ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៨នាក់ដែលមានបំណងឡើងភ្នំដងរែកស៊ីឈ្នួលកាប់ និងអូសឈើគ្រញូងឱ្យក្រុមឈ្មួញនៅចំណុចផែនទីលេខ V-A 2728 ក្នុងភូមិសាស្ត្រក្បាលអូរស្វាយ ភូមិ អូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ត្រូវកងកម្លាំងទាហានសឹករងស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងការិយាល័យទី២យោធភូមិភាគទី៤ឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៦ កុម្ភៈកន្លងទៅ ។
លោកវរសេនីយ៍ត្រីកែវ តាន់ អធិការនគរបាលស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង៨នាក់នេះ ក្រោយពីឃាត់ខ្លួនក៏បានប្រគល់មកឱ្យអធិការដ្ឋានស្រុកនាយប់ថ្ងៃដដែលនៅពេលធ្វើការសាកសួរត្រូវបានប្រាប់ថា ពួកគាត់មកពីខេត្តកំពង់ធំចំនួន៥នាក់ និងមកពីឃុំថ្លាត ស្រុកអន្លង់វែង ចំនួន៣នាក់ ដើម្បីស៊ីឈ្នួលគេឡើងទៅអូសឈើលើភ្នំ ។ ការនាំគ្នាស៊ីឈ្នួលផ្សងនឹងគ្រោះថ្នាក់នេះ ដោយសារតែពួកគាត់ពុំមានការងារធ្វើ ម្ល៉ោះហើយក៏សម្រេចចិត្តឡើងភ្នំដងរែកអូសឈើគ្រញូងឱ្យឈ្មួញ ដើម្បីយកលុយចិញ្ចឹមជីវិត ។
លោកអធិការបានបន្តទៀតថា ទោះបីជាប្រជាពលរដ្ឋទាំង៨នាក់និយាយបែបណាក៏ដោយ ក៏លោកបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។ ឯឈ្មោះឈ្មួញដែលជួលនោះក៏
មានការកត់ត្រាក្នុងកំណត់ហេតុផងដែរ តែថានឹងចាត់ការបែបណានោះអាស្រ័យទៅលើការសម្រេចចិត្តរបស់ថ្នាក់លើ ៕
ចែករំលែកព័តមាននេះ