ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​​ពិភព​លោក​​គាំទ្រ​​ការ​ពង្រីក​​បណ្តាញ​​អគ្គិ​សនី​ជន​បទ

15 ឆ្នាំ មុន

គម្រោង​​អគ្គិ​សនី​ជន​បទ​​ និង​ខ្សែ​​បណ្តាញ​​បញ្ជូន​​ចរន្ត​ (RETP) កំពុង​អនុ​វ​ត្ត​​ក្នុង​គោល​បំណង​នាំ​យក​ថាម​ពល​អគ្គិ​សនី​​ដែល​ជឿ​ទុក​ចិត្ត​បាន​មាន​​បរិមាណ​​គ្រប់​គ្រាន់​ និង​ថាម​ពល​អគ្គិ​សនី​​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​​ជូន​ដល់​ប្រជា​​ជន​កម្ពុជា ។ អត្រា​អ្នក​មាន​អគ្គិ​សនី​​ប្រើ​ប្រាស់​​នៅ​កម្ពុជា​​មាន​កម្រិត​ទាប​បំផុត​​នៅ​ក្នុង​តំបន់ ហើយ​តម្លៃ​​វា​មាន​កម្រិត​ខ្ពស់​​​ណាស់ ។ ថាម​ពល​អគ្គិ​សនី​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ និង​ជឿ​ទុក​ចិត្ត​បាន​នឹង​ជួយ​លើក​កម្ពស់​កម្រិត​​ជីវ​​ភាព​រស់​នៅ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​កំណើន​សេដ្ឋ​កិច្ច​​កម្ពុជា​នៅ​ជន​បទ។

​គម្រោង RETP នេះ ​ជួយ​រដ្ឋា​ភិបាល​​ក្នុង​ការ​តភ្ជាប់​​ចរន្ត​ទៅ​ដល់​តំបន់​​ជន​បទ​នៃ​ប្រទេស​កម្ពុជា ដែល​​នេះ​ជា​ផ្អែក​មួយ​នៃ​យន្ត​ការ​​ដំបូង​បង្អស់​​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។ រដ្ឋា​ភិបាល​បាន​ដាក់​​ចេញ​គោល​ដៅ​ស្តី​ពី​ការ​តភ្ជាប់​​បណ្តាញ​​អគ្គិ​សនី​ជន​បទ​ថា ភូមិ​ទាំង​អស់​នឹង​​មាន​បណ្តាញ​អគ្គិ​សនី​នៅ​ឆ្នាំ​​២០២០ ហើយ​គ្រួសារ​ប្រមាណ​ជាង​៧០​ភាគ​រយ នឹង​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​នៅ​​ឆ្នាំ​២០៣០ ។ ​បច្ចុ​ប្បន្ន​​មាន​តែ​គ្រួសារ​​ប្រមាណ​ជា​២៦​ភាគ​រយ​ទេ មាន​អគ្គិ​សនី​ប្រើ​ប្រាស់ ។

ការ​ប្រឈម​ធំៗ​បី​នៃ​វិស័យ​ថាម​ពល​នៅ​ប្រទេស​កម្ពុជា រួម​មាន ១-​ការ​ផ្គត់​ផ្គង់​​អគ្គិ​សនី​មាន​តម្លៃ​​ខ្ពស់​ដោយ​សារ​ថាម​ពល​អគ្គិ​សនី បាន​មក​ពី​ការ​​ប្រើ​ប្រាស់​ប្រេង​ឥន្ធ​នៈ​​ដែល​មាន​តម្លៃ​ថ្លៃ​ក្នុង​ប្រភព​ផ្គត់​ផ្គង់​​ចម្រុះ​គ្នា ។ ២-អត្រា​អ្នក​មាន​​អគ្គិ​សនី​ប្រើ​ប្រាស់​ក្នុង​​ប្រទេស​នេះ​នៅ​កម្រិត​​ទាប​២៦​ភាគ​រយ ដែល​ក្នុង​នោះ​១៣​ភាគ​រយ​​នៅ​ជន​បទ ។ ៣-កង្វះ​​ការ​លើក​ទឹក​ចិត្ត​ ឬ​គោល​នយោ​បាយ​​ជាក់​លាក់​​របស់រដ្ឋា​ភិបាល​ក្នុង​ការ​ពង្រីក​ការ​​​តបណ្តាញ​​នៅ​ជន​បទ ដើម្បី​បង្កើន​ចំនួន​គ្រួសារ​ដែល​អាច​ប្រើ​ប្រាស់​អគ្គិ​សនី ។ លើស​ពី​នេះ​ទៀត សមត្ថ​​ភាព​នៅ​មាន​កម្រិត​របស់​អ្នក​ផ្តល់​​សេវា​នៃ​​វិស័យ​ឯក​ជន (ដែល​គេ​ឱ្យ​ឈ្មោះ​ថា សហ​គ្រាស​​អគ្គិ​សនី​ជន​បទ ឬ REEs) និង​តួនាទី​​តិច​តួច​​របស់​អគ្គិ​សនី​​កម្ពុជា ក្នុង​ការ​ពង្រីក​បណ្តាញ​ចែក​ចាយ​​ក្រៅ​ក្រុង​ភ្នំពេញ ​គឺជា​កត្តា​សំខាន់​ដែល​​នាំ​ឱ្យ​មាន​អត្រា​ទាប​នៃ​អ្នក​​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​នៅ​កម្ពុជា ។ ​កត្តា​ទាំង​នេះ និង​តម្លៃ​​ខ្ពស់​នៃ​ការ​ផលិត​អគ្គិ​សនី​បាន​ស្តែង​ចេញ​​ជា​លទ្ធ​ផល​​ធ្វើ​ឱ្យ​តម្លៃ​សេវា​អគ្គិ​សនី​ខ្ពស់ និង​មាន​ប្រើ​ប្រាស់​តិច​តួច​សម្រាប់​​គ្រួសារ​នៅ​ជន​បទ ។

ធនា​គារ​ពិភព​លោក ​​ភ្នាក់​ងារ​ជំនួយ​អន្តរ​ជាតិ​ប្រទេស​​អូស្ត្រាលី​ ធនា​គារ​អភិវឌ្ឍ​​ន៍​អាសីុ ​និង​ដៃ​គូ​អភិ​វឌ្ឍន៍​ដទៃ​ទៀត បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​វិធី​សាស្ត្រ​សហ​ប្រតិ​បត្តិ​ការ​មួយ​ឆ្ពោះ​ទៅ​រក​ការ​នាំ​យក​ថាម​ពល​ឱ្យ​បាន​គ្រប់​គ្រាន់​ដល់​គ្រួសារ​​នៅ​ជន​បទ ដើម្បី​ជំរុញ​ល្បឿន​​កំណើន​​សេដ្ឋ​កិច្ច ។ ការ​គាំទ្រ​​របស់​ធនា​គារ​ពិភព​លោក​ លើ​អគ្គិ​សនី​ជន​បទ​នៅ​កម្ពុជា គឺ​ផ្តោត​ទៅ​លើ​ការ​​​លើក​កម្ពស់​វិស័យ​ថាម​ពល ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន​ ការ​កាត់​បន្ថយ​តម្លៃ​​ប្រើ​ប្រាស់​​អគ្គិ​​សនី​​ ការ​លើក​សម្ពស់​កម្រិត​ជីវ​ភាព​រស់​នៅ និង​ការ​លើក​កម្ពស់​កំណើន​សេដ្ឋ​កិច្ច ។ ​ការ​ងារ​ទាំង​នេះ​គឺ​កំពុង​​តែ​សម្រេច​បាន​តាម​រយៈ​ការ​ពង្រីក​​បណ្តាញ​អគ្គិ​សនី​ជន​បទ និង​ការ​ផ្គត់​ផ្គង់​​ថាម​ពល​ផ្សេងៗ​ទៀត និង​ការ​ពង្រីក​ស្ថាប័ន​​​អគ្គិ​សនី ដោយ​បង្កើន​ក្រប​ខណ្ឌ​​និយ័ត​កម្ម (ក្រប​ខណ្ឌ​​ច្បាប់) និង​បរិ​យា​កាស​ដែល​អាច​​បង្ក​ឱ្យ​មាន​ការ​ធ្វើ​ពាណិជ្ជ​កម្ម​វិស័យ​ថាម​ពល ។ ធនា​គារ​​ពិភព​លោក​​ក៏​កំពុង​​តែ​គាំទ្រ​​​រដ្ឋា​ភិបាល​​ផង​ដែរ ​ក្នុង​ការ​ដោះ​ស្រាយ​​ឧបសគ្គ​​​នានា​ដែល​រារាំង​ដល់​​ការ​​អភិ​វឌ្ឍ​ថាម​ពល​​កកើត​ឡើង​វិញ ។ ​ទាំង​នេះ​​​រួម​បញ្ចូល​ទាំង​ការ​​ប្រឈម​ទាក់​ទង​នឹង​ការ​ខ្វះ​ខាត​​​ក្រប​ខណ្ឌ​​គោល​នយោ​បាយ ហិរញ្ញ​វត្ថុ ព័ត៌​មាន និង​សមត្ថ​ភាព​ស្ថាប័ន ។

លទ្ធ​ផល​សម្រេច​បាន​ដែល​ធនា​គារ​​ពិភព​លោក​​​គាំទ្រ ​គឺ ៖

-ខ្សែ​បណ្តាញ​​តង់​​ស្យុង​ខ្ពស់​១១៥​គីឡូ​វ៉ុល ​មាន​ប្រវែង​២៣​គីឡូ​ម៉ែត្រ ​បាន​សាង​សង់​​នៅ​ក្នុង​​ និង​ជុំ​វិញ​ក្រុង​ភ្នំពេញ ​ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​បន្ថែម​ និង​លើក​កម្ពស់​​គុណ​​ភាព និង​ភាព​ទុក​ចិត្ត​​បាន​ចំពោះ​ការ​ផ្គត់​ផ្គង់​​ថាម​ពល​អគ្គិ​សនី​ ។
-ស្ថានីយ​​ចែក​ចាយ​អគ្គិ​សនី​បន្ត​ចំនួន​៣​ត្រូវ​បាន​កែ​លំអ​ឱ្យ​ប្រសើរ​ឡើង និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​តាំងពី​ខែ​សីហា ឆ្នាំ​២០០៩ ។
-ខ្សែ​​បណ្តាញ​​តង់​ស្យុង​មធ្យម​​ប្រវែង​៥៦០​គីឡូ​ម៉ែត្រ និង​ខ្សែ​បណ្តាញ​​តង់​ស្យុង​ទាប​ប្រវែង​​២៧៨​គីឡូ​ម៉ែត្រ ត្រូវ​បាន​សាង​សង់​​ដើម្បី​​ពង្រីក​ការ​ផ្គង់​ផ្គង់​​ទៅ​ដល់​តំបន់​ជន​បទ ។
-ក្នុង​ចំនួន​៥០.០០០​គ្រួសារ​គោល​ដៅ​​ក្រោម​គម្រោង​ខ្សែ​បណ្តាញ​​ផ្គង់​ផ្គង់​​មាន​គ្រួសារ​ថ្មី​ប្រហែល​៣០.៤០០​គ្រួសារ​​ បាន​ត្រូវ​​ភ្ជាប់​​បណ្តាញ​រួច​ហើយ ។
-គ្រួសារ​ចំនួន​ប្រហែល​៤២.៤០០០​ក្នុង​ចំណោម​គ្រួសារ​​គោល​ដៅ​​ចំនួន​៥០.០០០​​ក្រោម​ការ​ពង្រីក​ខ្សែ​បណ្តាញ​​ផ្គត់​ផ្គង់​​ក្រៅ​ប្រព័ន្ធ​នៃ​មូល​និធិ​អគ្គិ​សនី​ជន​បទ​ត្រូវ​បាន​តភ្ជាប់​​រួច​រាល់​ហើយ។
-សហ​គ្រាស​​អគ្គិសនី​​ជន​បទ​ចំនួន​ប្រមាណ​២៦៨ បាន​ទទួល​​អាជ្ញា​ប័ន​ដើម្បី​ប្រតិ​​បត្តិ​ការ​​ និង​ពង្រីក​ខ្សែ​បណ្តាញ​ផ្គង់​ផ្គង់​ក្រៅ​ប្រព័ន្ធ​​នៅ​ទូទាំង​ប្រទេស ។
-គ្រប់​​ជំនួយ​បច្ចេក​ទេស​ទាំង​​អស់ (សម្រាប់​ពង្រឹង​ក្រប​ខណ្ឌ​និយ័ត​កម្ម​នៃ​វិស័យ​នេះ) ​ដល់​អាជ្ញា​ធរ​អគ្គិ​សនី​​ជាតិ​កម្ពុជា ត្រូវ​បាន​​ផ្តល់​រួច​រាល់​ហើយ ​ខណៈ​ដែល​ជំនួយ​ដល់​អគ្គិ​សនី​កម្ពុជា និង​​មូល​និធិ​អគ្គិ​សនី​​ជន​បទ​​កំពុង​តែ​អនុ​វត្ត​បន្ត។

សម្រាប់​​គម្រោង​អគ្គិ​សនី​ជន​បទ និង​ខ្សែ​​បណ្តាញ​បញ្ជូន​ចរន្ត (RETP) ធនា​គារ​ពិភព​លោក​ បាន​ផ្តល់​ថវិកា​ជំនួយ​​ឥត​សំណង​​ចំនួន​៤០​លាន​ដុល្លារ​អាមេ​រិក ។ បន្ថែម​លើ​គម្រោង​​ RETP នេះ ធនា​គារ​ពិភព​លោក​​បាន​គាំទ្រ​​គម្រោង​​ពាណិជ្ជ​កម្ម​​ថាម​ពល​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេ​គង្គ (GMSRPTP) ដែល​មាន​ទឹក​​ប្រាក់​១៨,៥​លាន​ដុល្លារ​អាមេ​រិក ។ ​គម្រោង​នេះ​​នឹង​ទាញ​​យក​អគ្គិ​សនី​​ពី​ប្រទេស​ឡាវ​មក​ខេត្ត​ស្ទឹង​ត្រែង ​ហើយ​នឹង​ផ្គត់​ផ្គង់​​ដល់​មជ្ឈ​មណ្ឌល​​កណ្តាល​នៅ​ភ្នំពេញ ​នៅ​​ពេល​ដែល​ខ្សែ​បញ្ជូន​​ចរន្ត​សម្រាប់​គាំទ្រ​​នេះ​ត្រូវបាន​សាង​សង់​រួច ។

គម្រោង​​អគ្គិ​សនី​ជន​បទ និង​ខ្សែ​បណ្តាញ​​​បញ្ជូន​​ចរន្ត (RETP) មាន​ការ​ចូល​រួម​ពី​​ធនា​គារ​ពិភព​លោក​ ធនា​គារ​អភិ​វឌ្ឍន៍​​អាស៊ី ភ្នាក់ងារ​​ជំនួយ​អន្តរ​ជាតិ​ប្រទេស​អូស្ត្រាលី និង​ដៃ​គូ​​អភិ​វឌ្ឍន៍​​ដទៃ​ទៀត ។ ជោគ​ជ័យ​​ពេល​​អនាគត​ជា​មួយ​នឹង​​គម្រោង​​អគ្គិ​សនី​ជន​បទ និង​បណ្តាញ​​បញ្ជូន​ចរន្ត​​ (RETP) នេះ នឹង​​អាស្រ័យ​​ទៅ​លើ​លទ្ធ​ភាព​របស់​រដ្ឋា​ភិបាល​​​ក្នុង​ការ​ដាក់​បញ្ចូល​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ឆ្ពោះ​​ទៅ​​លើ​អគ្គិ​សនី​​ជន​បទ​តាម​រយៈ​​ការ​ផ្តល់​មធ្យោ​បាយ​​ដោយ​អគ្គិ​សនី​​កម្ពុជា និង​មូល​និធិ​អគ្គិ​សនី​ជន​បទ​លើ​ការ​​ពង្រីក​ទាំង​​ខ្សែ​​បណ្តាញ​ផ្គត់​ផ្គង់​ និង​ខ្សែ​បណ្តាញ​ផ្គត់​ផ្គង់​​ក្រៅ​ប្រព័ន្ធ ។ ដើម្បី​សម្រេច​​បាន​គោល​​ដៅ​ទាំង​នេះ ទាំង​បរិយា​កាស​ដែល​អាច​ប្រតិ​បត្តិ​ការ​ទៅ​បាន និង​កម្រិត​នៃ​ការ​មាន​អគ្គិ​សនី​​គ្រប់​គ្រាន់​ គឺ​ជា​ការ​​ចាំ​បាច់​​សម្រាប់​ឱ្យ​មាន​ការ​ចូល​រួម​ពី​​វិស័យ​​ឯក​ជន​ក្នុង​ការ​អភិ​វឌ្ឍ​អគ្គិ​សនី​ជន​បទ​នៅ​កម្ពុជា ៕