ខេត្តកំពង់ធំ ៖ ស្ត្រីអតីតម្ចាស់ឡូត៍នេសាទលេខ៧ម្នាក់ត្រូវចោរឡើងទៅលើផ្ទះចូលក្នុងបន្ទប់លួចយកលុយដែលមានលុយអាមេរិក១៧.៥០០ដុល្លារ និងលុយខ្មែរ១៥លានរៀល កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ មីនា ២០១១ នៅចំណុចភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកសន្ទុកបានឱ្យដឹងថា កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២០ មីនា ២០១១ មានចោរឡើងលួចគាស់ហឹបយកលុយរាប់ម៉ឺនដុល្លារ គេចខ្លួនបាត់ស្រមោល ។ ម្ចាស់ផ្ទះឈ្មោះស៊ូ សុផេង ភេទស្រី និងជាអតីតម្ចាស់ឡូត៍នេសាទលេខ៧នៅក្នុងភូមិកើតហេតុ ។ ថៅកែឡូត៍នេសាទរូបនេះបានឱ្យដឹងថា ចោរយកអស់លុយចំនួន១៧.៥០០ដុល្លារ និង១៥លានរៀល ខណៈពេលគាត់មិននៅផ្ទះ ។ ទោះយ៉ាងណាព័ត៌មានលម្អិតអំពីករណីនេះពុំត្រូវបានគេបង្ហើបឱ្យបានច្បាស់លាស់នៅឡើយ ទេ ហើយសមត្ថកិច្ចនគរបាលកំពុងការរស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ៕
ចែករំលែកព័តមាននេះ