ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ទីតាំង​​ចែក​ចាយ​គ្រឿងញៀន​​ក្នុង​ក្រុង​ព្រះ​សីហនុ

15 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ​១ សង្កាត់​លេខ​២ ក្រុង​-ខេត្ត​ព្រះ​សីហនុ ​ត្រូវ​កម្លាំង​អធិ​ការ​ដ្ឋាន​ក្រុង​​ព្រះសីហនុ សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់​ដែល​ដឹក​នាំ​​ដោយ​លោក​ជិន សារិន អភិ​បាល​ក្រុង​​ព្រះ​សីហនុ ​លោក​​យូ ទិត​វឌ្ឍ​នៈ ព្រះ​រាជ​​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ លោក​ម៉ាន់ តួ អធិ​ការ​ក្រុង​ព្រះ​​សីហនុ បាន​​ចុះ​ធ្វើ​ការ​បង្ក្រាប​យ៉ាង​​ក្តៅ​គគុក​កាល​ពី​វេលាម៉ោង​១៧​នា​ថ្ងៃ​ទី​២៩ មីនា កន្លង​មក។​

ក្នុង​​យុទ្ធ​នា​ការ​បង្ក្រាប​​ទីតាំង​ចែក​ចាយ​គ្រឿង​ ញៀន​​នេះ លោក​​ជិន​ សារិន ​អភិ​បាល​​ក្រុង​ព្រះ​សីហនុ ​បាន​ឱ្យ​ដឹង​ថា ​យុទ្ធ​នា​ការ​នៅ​ថ្ងៃ​នេះ​ យើង​​​ឃាត់​ខ្លួន​បាន​មនុស្ស​​ចំនួន​ម្នាក់​ ​ឈ្មោះ​​ង្ខៀង យ៉ាង​ធូ ភេទ​ប្រុស ​ជន​ជាតិ​វៀតណាម ​អាយុ​៣០​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ប្រទេស​វៀតណាម បច្ចុ​ប្បន្ន​​​ស្នាក់នៅ​ក្រុម​ទី​៣ ភូមិ​១ ស​ង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហនុ ។ ​ចំពោះ​វត្ថុ​តាង​យើង​បាន​រក​​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​​ម៉ាទឹកកក​ចំនួន​៥​កញ្ចប់​តូច ​ម្សៅ​ពណ៌​លឿង​ចំនួន​២​កញ្ចប់​តូច ដែក​​កេះ​សម្រាប់​​ជក់​​​ថ្នាំ​ញៀន​​ចំនួន​​៧​ថង់​តូចៗ​មួយ​ចំនួន ដប​១ ទូរស័ព្ទ​​១​គ្រឿង ម៉ាក V6-90 ប្រាក់​​ដុល្លារ​​ចំនួន​​៦​ដុល្លារ និង​១២.៧០០​​រៀល​ ។

លោក​​ជិន សារិន ​បន្ត​ថា លោក​នឹង​បន្ត​បង្ក្រាប​​ឱ្យ​អស់​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​​ដែល​មាន​​នៅ​លើ​​ទឹក​ដី​នៃ​តំបន់​ទេស​ចរណ៍​​​នេះ​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​អនុ​សាសន៍​ដ៏ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ​ការ​ចុះ​បង្ក្រាប​​នេះ​លោក​នឹង​ធ្វើ​ដូច​ភ្លៀង​រលឹម ដរាប​ណា​​លែង​មាន​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ ដ៏​ស្រស់​ផូ​រ​ផង់​នេះ​ទៀត​។

លោក​​ជិន សារិន​បន្ត​ទៀត​ថា ក្នុង​នាម​លោក​ជា​អភិ​បាល​​ក្រុង សុំធ្វើ​ការ​អំពាវ​នាវ​ដល់​​ប្រជា​ពល​រដ្ឋ​​ ជា​ពិសេស​ប្អូនៗ​យុវ​វ័យ​ទាំង​អស់​ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​គ្រឿង​ញៀន​​ សុំ​ភ្ញាក់​រលឹក​ឡើង​ បែរ​មក​​​ដើរ​តាមផ្លូវ​មួយ​ដ៏​ត្រឹម​ត្រូវ​ដែល​សង្គម​ជាតិ​ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​​កំពុង​ប្រតិ​បត្តិ។ សម្រាប់​​បុរស​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ជន​សង្ស័យ​​ចែក​ចាយ​គ្រឿងញៀន​ត្រូវ​សមត្ថ​កិច្ច​ប៉ូលិស​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​ដើម្បី​ផ្តន្ទា​ទោស​តាមច្បាប់៕