ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នក​មុជទឹក​ខំ​ពុះពារ​មុជ​ឱ្យ​ដល់​បំណែក​យន្តហោះ​នៅ​បាតសមុទ្រ

9 ឆ្នាំ មុន

ពួក​អ្នក​មុជទឹក​ក្រុម​ពិសេស​របស់​កង​ម៉ា​រី​ន​ឥណ្ឌូ​ណេ​ស៊ី បាន​ខិតខំ​ពុះពារ​ទល់​នឹង​ចរន្តទឹក​កាច និង​រលក​កាលពី​ថ្ងៃ​ទី​៨ មក​រា ក្នុង​សមុទ្រ​កោះ​ជ្វា ដើម្បី​មុជ​ឱ្យ​ដល់​បំណែក​យន្តហោះ AIR ASIA

ពួក​អ្នក​មុជទឹក​ក្រុម​ពិសេស​របស់​កង​ម៉ា​រី​ន​ឥណ្ឌូ​ណេ​ស៊ី បាន​ខិតខំ​ពុះពារ​ទល់​នឹង​ចរន្តទឹក​កាច និង​រលក​កាលពី​ថ្ងៃ​ទី​៨ មក​រា ក្នុង​សមុទ្រ​កោះ​ជ្វា ដើម្បី​មុជ​ឱ្យ​ដល់​បំណែក​យន្តហោះ AIR ASIA ដែល​ធ្លាក់​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ក្នុង​ក្តី​សង្ឃឹម​រក​ឃើញ​ប្រអប់​ខ្មៅ​របស់​យន្តហោះ ។

ក្នុង​ថ្ងៃ​ទី​១២ នៃ​ការ​រុករក​ក្រោយ​ការ​ធ្លាក់​យន្តហោះ​នេះ ដែល​មាន​មនុស្ស​ជិត​១៦២​នាក់ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​ឥណ្ឌូ​ណេ​ស៊ី​ជាមួយ​ជំនួយ​របស់​ប្រទេស​ឯទៀត​ៗ​ត្រូវ​រារាំង​ជា​ថ្មី ដោយ​លក្ខខណ្ឌ​ឧតុនិយម ។ ទោះបីជា​យ៉ាងណា ពួក​អ្នក​មុជទឹក​ពុះពារ​ចុះ​ទៅ​ដល់​បំណែក​កន្ទុយ​យន្តហោះ ក៏​ប៉ុន្តែ​ការ​មើលឃើញ​បាន​ត្រឹម​ប្រវែង​១​ម៉ែត្រ​ប៉ុណ្ណោះ ។ ដូច្នេះ​ពួក​គេ​គ្រាន់តែ​ទាញ​យក​បំណែក​ផ្សេង​ៗ​ប៉ុណ្ណោះ ។ ពេល​សមុទ្រ​ស្ងប់ស្ងាត់​បន្តិច ពួក​គេ​នឹង​មុជ​ចុះ​ទៀត ដើម្បី​កំណត់​ថា តើ​ប្រអប់​ខ្មៅ​ស្ថិត​នៅ​កន្ទុយ​យន្តហោះ ឬ​ត្រូវ​របូត​ចេញពី​កន្ទុយ​នោះ ។

ពួក​អ្នកជំនាញ​ការ​បាន​ត្រៀម​រួច​ហើយ​ប្រើ​ដង​ស្ទូច​ដើម្បី​ស្ទូច​ស្រង់​បណ្តា​បំណែក​យន្តហោះ​ដែល​នៅ​បាតសមុទ្រ​ជម្រៅ​ប្រមាណ​ជា​៣០​ម៉ែត្រ ។ អាទិភាព​ដទៃ​ៗ​ទៀត​គឺ​តាម​រក​ជន​រង​គ្រោះ ។ ពុំ​មាន​សាកសព​មនុស្ស​ថ្មី​ណា​ម្នាក់​ត្រូវ​បាន​ស្រង់​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ទី​៨ មក​រា ដោយ​សាកសព​សរុប​ដែល​រក​ឃើញ​មាន​៤០​នាក់ ៕