រាជធានីភ្នំពេញ ៖ បុគ្គលិកអង្គការតាប៊ីថា ខេមបូឌា ម្នាក់ត្រូវជនមិនស្គាល់មុខមានគ្នា២នាក់ចូលទៅឆក់ស្បោងលុយ៤ម៉ឺនដុល្លារ រួចហើយជិះម៉ូតូគេចខ្លួនទៅបាត់ ខណៈបុគ្គលិកម្នាក់នេះទើបវិលត្រឡប់មកពីបើកប្រាក់ពីធនាគារ ហើយចុះពីលើរថយន្តដែលសំចតនៅមុខទីស្នាក់ការអង្គការតាប៊ីថា ខេមបូឌា ស្ថិតនៅផ្ទះលេខ២៣៩ ផ្លូវលេខ៥១ កែងផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន វេលាម៉ោង១១និង២០នាទីថ្ងៃទី១១ មីនា ២០១១ ។
តាមប្រភពព័ត៌មានទាក់ទិននឹងអំពើឆក់ស្បោងលុយដុល្លារខាងលើនេះ ឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីឈ្មោះយី វណ្ណារី អាយុ៥១ឆ្នាំ បានជិះរថយន្តម៉ាកស្តារិច ពណ៌.ស ធ្វើដំណើរត្រឡប់មកពីបើកប្រាក់នៅធនាគារកម្ពុជាសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវភ្លោះវត្តភ្នំ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ចំនួន៥២.០០០ដុល្លារ ដើម្បីយកមកទិញសម្ភារផ្សេងៗផ្គត់ផ្គង់ក្នុងអង្គការទាំងមូល ។ ខណៈពេលមកដល់មុខស្នាក់ការអង្គការ ត្រូវជនមិនស្គាល់មុខម្នាក់ស្លៀកពាក់ស៊ីវិលដើរសំដៅមករករថយន្តរបស់គាត់ធ្វើដូចជាមនុស្សស្អាតបាតធម្មតា ។ ប៉ុន្តែខណៈពេលដែលស្ត្រីឈ្មោះយី វណ្ណារី បើកទ្វាររថយន្តចុះដី ដោយដៃយួរស្បោងប្រាក់ទើប បើកពីធនាគារផងនោះ ស្រាប់តែជនស៊ីវិលដែលដើរតម្រង់មករកគាត់ ស្ទុះឆក់កាបូបប្រាក់ពីដៃ ដោយថែមទាំងប្រតាយប្រតប់គ្នាបន្តិចផង…ពេលបានកាបូបប្រាក់ហើយចោរក៏រត់ឡើងម៉ូតូគ្នារបស់គេ ដែលបញ្ឆេះចាំជាស្រេចនោះគេចខ្លួនបាត់តែម្តង ។
សូមបញ្ជាក់ថា ប្រាក់នៅក្នុងកាបូបនោះ៤ម៉ឺនដុល្លារ ។ ដោយឡែកប្រាក់១២.០០០ដុល្លារ និងសៀវភៅធនាគារជ្រុះនៅកន្លែងកើតហេតុ ដូច្នេះមានន័យថា លុយទាំងអស់៥២.០០០ដុល្លារ ត្រូវចោរឆក់យកទៅបាត់អស់៤ម៉ឺនដុល្លារ ៕



ចែករំលែកព័តមាននេះ