមួយទៀតមានកំពស់៧ម៉ែត្រ កើតមានបន្ទាប់ពីរលកយក្សកំពស់១០ម៉ែត្រនោះ ។
ការប្រកាសអាសន្នស៊ូណាមីត្រូវបានធ្វើក្នុងផ្នែកមួយយ៉ាងធំនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅកោះ ហុនស៊ូជាកោះសំខាន់មួយរបស់ជប៉ុន ។ នៅតៃវ៉ាន់ និងនៅឥណ្ឌូណេស៊ីក៏មានការប្រកាសអាសន្នស៊ូណាមីដែរ ។ សាលាក្រុងវ៉ាកាយ៉ាម៉ា បានចេញបញ្ជាឱ្យជម្លៀសមនុស្ស២០.០០០នាក់ ជាការបង្ការចំពោះរលកស៊ូណាមីថ្មីៗទៀត ។
ការរញ្ជួយដីនេះកើតមាននាវេលាម៉ោង៥ និង៤៦នាទីម៉ោងសាកលនៅចម្ងាយ១៣០គ.ម ខាងកើតទីក្រុងសេនដៃក្នុងដែនទឹកនៃកោះហុនស៊ូ ក្នុងជម្រៅ២៤គ.មក្រោមសមុទ្រ ។ នៅទីក្រុងតូក្យូអគារទាំងឡាយញ័ររញ្ជួយយ៉ាងខ្លាំង ។
ទូរទស្សន៍ NHK បង្ហាញរូបភាពទាំងឡាយនៃពពកផ្សែងខ្មៅហុយចេញពីអគារមួយនៅ ODAIBA ជាយក្រុងតូក្យូ ហើយចរាចរណ៍ផ្លូវដែករបស់រថភ្លើងលឿនទៅកាន់ភាគខាងជើងប្រទេសត្រូវកាត់ផ្តាច់។ ព្រលានយន្តហោះក្រុងតូក្យូ ណារីតា បានត្រូវបិទទ្វារ ។ ផ្សែងខ្មៅក៏ហុយចេញផងដែរ ពីតំបន់ឧស្សាហកម្មមួយក្នុងសង្កាត់ ISOGO នៅជាយក្រុងយូកូហាម៉ា ។
ក្រសួងការពារប្រទេសជប៉ុនបានបញ្ជាឱ្យយន្តហោះយោធា៨គ្រឿងហោះឡើង ដើម្បី ពិនិត្យការខូចខាត ។ មជ្ឈមណ្ឌលនុយក្លេអ៊ែរ និងរោងចក្រចំរាញ់ប្រេងកាតជាច្រើនត្រូវបិទ ហើយរោងចក្រស្លដែកមួយកំពុងត្រូវភ្លើងឆេះ។
ធនាគារជប៉ុនសន្យាពីជំនួយ ដើម្បីធានាដល់ស្ថេរភាពនៃទីផ្សារ ។
ការរញ្ជួយដីដែលកើតនាវេលាម៉ោង៣រសៀលម៉ោងក្នុងស្រុក ម៉ោង៧ព្រឹកម៉ោងនៅបារាំងធ្វើឱ្យអគារទាំងឡាយនៅក្រុងតូក្យូញ័រ រង្គើរយ៉ាងខ្លាំង ។ ការរញ្ជួយខ្លាំងដំបូងមានរយៈពេលជាង២នាទីធ្វើឱ្យអគារទាំងឡាយញ័ររង្គើរចាប់ពីកំពស់១ម៉ែត្រទៅ ។ ប៉ុន្មាននាទីក្រោយមក មានការរញ្ជួយខ្លាំងមួយទៀត ។ ភ្លាមៗក្រោយការរញ្ជួយដីនេះអ្នករបួសជាច្រើនត្រូវបានជំរឿនឃើញ ។ កំពង់ផែ និងព្រលានយន្តហោះត្រូវបិទក្នុងផ្នែកមួយយ៉ាងធំរបស់
ប្រទេស ។ អគារមួយបាក់ក្នុងរាជធានី ព្រមទាំងអគ្គីភ័យជាច្រើន ។ ការប្រកាសអាសន្នកំរិតខ្ពស់បំផុតត្រូវបានធ្វើ ។ ការប្រកាសអាសន្នស៊ូណាមីធ្វើនៅជប៉ុន ហ្វីលីពីន រុស្ស៊ី និងប្រជុំកោះ MARTANNES ។
ការរញ្ជួយដីនេះញ័រកក្រើករហូតដល់ក្រុងប៉េកាំង ស្ថិតនៅចំងាយ២.៥០០គ.ម នាភាគខាងលិច ។ បណ្តានិយោជិតដែលធ្វើការក្នុងអគារខ្ពស់ទាំងឡាយក្នុងរដ្ឋធានីចិនរាយការណ៍ពីការញ័ររង្គើរ តែពុំបានរាយការណ៍ពីអ្នកត្រូវរបួសឡើយ ។ នៅកណ្តាលក្រុងតូក្យូ ដំបូលអគារមួយបានបាក់ដែលក្នុងអគារនោះមាននិស្សិត៦០០នាក់ កំពុងចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្តាលឱ្យនិស្សិតច្រើននាក់ត្រូវរបួស ។
ជប៉ុនបានបញ្ជូននាវាទាំងឡាយ ព្រមទាំងកងនាវាចម្បាំងទៅកាន់តំបន់ MIYAGI ដែលរងការប៉ះពាល់ដោយការរញ្ជួយដីខ្លាំងនោះ ។ ក្នុងតំបន់រងការប៉ះពាល់ដោយរលកយក្ស រូបភាពទាំងឡាយថតតាមឧទ្ធម្ភាគចក្របង្ហាញតំបន់រស់នៅរបស់ប្រជាជនត្រូវទឹកលិចទាំងស្រុង ផ្លូវថ្នល់ទាំងឡាយត្រូវរលកវាយប្រហារហើយរថយន្ត ឬនាវាត្រូវកម្លាំងរលកបោកនាំយកទៅជាមួយ ។ គេនៅពុំទាន់ដឹងថា តើមានជនរងគ្រោះប៉ុន្មាននាក់ឡើយបង្កឡើងដោយគ្រោះមហន្តរាយនេះ ឬតើប្រជាជនអាចមានពេលរត់ភៀសខ្លួនចេញទាន់ ឬយ៉ាងណាឡើយ ។ ការខូចខាតពិតជាមានទំហំធំធេងបំផុតរហូតដល់នៅតំបន់ឆ្ងាយពីចំណុចកណ្តាល ។ អគ្គិសនីត្រូវដាច់ រួចតំបន់ជាច្រើននាភាគខាងជើងជប៉ុនរងការប៉ះពាល់ ជាពិសេសដល់អគារប្រមាណជា៤លានក្នុងតំបន់ក្រុងតូក្យូ ។ ការប្រកាសអាសន្នស៊ូណាមី ត្រូវបានធ្វើស្ទើរតែនៅគ្រប់តំបន់ទាំងអស់នៃឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកក្នុងនោះរួមមានអូស្ត្រាលី និងអាមេរិក ខាងត្បូង ។
- រញ្ជួយដីនៅជប៉ុនចេញការព្រមានពីរលកស៊ូណាមីសម្រាប់២០ប្រទេស
ការព្រមានពីរលកយក្សស៊ូណាមី ត្រូវបានចេញនៅថ្ងៃទី១១ មីនា សម្រាប់ប្រទេសចំនួន២០ និងកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកជាច្រើនទៀតក្រោយពីការរញ្ជួយដីដ៏មានឥទ្ធិពលកម្រិត៨,៩រីស្ទ័រ វាយប្រហារឆ្នេរសមុទ្រភាគឦសានប្រទេសជប៉ុន បង្កឱ្យកើតរលកយក្សស៊ូណាមី ធ្វើឱ្យញ័ររង្គើរស្ពាន ធ្លាក់រថយន្តជាច្រើនគ្រឿងចូលក្នុងទឹកអណ្តែតត្រៀបត្រា និងបណ្តាលឱ្យឆេះអគារជាច្រើនផងដែរ ។ មន្ត្រីនានាផ្នែកសង្គ្រោះបន្ទាន់បានព្រមានពលរដ្ឋដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងប្រទេសជប៉ុនចាកចេញពីផ្ទះសម្បែង ទៅរកកន្លែងមានសុវត្ថិភាព ។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រសហរដ្ឋអាមេរិកនិយាយថា រលកស៊ូណាមី ដែលកើតឡើងដោយការរញ្ជួយដីនោះអាចបង្កការខូចខាតដល់តំបន់ឆ្នេរសមុទ្រនៅរដ្ឋហាវ៉ៃរបស់អាមេរិក ដូច្នេះត្រូវចាត់វិធានការជាបន្ទាន់ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងទ្រព្យសម្បត្តិ ។
គ្រោះរញ្ជួយដីលើកចុងក្រោយដែលកើតឡើងនៅប្រទេសជប៉ុននេះជាការរញ្ជួយដីធ្ងន់ធ្ងរបំផុតចាប់តាំងពីការរញ្ជួយដីកម្រិត៩រីស្ទ័រ កើតឡើងនៅខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៦ ធ្នូ ឆ្នាំ២០០៤ កន្លងមក បណ្តាលឱ្យកើតរលកយក្សស៊ូណាមី ស្លាប់មនុស្សជាច្រើនម៉ឺននាក់ នៅក្នុងប្រទេសជាច្រើន ជាប់មហាសមុទ្រឥណ្ឌា ។ ក្រោយពីទទួលបានព័ត៌មានថា មានបាតុភូតគ្រោះរញ្ជួយដីដ៏មានឥទ្ធិពលនៅប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូងបានបញ្ជូនអ្នកជួយសង្គ្រោះមួយក្រុមទៅកាន់ប្រទេសជប៉ុន ដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ ។
- រញ្ជួយដីនៅសេនដៃ ជាការរញ្ជួយខ្លាំងបំផុតមួយនៃសតវត្ស
ការរញ្ជួយដីថ្ងៃទី១១ មីនា នៅភាគឦសានប្រទេសជប៉ុនជាការរញ្ជួយដីខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ចាប់តាំងពី១៤០ឆ្នាំមកហើយ រួចក៏ជាការរញ្ជួយដីយ៉ាងសាហាវបំផុតមួយនៃសតវត្សដែរ ។ យោងតាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS ថា ការរញ្ជួយដីនេះមានកម្លាំងដល់ទៅ៨,៩រីស្ទ័រ ។
នេះជាការរញ្ជួយដីខ្លាំងជាងការរញ្ជួយដីនៅកានតូ មានកម្លាំង៧,៩រីស្ទ័រ ដែលបណ្តាលឱ្យមនុស្សស្លាប់១៤០.០០០នាក់ ក្នុងតំបន់ក្រុងតូក្យូ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ១៩២៣ ។ ក្នុងឆ្នាំ១៩៣៣ ការរញ្ជួយដីកម្លាំង៨,១រីស្ទ័រ បណ្តាលឱ្យមនុស្សស្លាប់ជាង៣.០០០នាក់ នៅឆ្នេរសមុទ្រភាគឦសានប្រទេសជប៉ុនដែរ ។ ក្នុងឆ្នាំ ១៩៩៥ ការរញ្ជួយដីនៅក្រុងកូបេ មានកម្លាំង៧,២រីស្ទ័រ បណ្តាលឱ្យមនុស្សស្លាប់ជាង៥.០០០នាក់ ហើយបង្កការខូចខាតដល់១០០ពាន់លានដុល្លារ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដែលញ៉ាំងឱ្យមានខូចខាតច្រើនបំផុតនៃប្រវត្តិសាស្ត្រ ៕

















ចែករំលែកព័តមាននេះ