រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវស្ត្រីអាមេរិកកាំងចាប់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ក្រោយពីស្ត្រីខ្មែររូបនោះធ្វើសកម្មភាពលួចយកកាបូបលុយនៅចំណុចកែងផ្លូវលេខ១០៨ និង១៣ ក្រោយផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ មីនា ហើយព្យាយាមរត់ ។
តាមប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីសង្ស័យលួចកាបូបលុយជនបរទេសនោះឈ្មោះសៅ ចាន់ណា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ១៧E2 ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ រីឯស្ត្រីអាមេរិកឈ្មោះ TEKESA KOCHEL អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ តាមស្ត្រី អាមេរិកបាននិយាយថា មុនពេលកើតហេតុគាត់រួមជាមួយប្តី និងមិត្តភក្តិបួននាក់ទៀតបានចូលក្នុងផ្សាររាត្រីរកទិញអីវ៉ាន់ហើយដើរចេញមកវិញក្នុងគោលបំណងទៅផ្ទះ លុះដើរដល់របងដែកកែងផ្លូវលេខ១០៨ និង១៣ សង្កាត់វត្តភ្នំ ក៏បានលើកកូនផ្លោះរបង ស្រាប់តែមានស្ត្រីខ្មែរម្នាក់បានមកលួចឆក់យកកាបូបស្ពាយបំរុងរត់គេចខ្លួន ប៉ុន្តែត្រូវបានប្តីគាត់ឃើញទាន់ដេញចាប់ស្ត្រីនោះប្រគល់ឱ្យនគរបាលប៉ុស្តិ៍វត្តភ្នំ។ ខណៈពេលឃាត់ខ្លួនស្ត្រីនោះ មិនឃើញមានកាបូបស្ពាយនោះទេ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចឆក់យកកាបូបស្ពាយរបស់ស្ត្រី អាមេរិកនៅក្រោយផ្សាររាត្រីមែន ប៉ុន្តែកាបូបនោះខ្លួនបានបោះចោលបន្ទាប់ពីត្រូវបុរសជាប្តីចាប់ ។ ស្ត្រីរូបនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ